អន្តរជាតិ
រដ្ឋមន្ត្រីអប់រំកូរ៉េខាងត្បូង សុំលាលែងពីតំណែង ក្រោយរងការរិះគន់លើផែនការបន្ទាបអាយុចូលរៀន លោកស្រី Park Soon-ae ថ្លែងទៅកាន់អ្នកសារព័ត៌មាន។ រូបថត Korea Joongang Daily
×
ដោយ៖ ហ៊ួយ ស៊ីវលី
រដ្ឋមន្ត្រីអប់រំកូរ៉េខាងត្បូង Park Soon-ae ប្រកាសលាលែងពីតំណែងរបស់ខ្លួននៅថ្ងៃទី៨ ខែសីហា ដើម្បីទទួលខុសត្រូវចំពោះគោលនយោបាយវិស័យអប់រំមិនបានល្អ ពិសេសផែនការបន្ទាបអាយុចូលរៀនថ្នាក់បឋមសិក្សា។ លោកស្រី Park ទើបកាន់តំណែងនេះជាង៣០ថ្ងៃប៉ុណ្ណោះ។
ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៨ ខែសីហា រដ្ឋមន្ត្រីអប់រំកូរ៉េខាងត្បូង លោកស្រី Park Soon-ae សុំចុះចេញពីតំណែងបន្ទាប់ពីមានការមិនពេញចិត្តពីសាធារណជនលើសំណើបន្ថយអាយុចូលរៀនសម្រាប់សិស្សបឋមសិក្សា។
កាលពីរសប្ដាហ៍មុន ក្រសួងអប់រំកូរ៉េខាងត្បូង ប្រកាសផែនការបន្ថយអាយុពី៦ឆ្នាំមក៥ឆ្នាំវិញសម្រាប់ការសិក្សាថ្នាក់បឋមដោយចាប់ផ្តើមនៅដើមឆ្នាំ២០២៥ ប្រសិនបើទទួលបានការគាំទ្រជាសាធារណៈ។ ផែនការនេះមានគោលបំណងពង្រីកកម្លាំងពលកម្ម ដោយចង់ឱ្យប្រជាជនបញ្ចប់ការអប់រំអោយបានលឿនជាងមុន។
យ៉ាងណាមិញ ឪពុកម្តាយសិស្ស និងគ្រូបង្រៀននៅកូរ៉េខាងត្បូង ចេញមុខប្រឆាំង និងបានធ្វើបាតុកម្មនៅមុខការិយាល័យប្រធានាធិបតីកាលពីសប្តាហ៍មុន។ ពួកគេអះអាងថា កុមារតូចៗបែបនេះមិនទាន់មានលក្ខណៈត្រៀមខ្លួនរួចរាល់ឡើយ ហើយការផ្លាស់ប្តូរបែបនេះនឹងបង្កើនការលំបាកដល់ពួកគេក្នុងការស្វែងរកសេវាថែទាំកុមារថែមទៀត។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap។
“ខ្ញុំទទួលខុសត្រូវចំពោះភាពចម្រូងចម្រាស់ទាំងអស់ រួមទាំងការរៀបចំប្រព័ន្ធសាលារៀនឡើងវិញ ហើយវាជាកំហុសរបស់ខ្ញុំទាំងអស់។ ខ្ញុំសូមជូនពរឱ្យកូនៗបស់យើងនៅកូរ៉េខាងត្បូងមានអនាគតកាន់តែប្រសើរឡើង។”លោកស្រីបានប្រាប់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានខាងលើ
ប្រសិនបើប្រធានាធិបតី យូន ស៊កយ៉ល ទទួលយកការលាលែងពីតំណែង លោកស្រី Park នោះលោកស្រីនឹងក្លាយជារដ្ឋមន្ត្រីដំបូងគេដែលលាលែងពីតំណែង។ លោកស្រីក៏ជាឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការសង្គមដែរ។
បញ្ហាក្នុងវិស័យអប់រំនេះ ជារឿងចម្រូងចម្រាសមួយរបស់រដ្ឋាភិបាលសព្វថ្ងៃ ដែលទើបកាន់តំណែងកាលពីខែឧសភាប៉ុណ្ណោះ។ ប្រជាប្រិយភាពរបស់លោក យូន ក៏បន្តធ្លាក់ចុះខ្លាំងជុំវិញគោលនយោបាយដែលមិនសមស្រប និងការតែងតាំងមន្រ្តីដែលមានរឿងអាស្រូវជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com