អន្តរជាតិ
អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ អាម៉េរិក កំពុងបង្កើនការវិនិយោគទ្វេដងនៅតំបន់ប៉ាស៊ីហ្វិក លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិក។ រូបថត AFP
× ថ្លែងពីទឹកដីនូវែលសេឡង់ អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោកស្រី Wendy Sherman បានអះអាងថា អាម៉េរិកកំពុងបោះទុនវិនិយោគទ្វេដងនៅតំបន់ប៉ាស៊ីហ្វិក ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោនចំពោះតំបន់ប៉ាស៊ីហ្វិក ស្របពេលចិនកំពុងបង្កើនវត្តមានផងនោះ។
នូវែលសេឡង់ ជាគោលដៅទស្សនកិច្ចចុងក្រោយរបស់លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាម៉េរិកក្នុងតំបន់ប៉ាស៊ីហ្វិក។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Wellington លោកស្រី Sherman បាននិយាយថា អនាគតរបស់ពិភពលោកនឹងត្រូវពឹងផ្អែកលើតំបន់ប៉ាស៊ីហ្វិក។
លោកស្រី Sherman ក៏បានលើកឡើងពីសារសំខាន់សម្រាប់អាម៉េរិកនៅពេលចូលរួមកិច្ចការក្នុងតំបន់ប៉ាស៊ីហ្វិក ហើយលោកស្រីជឿថា អនាគតនឹងត្រូវបានកត់ត្រានៅតំបន់ប៉ាស៊ីហ្វិកផងដែរ។ ជាមួយគ្នានេះ មន្រ្តីការទូតដដែល ក៏បញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់អាម៉េរិកចំពោះតំបន់នេះ ខណៈដែលចិនកំពុងបញ្ជា្របឥទ្ធិពលកាន់តែខ្លាំងនោះ។
«យើងកំពុងបង្កើនការវិនិយោគទ្វេដងនៅទីនេះក្នុងតំបន់ប៉ាស៊ីហ្វិក»។ លោកស្រី Sherman បានបញ្ជាក់បែបនេះមុនបន្ថែមថា អាម៉េរិកកំពុងធ្វើគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីចូលរួមកិច្ចការក្នុងតំបន់ និងលើកកម្ពស់ច្បាប់ដោយផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិ ដើម្បីធានាថាមនុស្សគ្រប់គ្នារស់នៅដោយរុងរឿងក្នុងសន្តិភាព និងសន្តិសុខ។
នៅទីក្រុងវែលីងតោន លោកស្រី Sherman បានជួបជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ ចាស៊ីនដា អាឌើន ដើម្បីពិភាក្សាអំពីការសម្របសម្រួលទំនាក់ទំនងរវាងអាម៉េរិក និងនូវែលសេឡង់នៅតំបន់ប៉ាស៊ីហ្វិក រួមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដោយសេរី និងបើកចំហនៅឥណ្ឌូប៉ាស៊ីហ្វិក។ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាក់ទងនឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រងអវកាស និងកិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រាអាសន្នផងដែរ។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Sherman នៅតំបន់ប៉ាស៊ីហ្វិក ធ្វើចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែសីហា នៅសាម័រ តុងហ្គា កោះសូឡូម៉ុន អូស្ត្រាលី និងនូវែលសេឡង់ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អាម៉េរិកចូលរួមជាមួយបណ្តាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកក្នុងស្មារតីនៃភាពជាដៃគូ និងមិត្តភាព។ អាម៉េរិក កំពុងព្រួយបារម្ភអំពីមហិច្ឆតារបស់ចិនដែលចង់ពង្រីកវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ប៉ាស៊ីហ្វិក បន្ទាប់ពីចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយកោះសូឡូម៉ុន៕
Tag:
អាម៉េរិក
ប៉ាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com