អន្តរជាតិ
លោក ប្រាយុទ្ធ ថា ទុកឱ្យតុលាការធម្មនុញ្ញថៃ សម្រេចអាណត្តិនាយករដ្ឋមន្រ្តីរបស់លោកចុះ លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបភាព៖ AFP
× នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៨ ខែសីហា បានលើកឡើងជាថ្មីថា តុលាការធម្មនុញ្ញថៃ នឹងសម្រេចថាតើនៅពេលណា ដែលលោកត្រូវឈានដល់អាណត្តិរយៈពេល ៨ឆ្នាំ។ ពេលនេះ វាមានការជជែកដេញដោល ជុំវិញការផុតអាណត្តិរបស់លោកប្រាយុទ្ធ។
តាមមាត្រា ១៥៨ នៃរដ្ឋធម្មនុញ្ញថៃ អ្នកនយោបាយ អាចកាន់តំណែងជានាយករដ្ឋមន្រ្តីថៃត្រឹម ៨ឆ្នាំប៉ុណ្ណោះ។ ទាក់ទិននឹងបញ្ហានេះ បក្ស Pheu Thai នឹងដាក់ពាក្យបណ្តឹងទៅតុលាការធម្មនុញ្ញត្រឹមថ្ងៃទី១៧ ខែសីហា ដើម្បីចេញសេចក្តីសម្រេច ថាតើលោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ អាចដល់អាណត្តិរយៈពេល ៨ឆ្នាំ ត្រឹមថ្ងៃទី២៤ ខែសីហា ឬយ៉ាងណា។
ទាក់ទិននឹងបញ្ហានេះ លោកប្រាយុទ្ធ បានឆ្លើយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៨ ខែសីហាថា៖ «ខ្ញុំធ្លាប់និយាយហើយ នេះជាបញ្ហារបស់តុលាការធម្មនុញ្ញ»។ ការអះអាងរបស់ប្រមុខរដ្ឋាភិបាលថៃនេះ ធ្វើឡើងបន្ទាប់ពីលោកធ្វើជាប្រធាននៃកិច្ចប្រជុំដើម្បីរៀបចំជំនួបកំពូលវេទិកាសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនឹងរៀបចំនៅខែវិច្ចិកាខាងមុខ។
បន្ថែមពីនេះ លោកប្រាយុទ្ធក៏បានអំពាវនាវឱ្យក្រុមទាំងអស់កុំធ្វើសកម្មភាពអ្វីប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសផង មុននឹងដើរចាកចេញ។
មេដឹកនាំបក្ស Pheu Thai នៅសប្តាហ៍មុន បានអះអាងថា អាណត្តិរបស់លោកប្រាយុទ្ធ នឹងត្រូវផុតត្រឹមថ្ងៃទី២៤ ខែសីហា ដោយសារលោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាជាតិសម្រាប់សណ្តាប់ធ្នាប់ និងសន្តិភាព បន្ទាប់ពីរដ្ឋប្រហារនៅក្នុងឆ្នាំ២០១៤។
ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា អាណត្តិរបស់លោកប្រាយុទ្ធ ចាប់ផ្តើមនៅឆ្នាំ២០១៤ លោកនឹងត្រូវចុះចេញពីតំណែងនៅថ្ងៃទី២៤ ខែសីហា ខាងមុខ។
យ៉ាងណាមិញ ក្រុមអ្នកច្បាប់នៃសភាតំណាងរាស្រ្ត បានអះអាងថា លោកប្រាយុទ្ធនឹងផុតអាណត្តិនៅឆ្នាំ ២០២៧ ដោយសារលោកត្រូវបានព្រះមហាក្សត្រតែងតាំងជានាយករដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០១៩ ដោយផ្អែកតាមរដ្ឋធម្មនុញ្ញឆ្នាំ២០១៧។ យ៉ាងណាមិញ វាមានមតិផ្សេងទៀតថា លោកប្រាយុទ្ធនឹងផុតអាណត្តិនៅឆ្នាំ២០២៥ បើផ្អែកលើអាណត្តិរបស់លោកប្រាយុទ្ធ បន្ទាប់ពីរដ្ឋធម្មនុញ្ញ ត្រូវបានអនុម័តនៅក្នុងឆ្នាំ២០១៧។
សូមបញ្ជាក់ថា នាយករដ្ឋមន្រ្តីថៃ អាចកាន់តំណែងបានរយៈពេល ពីរអាណត្តិ ដោយមួយអាណត្តិមានរយៈពេល ៤ឆ្នាំ។ ប្រសិនបើតុលាការសម្រេចអាណត្តិចាប់ផ្តើមនៅឆ្នាំ២០១៩ លោកប្រាយុទ្ធអាចកាន់តំណែងជានាយករដ្ឋមន្រ្តីរហូតដល់ឆ្នាំ២០២៧។ អាណត្តិទីមួយប្រមុខរដ្ឋាភិបាលថៃរូបនេះ នឹងផុតនៅឆ្នាំ២០២៣ ខាងមុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com