ជាតិ
អាស៊ាន
កម្ពុជាប្តេជ្ញាធ្វើការជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀង RCEP ដោយប្រសិទ្ធភាព
08, Aug 2022 , 6:46 pm        
រូបភាព
សម្តេច ហ៊ុន សែន អានសារលិខិតរបស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូ ក្នុងទិវារម្លឹកខួប៥៥ឆ្នាំនៃការបង្កើតអាស៊ាន នៅថ្ងៃទី៨ សីហា ២០២២។ រូបភាពពី SPM ។
សម្តេច ហ៊ុន សែន អានសារលិខិតរបស់ខ្លួន តាមរយៈប្រព័ន្ធវីដេអូ ក្នុងទិវារម្លឹកខួប៥៥ឆ្នាំនៃការបង្កើតអាស៊ាន នៅថ្ងៃទី៨ សីហា ២០២២។ រូបភាពពី SPM ។
ដោយ៖ ធន់ សេងហុង
ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ សម្តេច ហ៊ុន សែន បានប្ដេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលជាសមាជិក RCEP ដើម្បីជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាព។



កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ពិតជាមានសារៈសំខាន់នៅក្នុងការផ្លាស់ប្តូរទំនិញ ផលិតកសិកម្ម និងឧស្សាហកម្ម ដែលជាផ្នែកមួយ លើកកម្ពស់សន្តិសុខស្បៀងនៅតាមបណ្តាប្រទេសមួយចំនួន ដែលរងផលប៉ះពាល់ខ្លាំងពីវិបត្តិកូវីដ-១៩។ 
 
ថ្លែងអបអរទិវាអាស៊ានលើកទី ៥៥ សម្តច ហ៊ុន សែន បានលើកឡើងថា ការអនុវត្តកិច្ចព្រមព្រៀង RCEP នៅតែជាអាទិភាពដ៏សំខាន់មួយ ដែលជំរុញស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាត ព្រមទាំងបង្កើតការងារយ៉ាងច្រើន ។ ជាពិសេសពង្រឹងដល់ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោកទាំងមូល។ 
 
ប្រធានអាស៊ានរូបនេះ ក៏ធ្លាប់លើកឡើងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ពីបំណង​ដែលកម្ពុជាចង់ធ្វើជាម្ចាស់ផ្ទះលេខាធិការដ្ឋានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់ (RCEP) ដោយបានកំណត់ទីតាំងសម្រាប់លេខាធិការដ្ឋាននេះ នៅរាជធានីភ្នំពេញ ។ 
 
សម្តេច ហ៊ុន សែន បញ្ជាក់ថា ៖ «ខ្ញុំសង្ឃឹមថា កម្ពុជា អាចទទួលបានការគាំទ្រពីប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាប្រទេសសមាជិកផ្សេងទៀត នៃកិច្ចព្រមព្រៀងRCEP នៅពេលដែលកម្ពុជាដាក់សំណើនេះ ជាផ្លូវការ»។ 
 
RCEP គឺជាកិច្ចព្រមពៀងពាណិជ្ជកម្មសេរីក្នុងតំបន់ ដែលមានប្រទេសចំនួន១៥ចូលរួម ។ ក្នុងនោះមានប្រទេសទាំង១០របស់អាស៊ាន រួមជាមួយ ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ក្រោយពី RCEP ចូលជាធរមាន នៅថ្ងៃទី១មករា ឆ្នាំ២០២២ កម្ពុជាក៏ដូចប្រទេសទាំង១៤ទៀត គឺមានសិទ្ធិស្មើគ្នាក្នុងការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសណា ដែលមានសក្កានុពល។ 
 
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងកាត់បន្ថយរបាំងពន្ធគយ ឱ្យបាន៩០ភាគរយលើផលិតផលកសិកម្ម និងឧស្សាហកម្ម និងជំរុញឱ្យមានការវិនិយោគដោយផ្ទាល់ពីបរទេស ជាពិសេស ពីប្រទេសអ្នកមានដែលជាសមាជិកក្នុងកិច្ចព្រមព្រៀងនេះ។
 
សម្រាប់កម្ពុជា ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនៅក្នុងកិច្ចព្រមព្រៀងដោះដូរពាណិជ្ជកម្មសេរីមួយនេះ គឺជាការបើកទូលាយទីផ្សារនាំចេញរបស់កម្ពុជា ដោយបន្ថែមពីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ។ 
 
សូមជម្រាបថា កម្ពុជានាំទំនិញទៅប្រទេសចំនួន​១៤ ដែលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP បានជិត៣,៣ពាន់លានដុល្លារ នៅក្នុងឆមាសទី១នេះ​។ ទំហំនៃការនាំចេញរបស់កម្ពុជានេះ កើនឡើងក្នុងអត្រា ១០ភាគរយ បើធៀបនឹងគ្រាដូចគ្នា ឆ្នាំ២០២១។ នេះបើយោងតាមរបាយការណណ៍របស់ក្រសួងពាណិជ្ជកម្ម៕ 
 

Tag:
 RCEP
© រក្សាសិទ្ធិដោយ thmeythmey.com