ជាតិ
ក្រសួងកំពុងបណ្ដុះធនធានមនុស្ស បង្កើតប្រព័ន្ធទិន្នន័យ និងច្បាប់ថ្មី ដើម្បីប្រែទៅជាសង្គមឌីជីថល
08, Aug 2022 , 9:59 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្រី្តក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបពីក្រសួង MPT
លោក ជា វ៉ាន់ដេត រដ្ឋមន្រី្តក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបពីក្រសួង MPT
ភ្នំពេញ៖ ក្រសួងប្រៃសណយ៍ និងទូរគមនាគមន៍ កំពុងរៀបចំបណ្ដុះបណ្ដាលមន្រី្តថ្នាក់ជាតិ ក្រោមជាតិ និងពលរដ្ឋ រួមទាំងប្រព័ន្ធគ្រប់គ្រងទិន្នន័យ និងបទបញ្ញាត្តិច្បាប់ថ្មីៗ ដើម្បីឲ្យកម្ពុជាវិវត្តន៍ជាសង្គមសេដ្ឋកិច្ចឌីជីថល។ គោលដៅនេះ ធ្វើឡើតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។

 
លោក ជា វ៉ាន់ដេត រដ្ឋមន្រី្តក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា លេខាធិការនៅបណ្ដាក្រសួងដទៃ ប្រមាណ៣០រូប ក្នុងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នឹងរៀបចំបដិវត្តកម្មឌីជីថលតាមក្រសួងរបស់ពួកគេ។ 
 
កន្លងមកក្រសួងបានដាក់ឲ្យប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងបញ្ជីសាពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ,ប្រព័ន្ធគ្រប់គ្រងព័ត៌មានផ្ទៃក្នុងក្រសួង, ប្រព័ន្ធគ្រប់គ្រងព័ត៌មានជំនាំញ និងវគ្គបណ្ដុះបណ្ដាលមន្រី្ត និងប្រព័ន្ធចុះបញ្ជីសេវាសាធារណៈឌីជីថលជាដើម។ ដោយឡែកប្រព័ន្ធមួយចំនួនទៀត កំពុងរៀបចំ និងគ្រោងដាក់ឲ្យដំណើរការ រួមមាន ប្រព័ន្ធគ្រប់គ្រងព័ត៌មានអ្នកប្រើប្រាស់ទូរស័ព្ទដៃ ,ប្រព័ន្ធមនុស្សយន្តបដិសណ្ឋារកិច្ចជាភាសាខ្មែរ និងពង្រីកថ្នាលម៉ាស៊ីនមេ និងធ្វើប្រសើរនូវមជ្ឈមណ្ឌលទិន្នន័យ.ល.។ 
 
បើតាមលោក ជា វ៉ាន់ដេត ការកែទម្រង់ប្រព័ន្ធរដ្ឋបាលនៅតាមបណ្ដាក្រសួងជាបន្តបន្ទាប់នេះ ដើម្បីជំរុញប្រសិទ្ធភាពការងារ។ រដ្ឋមន្រី្តក្រសួងប្រៃសណីយ៍ បានបញ្ជាក់បន្ថែមថា៖ «បើប្រព័ន្ធទាំងនេះ រៀបចំរួចរាល់ក្រសួងនឹងប្រែទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងកិច្ចការរបស់ខ្លួន ធ្វើឲ្យក្រសួងធ្វើការប្រកបដោយប្រសិទ្ធភាពខ្ពស់ លឿន និងសន្សំថវិកាចំណាយជាប្រចាំ»។ 
លោក ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា គម្រោងប្រព័ន្ធចុះឈ្មោះដែនជាតិ .Kh នឹងជួយកៀរគរចំណូលចូលក្នុងថវិការដ្ឋ ប្រមាណ១០លានដុល្លារក្នុងមួយឆ្នាំៗ។ 
 
គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ បានផ្ដោតយុទ្ធសាស្រ្តសំខាន់ៗចំនួន១០ រួមទាំងសកម្មភាពជាង៨០ ជាអាទិភាព ដើម្បីកែទម្រង់ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលទៅជាប្រព័ន្ធឌីជីថល។ សម្រាប់ការអនុវត្តគោលនយោបាយនេះ រដ្ឋាភិបាលកំពុងរៀបចំបង្កើត ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលក្នុងនោះមាន គណៈកម្មាធិការរដ្ឋាភិបាលឌីជិថល គណៈក្មាធិលការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងគណៈកម្មាធិការសន្តិសុខឌីជីថល។ 
 
ក្នុងសន្និសីទសារព័ត៌មានស្ដីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំឡើងនាថ្ងៃទី៤សីហា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍លើកឡើងថា គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលមានខាងក្រសួងប្រៃសនីយ៍ជាប្រធាន​ ហើយខាងរដ្ឋលេខាធិការពីក្រសួងផ្សេងទៀតប្រមាណ៣០រូប នឹងធ្វើជាអនុប្រធាន និងសមាជិក។ 
 
លោក ជា វ៉ាន់ដេត បានពន្យល់ថា៖ «រដ្ឋលេខាធិការទាំងអស់នេះ ជាអ្នកអនុវត្តគោលនយោបាយរដ្ឋាភិបាលនៅតាមក្រសួងរៀងៗខ្លួន អ្នកធ្វើបដិវត្តកម្មឌីជីថលនៅតាមក្រសួង  ហើយនៅក្រោមរដ្ឋលេខាធិការនីមួយៗនេះ មានអង្គភាពបដិវត្តកម្មឌីជីថល ដើម្បីធ្វើឲ្យក្រសួងនោះក្លាយជាក្រសួងឌីជីថលឬបដិវត្តកម្មឌីជីថលឲ្យបានជោគជ័យ»។ 
 
