អន្តរជាតិ
ស្រីលង្កា ស្នើឱ្យចិនពន្យារពេលចូលចតរបស់នាវាយោធានៅកំពង់ផែខ្លួន ក្រោយឥណ្ឌាតវ៉ា
09, Aug 2022 , 7:29 pm        
រូបភាព
កំពង់ផែ Hambantota របស់ស្រីលង្កា។ រូបថត AFP
កំពង់ផែ Hambantota របស់ស្រីលង្កា។ រូបថត AFP
 រដ្ឋាភិបាលស្រីលង្កា នៅថ្ងៃទី​៨ ខែសីហា ស្នើទីក្រុងប៉េកាំងឱ្យពន្យារពេលគម្រោងចូលចតរបស់​នាវា​យោធា Yuan Wang 5 នៅកំពង់ផែ Hambantota ដោយសារតែឥណ្ឌាបានប្រឆាំង និងតវ៉ា​ការ​ធ្វើដំ​ណើររបស់នាវាមួយនេះ។ រដ្ឋាភិបាល​ឥណ្ឌា បារម្ភពីវត្តមាននាវាយោធាចិនដែលអាចនឹងបង្កការគំរាម​កំហែងដល់សន្ដិសុខរបស់ខ្លួន។

 
នាវាយោធាចិន Yuan Wang 5 ត្រូវរំពឹងនឹងទៅដល់កំពង់ផែ Hambantota ដែលសាងសង់ដោយចិន នៅថ្ងៃទី១១ ខែសីហា សម្រាប់ការបញ្ចូលប្រេងឥន្ទនៈបន្ថែម មុននឹងចេញទៅវិញនៅថ្ងៃទី១៧ ខែ​សីហា​ដោយរដ្ឋាភិបាលស្រីលង្កាបានផ្ដល់ភ្លើងបៃតងជាស្រេច។ នាវានេះ កំពុងតែធ្វើដំណើរនៅមហា​សមុទ្រ​ឥណ្ឌាប៉ែកខាងកើត។ យ៉ាងណាមិញ ឥណ្ឌាបាន​ប្រតិកម្មជំទាស់ភ្លាមៗ ហើយបានតវ៉ា​ជាមួយ​រដ្ឋាភិបាលស្រីលង្កាផងដែរ។
 
យ៉ាងណាមិញ ទីក្រុងកូឡុំបូ ស្នើឱ្យចិនពន្យារពេលចូលចតសិន។ ក្រសួងការបរទេសស្រីលង្កា លើក​ឡើងក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៨ ខែសីហាថា ការធ្វើដំណើររ​បស់​នាវា​យោធា​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ Yuan Wang 5 ទៅកំពង់ផែភាគខាងត្បូង Hambantota ចំនួនប្រាំថ្ងៃ​ត្រូវ​បាន​ស្នើ​ឱ្យ​ពន្យារពេល ដោយសារតែមានតម្រូវការពិគ្រោះយោបល់បន្ថែមទៀត។
 
«ដោយសារមានតម្រូវការពិគ្រោះយោបល់បន្ថែមទៀត ក្រសួងក៏បានជជែក​ជាមួយ​ស្ថានទូត​ចិន​នៅ​ទីក្រុងកូឡុំបូសម្រាប់ការពន្យារ​ពេលការធ្វើដំណើររបស់នាវាយោធា​មកកាន់​កំពង់ផែ Hambantota »។ សេចក្ដីថ្លែងការណ៍ខាងលើបានបញ្ជាក់បែបនេះ តែមិនលើកឡើង​ពី​ការ​ឆ្លើយតបរបស់ភាគីចិន និង​រយៈពេលនៃការពន្យារពេលនោះឡើយ។
 
ទាក់ទងរឿងនេះ អំឡុងសន្និសីទកាសែតនៅថ្ងៃដដែលនៅទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក Wang Wenbin បានឆ្លើយតបទៅនឹងភាពចម្រូងចម្រាស់នេះថា ទំនាក់ទំនង​រវាងស្រីលង្កា និងចិនមិនមានបំណងប្រឆាំងនឹងគោលដៅទីបីណាមួយឡើយ។
 
នាវាយោធា Yuan Wang 5 ជា​នាវា​តាមដាន​ជំនាន់​ចុងក្រោយ​បំផុត​មួយ​របស់​ចិន។ នាវានេះ ត្រូវ​បាន​ប្រើប្រាស់ដើម្បីតាមដានការបាញ់បង្ហោះផ្កាយរណប គ្រាប់រ៉ុក្កែត និងការបាញ់​មីស៊ីល​អន្តរទ្វីបជាដើម​៕  
 
 

Tag:
 ស្រីលង្កា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com