អន្តរជាតិ
បង់ក្លាដែស ស្នើចិនជួយធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទៅមីយ៉ាន់ម៉ាវិញ
09, Aug 2022 , 3:03 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ជាមួយសមភាគីបង់ក្លាដែស លោក AK Abdul Momen។ រូបភាព៖ Xinhua
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ជាមួយសមភាគីបង់ក្លាដែស លោក AK Abdul Momen។ រូបភាព៖ Xinhua
ដោយ:
បង់ក្លាដែស នៅថ្ងៃទី៧ ខែសីហា បានស្វះស្វែងរកកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រឡប់ទៅមីយ៉ាន់ម៉ាវិញ។ ក្នុងអំឡុងទស្សនកិច្ចនៅរដ្ឋធានីដាក្កា រដ្ឋមន្រ្តីការបរទេសចិន លោក​ វ៉ាង យី បានសន្យាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ និងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅរដ្ឋអាស៊ីខាងត្បូងមួយនេះ។

 
គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានភៀសខ្លួនទៅបង់ក្លាដែសជិត ១ លាននាក់ហើយ ចាប់តាំងឆ្នាំ២០១៧ ដែលមានការវាយប្រហារ និងអំពើហិង្សានៅរដ្ឋរ៉ាឃីន។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ចិនធ្លាប់ជាអន្តរការីលើកិច្ចព្រមព្រៀងមាតុភូមិនិវត្តន៍ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។ យ៉ាងណាមិញ ជនភៀសខ្លួនទាំងនោះ បានបដិសេដមិនព្រមទៅវិញ ដោយភ័យខ្លាចទទួលរងការធ្វើទុកបុកម្នេញជាថ្មី។
 
ទាក់ទងរឿងនេះ រដ្ឋមន្រ្តីការបរទេសចិន លោក​ វ៉ាង យី ដែលទៅដល់ក្រុងដាក្កា នៅថ្ងៃទី៦ ខែសីហា បានជួបពិភាក្សាជាមួយសមភាគីបង់ក្លាដែស លោក AK Abdul Momen។ អនុរដ្ឋមន្រ្តីការបរទេសបង់ក្លាដែស លោក Shahriar Alam អះអាងថា ក្រុងប៉េកាំងនៅថ្ងៃទី៧ ខែសីហា បានសន្យាគាំទ្របង់ក្លាដែសក្នុងការបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ទៅមីយ៉ាន់ម៉ាវិញ។
 
«រដ្ឋមន្រ្តីការបរទេសរបស់យើង បានបញ្ជាក់ជាថ្មីថា កិច្ចសហប្រតិបត្តិការបស់ចិន គឺចាំបាច់»។ លោក Alam បានអះអាងបែបនេះ។
 
ទន្ទឹមនេះ អគ្គរដ្ឋទូតបង់ក្លាដែសប្រចាំក្រុងប៉េកាំង លោក Munshi Faiz Ahmad ប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា បញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅបង់ក្លាដែសត្រូវការការជួយជ្រោមជ្រែងពីចិន ដើម្បីដោះស្រាយ ហើយទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី។ 
 
អនុរដ្ឋមន្រ្តីបង់ក្លាដែស បានបន្ថែមផងថា រដ្ឋមន្រ្តីការបរទេសចិនក៏បានយល់ព្រមអនុញ្ញាតឱ្យបង់ក្លាដែសនាំទំនិញចូលទៅទីផ្សារចិនដោយមិនបាច់បង់ពន្ធពី ៩៧ភាគរយ ទៅ ៩៨ភាគរយលើទំនិញ និងសេវាកម្មទាំងអស់របស់បង់ក្លាដែស។
 
បង់ក្លាដែស និងចិននៅថ្ងៃទី៧ ខែសីហា ក៏បានចុះហត្ថលេខាបន្តកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់ចំនួនបួនដែរស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរវប្បធម៌៕
 

Tag:
 ចិន
  បង់ក្លាដែស
© រក្សាសិទ្ធិដោយ thmeythmey.com