រដ្ឋមន្រី្តបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងកំពុងរៀប គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដាក់ស្នើឲ្យសម្ដេច ហ៊ុន សែន សម្រេច។ បន្ទាប់ពីរដ្ឋសម្រេចហើយ ក្រសួងប្រៃសណីយ៍នឹងរៀបចំបណ្ដុះបណ្ដាលរដ្ឋលេខាធិការខាងលើនេះ ឲ្យចេះធ្វើការនិងយល់ទម្រង់នៃប្រព័ន្ធឌីជីថល ដែលត្រូវប្រើប្រាស់ ដើម្បីធ្វើជាបង្គោលដល់អង្គភាពឌីជីថល ដែលមានក្រោមក្រសួង។ 
 
ទន្ទឹមនឹងនេះ មន្រី្តថ្នាក់ជាតិនិងថ្នាក់ក្រោមជាមួយចំនួន នឹងទទួលបានការបណ្ដុះបណ្ដាល ពីបច្ចេកទេសជំនាញ ដើម្បីយល់ដឹងពីការវិវឌ្ឍនៃបច្ចេកទេសឌីជីថល។ ស្របពេលជាមួយគ្នាដែរ រដ្ឋាភិបាលនឹងព្យាយាមពង្រីកប្រព័ន្ធសេវាអ៊ីនធឺណិត ទូរស័ព្ទ ដល់តំបន់ជនបទ និងបញ្ជា្របការយល់ដល់ពលរដ្ឋផងដែរ។ 
 
បង្កើតបទបញ្ញត្តិ​ និងចងក្រងច្បាប់ថ្មីៗបន្ថែម ដើម្បីគ្រប់គ្រង់សណ្ដាប់ធ្នាប់និងសន្តិសុខ ក្នុងសង្គមឌីជីថល
 
ដើម្បីឈានមួយជំហានម្ដងៗ ទៅសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល ជំហានដំបូងគឺបង្កើតគោលនយោបាយ ហើយច្បាប់ អនុក្រឹត្យ និងប្រកាសមួយចំនួន។ នេះជាលើកឡើងរបស់រដ្ឋមន្រី្តក្រសួងប្រៃសណីយ៍ លោក ជា វ៉ាន់ដេត ដែលបានបន្ថែមថា គោនយោបាយដែលកំពុងរៀបចំ មានគោលនយោបាយវិស័យប្រៃសណីយ៍ និងគោលនយោបាយបច្ចេវិទ្យា ទូរគមនាគមន៍ និងព័ត៌មាន។ ចំណែកច្បាប់ កំពុងបង្កើត មានច្បាប់ប្រៃសណីយ៍ ហើយវិសោធនកម្មទូរគមនាគមន៍ ដើម្បីបញ្ជូនប្រព័ន្ធបច្ចេវិទ្យានិងព័ត៌មាន។ 
 
បើតាមរដ្ឋមន្រ្តីដដែល កម្ពុជាកំពុងរៀបចំច្បាប់សន្តិសុខនៃប្រព័ន្ធអ៊ីធឺណិត (cyber security) ខណៈសព្វថ្ងៃមានកម្រិតទាបក្នុងការការពារសុខសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធឺណិត។ «ការបង្កើតច្បាប់នីមួយឡើង​គឺត្រូវការពេលវេលាច្រើន យ៉ាងតិចបំផុតត្រូវការពេលមួយឆ្នាំកន្លះ។ ទន្ទឹមនឹងនេះ មានច្បាប់ជាច្រើនទៀត ដែលគ្រោងនឹងបង្កើត រួមមាន ច្បាប់ការពារទិន្នន័យបុគ្គល និងច្បាប់រដ្ឋាភិបាលឌីជីថល»។ នេះបើតាមលោក វ៉ាន់ដេត។ 
 
ក្រៅពីនេះ ក៏មានអនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិ ,អនុក្រឹត្យស្ដីពីការគ្រប់គ្រង់និងការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថល ,អនុក្រឹត្យស្ដីពីការគ្រប់គ្រងឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត ,អនុក្រឹត្យស្ដីពីការរៀបចំការគ្រប់គ្រង និងការបែងចែកវិសាលគគមន៍ហ្រ្វេកង់វិទ្យុ ,អនុក្រឹត្យស្ដីពីការគ្រប់គ្រង ការសាងសង់ និងការប្រើបាស់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួម , អនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសក្នុងវិស័យទូរគមនាគមន៍។ រីឯ ប្រកាសវិញ មានប្រកាសស្ដីពីគុណភាពសេវាទូរគមនាគមន៍ ,ប្រកាសស្ដីពីស្ដង់ដារគ្រឿងសម្ភារៈវិទ្យុគមនាគមន៍ ,ប្រកាសសម្រាប់អនុក្រឹត្យស្ដីពីច្រកទ្វារអ៊ីនធឺណិតជាតិ ,ប្រកាសរបស់ក្រសួងនិងអន្តរក្រសួង ពាក់ព័ន្ធមួយចំនួនទៀត៕ 
 

Tag:
 បដិវត្តឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com