អន្តរជាតិ
កូរ៉េខាងត្បូង៖ ៧នាក់ស្លាប់និង៦នាក់បានបាត់ខ្លួនក្នុងការធ្លាក់ភ្លៀងខ្លាំងបំផុតក្នុងពេល៨០ឆ្នាំ
09, Aug 2022 , 10:59 am        
រូបភាព
បុរសម្នាក់កំពុងដើរកាត់ទឹកក្នុងរដ្ឋធានីសេអ៊ូល។ រូបថត AFP
បុរសម្នាក់កំពុងដើរកាត់ទឹកក្នុងរដ្ឋធានីសេអ៊ូល។ រូបថត AFP
ភ្លៀងធ្លាក់ដ៏ខ្លាំងបំផុតក្នុងរយៈពេល៨០ឆ្នាំ នៅយប់ថ្ងៃទី៨ ខែសីហា បានជន់លិចរដ្ឋធានីសេអ៊ូល និង​តំបន់ជុំវិញ ដែលបណ្ដាលឱ្យមនុស្ស៧នាក់ស្លាប់ និង៦នាក់ផ្សេងទៀតបានកំពុងបាត់ខ្លួន។ ផ្ទះសម្បែង​មួយចំនួន, រថយន្ត, អគារ និងស្ថានីយ៍រថភ្លើងក្រោមដីមួយចំនួន ក៏បានជន់លិចផងដែរ។

 
ផ្នែកមួយចំនួននៅទីក្រុងសេអ៊ូល ទីក្រុង Incheon និងខេត្ត Gyeonggi ដែលស្ថិត​នៅជិត​ទីក្រុង​សេអ៊ូល ត្រូវបានរងភ្លៀងធ្លាក់ខ្លាំងក្នុងយប់ថ្ងៃទី៨ ខែសីហា។ កម្រិតទឹកភ្លៀងធ្លាក់មានប្រមាណ១០០ មីលីម៉ែត្រក្នុងមួយម៉ោង។ សង្កាត់ Dongjak ដែលស្ថិតនៅក្រុងស៊េអូលមានភ្លៀងធ្លាក់រហូតលើសពី ១៤១,៥មីលីម៉ែត្រក្នុងមួយម៉ោងឯណោះ។ នេះជាការការធ្លាក់ភ្លៀងជោគជាំ​លើកទីមួយ​ហើយ​តាំង​ពី​ឆ្នាំ១៩៤២។
 
​គិតត្រឹមម៉ោង៦ព្រឹកនៅកូរ៉េខាងត្បូង ការធ្លាក់ភ្លៀងធ្លាក់នេះ បណ្ដាលឱ្យមនុស្សចំនួន៥នាក់ បានស្លាប់ និង៤នាក់បានបាត់ខ្លួននៅទីក្រុងស៊េអូល ខណៈនៅខេត្ត Gyeonggi មនុស្ស២នាក់ បានស្លាប់ និង​២​នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ហើយមនុស្ស៩នាក់ទៀតបានរងរបួស។ នៅសេអ៊ូល ប្រជាជន១០៧​គ្រួសារ ត្រូវជម្លៀសទៅជ្រកកោននៅតាមសាលារៀន និងកន្លែងសាធារណៈផ្សេងៗ។ ក្រុមអគ្គិភ័យ ក៏​បានជួយសង្គ្រោះមនុស្សចំនួន៨៨នាក់ពីទឹកជន់លិចក្នុងទីក្រុង Gyeonggi និងតំបន់​ផ្សេង​ទៀត។
 
ជាមួយកម្រិតភ្លៀងធ្លាក់ខ្លាំង ទឹកភ្លៀងក៏បានជន់លិច​ផ្ទះសម្បែងមួយចំនួន, យាន្តជំនិះ, អគារ និង​ស្ថានីយ៍រថភ្លើងក្រោមដី។ ទីតាំងសាធារណៈជាច្រើនបានផ្អាកដំណើរការដូចជាផ្លូវរថភ្លើងចំនួន៨ កន្លែងក្នុងទីក្រុងសេអ៊ូល ក្រុងIncheon និងកន្លែងផ្សេងទៀត។ ក្រសួង​មហាផ្ទៃកូរ៉េខាងត្បូងក៏​បាន​ដំឡើង​កម្រិតហានិភ័យនៃភ្លៀងធ្លាក់នេះពីការ​ប្រកាស​អាសន្នទៅជាស្ថានការណ៍ធ្ងន់ធ្ងរនៅ​ម៉ោង១ ព្រឹក​ថ្ងៃ​ទី៩ ខែសីហា។
 
ត្រឹមម៉ោង៦ព្រឹក តំបន់ភាគកណ្តាល និងតំបន់ផ្សេងទៀតរបស់ប្រទេស កំពុងមានភ្លៀងធ្លាក់រហូតដល់​៥០មីលីម៉ែត្រក្នុងមួយម៉ោង៕
 
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com