អន្តរជាតិ
ថៃ និងចិននឹងចាប់ផ្ដើមសមយុទ្ធទ័ពអាកាសរួមគ្នាឡើងវិញ ក្រោយផ្អាកដោយសារជំងឺកូវីដ-១៩
× ថៃ និងចិន នឹងរៀបចំសមយុទ្ធកងទ័ពអាកាសរួមគ្នាឡើងវិញនៅចុងខែសីហានេះ បន្ទាប់ពីបានផ្អាកពីរឆ្នាំដោយសារការរាលដាលជំងឺកូវីដ-១៩។ នេះបើតាមការប្រកាសរបស់កងទ័ពថៃនៅថ្ងៃទី៨ ខែសីហា។
សមយុទ្ធយោធាប្រចាំឆ្នាំ «Falcon Strike» រវាងកងកម្លាំងទ័ពអាកាសថៃ និងចិន នឹងត្រូវធ្វើឡើងរយៈពេល១១ថ្ងៃចាប់ពី ថ្ងៃទី១៤ ខែសីហា នៅមូលដ្ឋានទ័ពអាកាសរបស់ថៃដែលស្ថិតនៅភាគឦសានប្រទេស។ មូលដ្ឋានទ័ពនេះ ជាអតីតមូលដ្ឋានទ័ពអាម៉េរិកក្នុងសម័យសង្គ្រាមវៀតណាម។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដែលស្រង់ប្រភពយោធាថៃ ថៃនឹងមិនដាក់ពង្រាយយន្តហោះចម្បាំង F-16 របស់ខ្លួនក្នុងសមយុទ្ធជាមួយចិនទេ ប៉ុន្តែនឹងប្រើប្រាស់យន្តហោះចម្បាំង Saab (SAABb.ST) JAS-39 Gripen ក៏ដូចជាយន្តហោះវាយប្រហារធុនស្រាល Alpha Jet ដែលផលិតដោយអាល្លឺម៉ង់។
ចំពោះចិនវិញ មិនទាន់មានការបញ្ជាក់ពីប្រភេទយន្តហោះដែលត្រូវប្រើឡើយ។
គួរបញ្ជាក់ថា ថៃជាសម្ព័ន្ធមិត្តចាស់បំផុតរបស់អាម៉េរិកនៅតំបន់អាស៊ី ប៉ុន្តែទំនាក់ទំនងនេះ មានភាពស្មុគស្មាញដោយរដ្ឋប្រហារយោធាឆ្នាំ២០១៤។ ថៃបានព្យាយាមពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយចិន ហើយបានបញ្ជាទិញអាវុធជាច្រើនផងដែរ។
កងទ័ពអាកាសថៃ បំពាក់ដោយអាវុធទំនើបៗជាច្រើន និងជាកងទ័ពមានសមត្ថភាពខ្ពស់មួយនៅក្នុងតំបន់ ដោយប្រើប្រាស់សព្វាវុធរបស់អាម៉េរិក។ ប្រទេសនេះ ក៏កំពុងស្វែងរកទិញយន្តហោះចម្បាំង F-35 ពីក្រុមហ៊ុនអាម៉េរិក Lockheed Martin ដើម្បីជំនួសយន្តហោះចម្បាំង F-16 ចាស់ៗមួយចំនួនទៀតផង៕
© រក្សាសិទ្ធិដោយ thmeythmey.com