អន្តរជាតិ
រុស្ស៊ី បន្តផ្អាកមិនឱ្យអាម៉េរិកចូលត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន
09, Aug 2022 , 9:29 pm        
រូបភាព
មីស៊ីលអន្តរទ្វីប Topol របស់រុស្ស៊ីក្នុងការតាំងបង្ហាញមួយ។ រូបថត AFP
មីស៊ីលអន្តរទ្វីប Topol របស់រុស្ស៊ីក្នុងការតាំងបង្ហាញមួយ។ រូបថត AFP
ដោយ:
ក្រសួងការបរទេសរុស្ស៊ី ចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៨ ខែសីហា ប្រកាសពីការផ្អាកមិនឱ្យអាម៉េរិកចូលត្រួតពិនិត្យទីតាំងផ្ទុកអាវុធនុយក្លេអ៊ែររបស់ខ្លួនដែលមានចែងក្នុងកិច្ចព្រមព្រៀងទ្វេភាគី ដោយលើកហេតុផលថា មកពីការដាក់ទណ្ឌកម្មរបស់អាម៉េរិក និងការឆ្លងជំងឺកូវីដ-១៩។ ថ្វីបើយ៉ាងនេះក្តី ក្រុងមូស្គូ អះអាងថា ខ្លួននៅតែប្តេជ្ញាចំពោះបញ្ញត្តិដែលមានចែងក្នុងសន្ធិសញ្ញាជាមួយក្រុងវ៉ាស៊ីនតោនស្តីពីការគ្រប់គ្រង និងបន្ថយអាវុធនុយក្លេអ៊ែរ (New START)។

 
ក្រោមសន្ធិសញ្ញាទ្វេភាគី New START អាម៉េរិក និងរុស្ស៊ី មានសិទ្ធិទៅត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់គ្នាទៅវិញទៅមកដើម្បីធានាថាសព្វាវុធនុយក្លេអ៊ែរទាំងនោះស្ថិតក្រោមកម្រិតតិចជាងសម័យសង្រ្គាមត្រជាក់។ ពោលគឺក្រុងវ៉ាស៊ីនតោន និងក្រុងមូស្គូអាចរក្សាក្បាលនុយក្លេអ៊ែរបានចំនួន ១ ៥៥០ គ្រាប់រៀងៗខ្លួន ជាមួយនឹងការរឹតបន្តឹងលើការពង្រាយប្រព័ន្ធបាញ់នុយក្លេអ៊ែរថែមទៀត។
 
យ៉ាងណាមិញ តាំងពីជំងឺកូវីដ-១៩ ចាប់ផ្តើមរីករាលដាលមក ការត្រួតពិនិត្យទៅវិញទៅមកនេះត្រូវបានផ្អាក​។ ក្រុមមូស្គូនៅថ្ងៃទី៨ ខែសីហា ក៏ប្រកាសបន្តការផ្អាកនេះទៀត។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃទី៨ ខែសីហា ថា ខ្លួននឹងមិនបើកឱ្យមានការត្រួតពិនិត្យឡើងវិញនោះទេ បន្ទាប់ពីប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានអំពាវនាវឱ្យវិមានក្រេមឡាំងបង្ហាញពីឆន្ទៈបន្តកិច្ចព្រមព្រៀងបន្ថយអាវុធនុយក្លេអ៊ែរនេះដែលនឹងផុតកំណត់នៅឆ្នាំ២០២៦។ 
 
«រុស្ស៊ី ត្រូវបង្ខំឱ្យចាត់វិធានការនេះ ដោយសារតែក្រុងវ៉ាស៊ីនតោនចេះតែចង់ចាប់ផ្តើមការត្រួតពិនិត្យឡើងវិញដោយមិនគិតពីលក្ខខណ្ឌនាស្ថានភាពពិតបច្ចុប្បន្ន»។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី អះអាងបែបនេះ ដោយឆ្លៀតរិះគន់អាម៉េរិកថា ចង់កេងចំណេញជុំវិញរឿងនេះតែម្នាក់ឯង ដោយបំបិទសិទ្ធិមិនឱ្យអ្នកត្រួតពិនិត្យរុស្ស៊ីជាន់ដីអាម៉េរិកតាមរយៈទណ្ឌកម្មដែលបានដាក់លើក្រុងមូស្គូដូចជាបិទផ្លូវហោះហើរសម្រាប់យន្តហោះរុស្ស៊ី និងការរឹតបន្តឹងទិដ្ឋាការជាដើម។​
 
ស្របគ្នានេះ ក្រសួងការបរទេសរុស្ស៊ី ក៏បានលើកឡើងពីបញ្ហាកើនឡើងនៃការឆ្លងរាលដាលវីរុសបង្កជំងឺកូវីដ-១៩ នៅអាម៉េរិកផងដែរ។ 
 
សន្ធិសញ្ញា New START ជាកិច្ចព្រមព្រៀងស្តីពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយរវាងមហាអំណាចនុយក្លេអ៊ែររុស្ស៊ី និងអាម៉េរិកដែលបានចុះហត្ថលេខានៅឆ្នាំ ២០១០ ហើយចូលជាធរមានក្នុងឆ្នាំ២០១១។ បន្ទាប់ពីផុតកំណត់ឆ្នាំ២០២១ អាម៉េរិក និងរុស្ស៊ីក៏បានពន្យាពេលលើកិច្ចព្រមព្រៀងនេះបន្ថែមពីលើ៥ឆ្នាំទៀត។ 
 
យ៉ាងណាមិញ របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិក្រុងស្តុកខុល (SIPRI) បានចេញផ្សាយនៅខែមិថុនាថា ក្បាល់គ្រាប់នុយក្លេអ៊ែរនៅលើពិភពលោកអាចនឹងកើនឡើងនៅទសវត្សរ៍ខាងមុខ ខណៈប្រមាណ ១២ ៧០៥ គ្រាប់នៃក្បាលនុយក្លេអ៊ែរដែលពិភពលោកមាននាពេលបច្ចុប្បន្នស្ថិតក្នុងដៃរុស្ស៊ី និងអាម៉េរិក៩០ភាគរយទៅហើយ៕
 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com