អន្តរជាតិ
ចិនប្រកាសធ្វើសមយុទ្ធយោធាជាថ្មីជុំវិញកោះតៃវ៉ាន់ ខណៈក្រុងតៃប៉ិធ្វើសមយុទ្ធបាញ់គ្រាប់ពិត
× មួយថ្ងៃក្រោយគ្រោងបញ្ចប់សមយុទ្ធដ៏ធំបំផុតក្នុងការតវ៉ាប្រឆាំងនឹងដំណើរទស្សនកិច្ចប្រធានសភាតំណាងអាម៉េរិក ណាន់ស៊ី ផេឡូស៊ី យោធាចិននៅថ្ងៃទី៨ ខែសីហា បានប្រកាសពីការធ្វើសមយុទ្ធយោធាជាថ្មីម្ដងទៀតនៅក្បែរសមុទ្រ និងដែនអាកាសកោះតៃវ៉ាន់។ ស្របពេលជាមួយគ្នានេះ ក្រុងតៃប៉ិក៏បានប្រកាសថា យោធារបស់ខ្លួន ចាប់ផ្ដើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងសប្ដាហ៍នេះនៅភាគខាងត្បូងប្រទេស។
បើតាមការប្រកាសរបស់ទីបញ្ជាការយោធាភូមិភាគខាងកើតរបស់ចិន ការធ្វើសមយុទ្ធយោធាជាថ្មី ផ្ដោតលើប្រតិបត្តិការប្រឆាំងនឹងនាវាមុជទឹក និងការវាយប្រហារតាមសមុទ្រ។ សមយុទ្ធនេះក៏នឹងត្រូវ ធ្វើឡើងនៅតំបន់ជុំវិញដែនទឹក និងដែនអាកាសតៃវ៉ាន់ផងដែរ ដែលការណ៍នេះត្រូវមើលឃើញថា ជាការបន្តរក្សាដាក់សម្ពាធលើក្រុងតៃប៉ិបន្ថែមទៀត។
ទាក់ទងសមយុទ្ធនេះ នៅថ្ងៃទី៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានបញ្ជាក់ថា សមយុទ្ធយោធាដែលបានធ្វើឡើងកាលពីសប្ដាហ៍មុនជុំវិញកោះតៃវ៉ាន់គឺជាការ ធ្វើសមយុទ្ធធម្មតាមួយក្នុងទឹកដីរបស់ខ្លួនដែលប្រកបដោយការបើកចំហ តម្លាភាព និងវិជ្ជាជីវៈ។ លោក Wang ក៏សង្កត់ធ្ងន់ថា កោះតៃវ៉ាន់គឺជាផ្នែកមួយរបស់ចិន ហើយការធ្វើសមយុទ្ធនេះ ស្របតាមច្បាប់ក្នុងស្រុក និងអន្តរជាតិ។
ខណៈដែលចិនបន្តសម្ញែងអានុភាពយោធា តៃវ៉ាន់ឯណោះក៏មិនស្ងៀមដែរ។ នៅថ្ងៃទី៩ ខែសីហា យោធាតៃវ៉ាន់ ក៏ធ្វើសមយុទ្ធបាញ់គ្រាបពិតក្នុងសេណារីយ៉ូការពារខ្លួនប្រឆាំងការឈ្លានពាន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP ។ មន្ត្រីយោធាតៃវ៉ាន់អះអាងថា កងកម្លាំងតៃប៉ិនឹងធ្វើសមយុទ្ធប្រឆាំងការឡើងគោកនៅតំបន់ភាគខាងត្បូង Pingtung នៅថ្ងៃទី៩ និងថ្ងៃទី១១ ខែសីហា។
សមយុទ្ធរបស់តៃវ៉ាន់ នឹងរួមមានទ័ពរាប់រយនាក់ និងការប្រើប្រាស់កាំភ្លើងធំ howitzer ចំនួន ៤០ គ្រឿង។ បើតាមមន្រ្តីតៃវ៉ាន់ សមយុទ្ធមួយនេះ ត្រូវបានគ្រោងទុកធ្វើយូរមកហើយ ហើយ នេះមិនមែនជាការឆ្លើយតបនឹងសមយុទ្ធយោធារបស់ក្រុងប៉េកាំងនោះទេ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី បានបង្កភាពតានតឹងយ៉ាងខ្លាំងរវាងក្រុងតៃប៉ិ និងក្រុងប៉េកាំងដល់កម្រិតមួយដែលគួរឱ្យបារម្ភ។ អំឡុងសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់កាលពីសប្ដាហ៍មុន ចិនបានសាកល្បងបាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួន១១ដើម ហើយក៏មានការសាកល្បងយន្តហោះចម្បាំង ដ្រូន និងនាវាចម្បាំងដ៏សម្បើមផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com