អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ទៅចិនដើម្បីជម្រះមន្ទិលក្នុងទំនាក់ទំនងទ្វេភាគី
08, Aug 2022 , 11:58 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន និងកូរ៉េខាងត្បូងចាប់គ្នាមុនជំនួបនៅឥណ្ឌូណេស៊ី។ រូបថតក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន និងកូរ៉េខាងត្បូងចាប់គ្នាមុនជំនួបនៅឥណ្ឌូណេស៊ី។ រូបថតក្រសួងការបរទេសចិន
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង ផាក ជីន ទៅទស្សនកិច្ចលើកដំបូងនៅចិននាថ្ងៃទី៨ ខែសីហា ខណៈ​រដ្ឋាភិបាលកូរ៉េខាងត្បូងចង់ជម្រះមន្ទិលមួយចំនួនក្នុងទំនាក់ទំនងទ្វេភាគី និងជំរុញកិច្ចសហប្រតិ​បត្តិការជាមួយក្រុងប៉េកាំង។ កូរ៉េខាងត្បូងចង់ស្ដារទំនាក់ទំនងការទូតជាមួយចិន បើទោះ​ខ្លួន​ជា​សម្ពន្ធ​មិត្តរឹងមាំជាមួយអាម៉េរិក។

 
ក្នុងទស្សនកិច្ចបីថ្ងៃនៅចិនដែលចាប់ផ្ដើមពីថ្ងៃទី៨ ខែសីហា ប្រមុខការទូតកូរ៉េខាងត្បូង លោក ផាក ជីន ត្រូវជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ចិន វ៉ាង យី នៅទីក្រុងកំពង់ផែឈីងតាវ។ លោក ផាក ជាមន្ត្រីជាន់ខ្ពស់ដំបូងគេដែលបានធ្វើទស្សនកិច្ចទៅចិនចាប់តាំងពី​ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង យូន សុកយ៉ល ចូលកាន់តំណែងកាលពីខែឧសភា។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង នៅចិន​នេះធ្វើឡើងដើម្បីកាត់បន្ថយ​បញ្ហាយល់ច្រលំរវាងគ្នាមួយចំនួន និងជំរុញកិច្ចសហ​ប្រតិបត្តិការ​ក្នុង​វិស័យនានារួមទាំង​ពាណិជ្ជកម្ម សុខភាព និងបរិស្ថាន។ លោក ផាក នឹង​ជួប​ប្រមុខកា​រទូត​ចិ​ន​នៅថ្ងៃ​ទី​៩ ខែសីហា។ 
 
«តាមរយៈកិច្ចពិភាក្សាកម្រិតខ្ពស់បែបយុទ្ធសាស្ត្រ យើងអាចយល់ពីគ្នាទៅវិញទៅមកកាន់​តែច្បាស់ អាចកាត់បន្ថយការយល់ច្រឡំដែលមិនចាំបាច់ និងពង្រីកផលប្រយោជន៍រួម»។ លោក ផាក បានអះអាងបែបនេះក្នុងសន្និសីទសារព័ត៌មានមួយមុនចាកចេញពីសេអ៊ូល។
 
ជំនួបទីក្រុងឈីងតាវធ្វើឡើងក្រោយរដ្ឋាភិបាលក្រុងប៉េកាំងព្រមានកូរ៉េខាងត្បូងពីការចូល​ជាសមាជិកវេទិកាសេដ្ឋកិច្ចនៅអាស៊ីគាំទ្រដោយអាម៉េរិក ដែលត្រូវបានគេជឿថា ជាវេទិកាមាន​គោលបំណងប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពលរបស់ទីក្រុងប៉េកាំងតាមរយៈខ្សែច្រវាក់ផ្គត់​ផ្គង់ពិភពលោក។ 
 
ឯរដ្ឋបាលកូរ៉េខាងត្បូងរបស់លោក យូន ក៏ប្រកាន់ជំហរប្រឆាំងបំណងចិនដែលជំរុញឱ្យ​កូរ៉េខាងត្បូង​បន្តប្រកាន់គោល​នយោបាយ «បីមិន» របស់រដ្ឋាភិបាលចាស់មាន​មិនដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល (THAAD) បន្ថែម និងមិនចូលរួមប្រព័ន្ធការពារ​មីស៊ីលក្នុងតំបន់ដែលដឹកនាំដោយអាម៉េរិក ហើយមិនមានសម្ព័ន្ធភាពត្រីភាគីជាមួយអាម៉េរិក និងជប៉ុន។ 
 
យ៉ាងណាមិញ ប៉ុន្មានម៉ោងមុនការចាកចេញរបស់ លោក ផាក ទៅចិន រដ្ឋាភិបាលកូរ៉េខាងត្បូងបា​នសម្រេច​ចិត្តចូលរួមក្នុងសម្ព័ន្ធភាពបន្ទះឈីបដឹកនាំដោយអាម៉េរិក (Chip 4) ហើយមានជប៉ុន និងតៃវ៉ាន់ចូលរួមផងដែរ។ យ៉ាងណាមិញ ចិនប្រឆាំង​ដាច់ខាតជាមួយ​កូរ៉េខាងត្បូង​ដែលចូលរួម​ក្រុម​សម្ព័ន្ធមិត្តនេះ៕ 
 

Tag:
 កូរ៉េខាងត្បូង
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com