ជាតិ
ខ្សាច់ហៀរពេញផ្លូវ និងភាពអសកម្មនានា នាំឲ្យអាជ្ញាធរភ្នំពេញឈានដល់បិទដេប៉ូខ្សាច់៤ទីតាំង
08, Aug 2022 , 6:41 pm        
រូបភាព
កងកម្លាំងអាជ្ញាធរកាយខ្សាច់ចេញពីផ្លូវជាតិលេខ២។ រូបថត ក្រសួងព័ត៌មាន
កងកម្លាំងអាជ្ញាធរកាយខ្សាច់ចេញពីផ្លូវជាតិលេខ២។ រូបថត ក្រសួងព័ត៌មាន
ដោយ: ថ្មីៗ
ដេប៉ូខ្សាច់៤ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះបិទ តាមបទបញ្ជារប់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ទី៨ ខែសីហា។ បើតាមការផ្សាយរបស់វិទ្យុជាតិកម្ពុជា ការសម្រេចនេះ គឺដោយសារម្ចាស់អាជីវកម្មមិនអនុវត្តតាមណែនាំរបស់អាជ្ញាធរ ហើយបង្កឲ្យមានភាពអសកម្មជាច្រើន។

 
បើតាមលោក ស៊ុយ សេរិទ្ធ អភិបាលរាជធានីភ្នំពេញ ទីតាំងខាងលើមិនអនុវត្តតាមការណែនាំ ដោយធ្វើឲ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកការធ្វើដំណើរបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូ ជាដើម។
 
 

លោកអភិបាលរាជធានី បានអះអាងថា អាជ្ញាធរមិនទុកឲ្យដេប៉ូខ្សាច់ទាំងនោះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតឡើត ហើយរាល់រចនាសម្ព័ន្ធ ដែលខូចខាតដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ម៉ែត្រនិងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែកើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូនិងផ្លូវ។
 
វិទ្យុជាតិកម្ពុជា បានផ្សាយឲ្យដឹងថា បណ្តោយផ្លូវជាតិលេខ២នេះ មានទីតាំងដេប៉ូខ្សាច់ចំនួន៦ ហើយ៤ទីតាំងត្រូវបានបិទទាំងស្រុងនោះ ត្រូវបានអាជ្ញាធរណែនាំច្រើនលើកហើយដូចជាការណែនាំឲ្យមានម៉ាស៊ីនលេងកង់រថយន្ត និងដឹកខ្សាច់នៅពេលយប់ ប៉ុន្តែនៅតែអនុវត្តមិនបានល្អ ទើបឈានដល់ការសម្រេចបិទទាំងស្រុង៕
 

© រក្សាសិទ្ធិដោយ thmeythmey.com