ជាតិ
សង្គមជាតិ
លោក សៅ សុខា បញ្ជាឲ្យឃាត់កងកម្លាំងពាក់ព័ន្ធទាំងអស់ទុកម្តុំសិន ក្នុងករណីបណ្តាលឲ្យបុរសម្នាក់ស្លាប់
09, Aug 2022 , 3:12 pm        
រូបភាព
លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែងក្នុងពិធីមួយនាពេលកន្លងមក (រូបពីវីដេអូរបស់កងរាជអាវុធហត្ថ) និង បុរស ដែលត្រូវអះអាងថា បាត់បង់ជីវិត ពេលកម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបបទល្មើសមួយកន្លែង នៅខេត្តកំពង់ធំ (រូបពីគណនីហ្វេសប៊ុក Nearadey Din)
លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ថ្លែងក្នុងពិធីមួយនាពេលកន្លងមក (រូបពីវីដេអូរបស់កងរាជអាវុធហត្ថ) និង បុរស ដែលត្រូវអះអាងថា បាត់បង់ជីវិត ពេលកម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបបទល្មើសមួយកន្លែង នៅខេត្តកំពង់ធំ (រូបពីគណនីហ្វេសប៊ុក Nearadey Din)
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចេញបញ្ជាបន្ទាន់ឲ្យឃាត់កងរាជអាវុធហត្ថទាំងអស់ទុកនៅម្តុំសិន ចំពោះកងរាជអាវុធហត្ថ ដែលពាក់ព័ន្ធនឹងការចុះធ្វើប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់តាមអនឡាញមួយកន្លែង ក្នុងខេត្តកំពង់ធំ រហូតបណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត។ លោក បានប្រាប់ឲ្យមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយក្រុមការងារ ដែលត្រូវបានចាត់តាំងពីថ្នាក់លើទៅ ដើម្បីស្រាវជ្រាវរកឲ្យឃើញការពិតក្នុងករណីនេះ ថា អ្នកណាជាអ្នកខុស។



បញ្ជារបស់លោក សៅ សុខា ធ្វើឡើងតាមរយៈសារជាសំឡេង ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ ក្នុងការចេញបញ្ជានេះ លោកនាយឧត្តមសេនីយ៍ និយាយដោយសំឡេងខ្លាំងៗ ច្បាស់ៗ និងមានលក្ខណៈម៉ឺងម៉ាត់។ លោក សង្កត់ធ្ងន់ថា លោក មិនអាចបណ្តែតបណ្តោយ និងអត់ឱនឲ្យកងរាជអាវុធហត្ថណា ដែលប្រើហិង្សាលើប្រជាពលរដ្ឋរហូតដល់បាត់បង់ជីវិតក្នុងករណីនេះឡើយ។

«ឥឡូវ ចំពោះមុខ ខ្ញុំ សូមឲ្យឃាត់ខ្លួនទាំងអស់ ដែលមានការពាក់ព័ន្ធទុកម្តុំសិន រង់ចាំការស្រាវជ្រាវ ហើយបើការស្រាវជ្រាវរកឃើញថា អ្នកដែលស្លាប់ ស្លាប់ដោយសារទារុណកម្មរបស់កងរាជអាវុធហត្ថ បុគ្គលណាប្រព្រឹត្ត គឺត្រូវតែកសាងសំណុំរឿង អនុវត្តច្បាប់ចំពោះបុគ្គលនោះ ដោយគ្មានការយោគយល់ទេ»។ នេះជាបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោក បន្តថា ក្នុងឋានៈលោកជាអ្នកទទួលខុសត្រូវ លោក ត្រូវតែចេញបញ្ជាចាត់វិធានការលើរឿងនេះជាមុន ដោយពុំចាំបាច់ទាល់តែសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីការពារជាតិ ឬលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ចេញបញ្ជាដាក់លោកនោះទេ។

ករណីបុរសខាងលើបាត់បង់ជីវិតក្នុងប្រតិបត្តិការរបស់កងរាជអាវុធហត្ថ ដែលចុះបង្ក្រាបល្បែងជល់មាន់តាមអនឡាញ កើតឡើងនៅភូមិរូង ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុកថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលរបាយការណ៍ពីលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ជុំវិញការឃាត់ខ្លួនជនសង្ស័យ៤នាក់ ដែលលេងល្បែងជល់មាន់តាមអនឡាញ ដោយក្នុងនោះ ក៏មានបុរសឈ្មោះ សួង ឌ័ន ដែរ។ 

បើតាមអ្នកនាំពាក្យរូបនេះ ពេលត្រូវបានបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បុរសឈ្មោះ សួង ឌ័ន បាននិយាយនៅតាមផ្លូវថា មិនស្រួលខ្លួន ស្របពេលនោះ គាត់ មានអាការៈស្លេកស្លាំង ដកដង្ហើមកាន់តែញាប់ ហើយកម្លាំងកងរាជអាវុធហត្ថ បានជួយធ្វើចលនាបេះដូង និងនាំទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលដល់មន្ទីរពេទ្យ គាត់ បានស្លាប់បាត់បង់ជីវិត។

នារីម្នាក់ ដែលអះអាងថា ជាកូនរបស់បុរសជាជនរងគ្រោះ បានផ្សព្វផ្សាយលើគណនីហ្វេសប៊ុកថា ពេលនោះ ឪពុករបស់នាង មកពីប្រជុំ តែចៃដន្យមេឃភ្លៀង គាត់ ក៏បានចូលជ្រកនៅតូបកាហ្វេមួយកន្លែង។ នាង រៀបរាប់ពីហេតុការណ៍ថា មិនយូរប៉ុន្មាន ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថចុះទៅ ហើយចាប់ឪពុករបស់នាងសង្កត់ត្រង់ក រហូតគាត់ដកដង្ហើមមិនចេញ។

នាង បន្តថា បន្ទាប់មក ឪពុករបស់នាង ដែលមានវ័យ៤៧ឆ្នាំ បានផុតដង្ហើមនៅលើរថយន្ត។ នាង សរសេរដូច្នេះថា៖«អនុវត្ដច្បាប់ តែគ្មានការទទួលខុសត្រូវ អយុត្តិធម៍ណាស់សម្រាប់គ្រួសារខ្ញុំ ជួយរកយុត្តិធម៍ឲ្យខ្ញុំផង។ [ឪពុកខ្ញុំ] គាត់ ជាមនុស្សស្លូតត្រង់ ស្រឡាញ់គោរពអ្នកភូមិ អ្នកណា ក៏ស្រឡាញ់ចូលចិត្តគាត់គ្រប់គ្នា គាត់ ក៏មិនព្រមដោយគ្មានយុត្តិធម៌បែបនេះដូចគ្នា»។ 

លោក អេង ហ៊ី ក៏បានឃើញការផ្សាយរបស់នារីជាកូនរបស់ជនរងគ្រោះដែរ។ លោក លើកឡើងថា កងរាជអាវុធហត្ថ ទទួលយកព័ត៌មាននេះ ដើម្បីយកទៅស្រាវជ្រាវរកសាក្សី និងភស្តុតាងបន្ថែម។ លោក បញ្ជាក់ដូច្នេះថា៖«កងរាជអាវុធហត្ថ នឹងស៊ើបសង្កេត ស្រាវជ្រាវករណីនេះឲ្យបានច្បាស់លាស់ ត្រឹមត្រូវតាមច្បាប់ រកយុត្តិធម៌ជូនក្រុមគ្រួសារនៃសព តាមរយៈការចុះដល់កន្លែងកើតហេតុ ដោយក្រុមការងារចំពោះកិច្ចនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស»៕

Tag:
 សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com