ជាតិ
បទសម្ភាសន៍
វីដេអូ
​លោក មៀវ សុខទ្រី៖២ឆ្នាំទៀត សន្ទុះនាំចេញចំណីអាហារវេចខ្ចប់ពីកម្ពុជា ទៅទីផ្សារអាស៊ាន កើនឡើង
07, Nov 2022 , 10:05 am        
រូបភាព
លោក មៀវ  សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហានៅកម្ពុជា។
លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហានៅកម្ពុជា។
ដោយ៖ សុង សុធាវី
 
 
ភ្នំពេញ៖ បច្ចុប្បន្នសមាគមអ្នកផលិតចំណីអាហារនៅកម្ពុជាមានសមាជិកជាង៨០សហគ្រាស ដែលមកពីចម្រុះវិស័យ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមរៈកម្មវិធី «គំនិតថ្មី» លោក មៀវ សុខទ្រីប្រធានសមាគមនេះ បានពន្យល់ថា ចំណីអាហារវេចខ្ចប់កម្ពុជាមួយចំនួន បានទៅដល់ទីផ្សារប្រទេសអាស៊ានហើយរួមមាន សិង្ហបូរី វៀតណាម ថៃ និងឡាវ តែឋិតក្នុងកម្រិតតិចតួចនៅឡើយ។ លោក រំពឹងថា ២ឆ្នាំទៀតកម្ពុជា នឹងអាចនាំចេញផលិតផលចូលទៅក្នុងទីផ្សារអាស៊ាន កាន់តែកើនឡើង។


ប្រធានសមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា លោក មៀវ សុខទ្រី កំពុងពង្រឹងគុណភាពចំណីអាហារវេចខ្ចប់ តាមរយៈវិធានការរបស់ក្រសួងឧស្សាហកម្ម ទៅលើស្តង់ដារម្ហូបអាហារ ស្តង់ដារវេចខ្ចប់ ចំណីអាហារប្រកបដោយលក្ខណៈបច្ចេកទេស។ ម្យ៉ាងទៀតសមាគមមួយនេះ ក៏មានការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពសមាជិកខ្លួន។

ជាពិសេសការចូលរួមចែករំលែកពីសហគ្រិនមានបទពិសោធន៍ច្រើន ទៅកាន់អ្នកដែលមានបទពិសោធន៍តិចតួច ដើម្បីបំពេញបន្ថែម ឱ្យដំណើរការផលិតចំណីអាហារវេចខ្ចប់កាន់តែមានភាពប្រសើឡើង ស្របតាមគុណភាពចំណីអាហារលើពិភពលោកផងដែរ។ 
 
«ដូច្នេះហើយយើងអាចនិយាយបានថា ទំនុកចិត្តកាន់តែច្រើនឡើងៗ នេះគឺជាបេសកកម្មរបស់សមាគមផងដែរ ដែលតែងតែផ្តល់ការបណ្តុះបណ្តាល លើកទឹកចិត្ត ជួយជ្រោមជ្រែង ស្វែងរកទីផ្សារ មិនថាតែនៅភ្នំពេញ ឬ តាមបណ្តាខេត្តឡើយ»។ នេះជាការរៀបរាប់របស់លោក មៀវ សុខទ្រី។
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោកអ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសម្របសម្រួល កម្មវិធី «គំនិតថ្មី»  និង លោក មៀវ សុខទ្រី  ដូចតទៅ៖
 
 
បុរសមាឌមាំរូបនេះ បន្ថែមប្រាប់សារព័ត៌មានថ្មីៗថា ចំណីអាហារនាំចេញ-នាំចូលកម្ពុជា នាពេលបច្ចុប្បន្ននេះ អាចប្រកួតប្រជែងក្នុងទីផ្សារអាស៊ានប្រសើរច្រើន បើធៀបនឹង៥ឆ្នាំមុន។ « គោលដៅរបស់យើង យើងនាំគ្នាផលិតឱ្យបានល្អ គឺយើងអាចមានឱកាសនាំចេញទៅក្រៅបានកាន់តែច្រើន។ អ៊ីចឹងហើយ យើងកំពុងតែសំណូមពរទៅដល់អង្កការផ្សេងៗ ទៅដល់រាជរដ្ឋាភិបាលមេត្តាជួយជ្រោមជ្រែងសមាគមអ្នកផលិតចំណីអាហារកម្ពុជា ដើម្បីមានសមត្ថភាព លទ្ធភាពជាងនេះ»។
ទាំងនេះ ជាការបញ្ជាក់របស់លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារនៅកម្ពុជា។
 
ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់សមាគមខាងលើ ប្រធានសមាគមរូបនេះ ក៏បានលើកពីឧបសគ្គខ្លះ រួមមាន ការចុះអនុស្សារណៈយោគយល់នាំចេញ -នាំចូលជាមួយដៃគូ, ផលិតផលរវាងភាគីកម្ពុជាជាមួយបណ្តាប្រទេសនៅក្នុងទីផ្សារអាស៊ានហាក់មិនទាន់មានភាពទូលំទូលាយនៅឡើយ។ 
 

លោក មៀវ  សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហានៅកម្ពុជា

កន្លងមកក្រៅពីទីផ្សារអាស៊ាន កម្ពុជាបាននាំចេញទំនិញផលិតផលចំណីអាហារវេចខ្ចប់របស់ខ្លួន រួមទាំងផ្លែឈើទៅកាន់ទីផ្សារប្រទេសមួយចំនួនដូចជា ចិន ជប៉ុន និងកូរ៉េខាងត្បូងជាដើម។ រីឯទីផ្សារនៅក្នុងបណ្តាប្រទេសអាស៊ាន ដែលផលិតផលចំណីអាហារវេចខ្ចប់របស់កម្ពុជាបានទៅដល់ ហើយឋិតក្នុងកម្រិតតិតួចនៅឡើយនោះគឺ ប្រទេសសិង្ហបូរី ថៃ វៀតណាម និងឡាវផងដែរ។
 
« ចំពោះផលិតផលយើងចូលទៅទីផ្សារអាស៊ាន ផលិតផលស្វាយក្រៀមរបស់យើង ដែលប្រទេសសិង្ហបូរីចូលចិត្តមែនទែន ហើយអាស៊ានបូកបី មានចិន ជប៉ុន កូរ៉េ ជាទីផ្សារធំ ដែលយើងមិនអាចរំលងបាន ហើយជាពិសេសផលិតផលកែច្នៃត្រីរបស់យើងកំពុងតែបានការពេញនិយមពីទីផ្សារវៀតណាម និងឡាវ។ ត្រីងៀត ត្រីឆ្អើរកំពុងតែទទួលបានការពេញនិយមនៅក្នុងទីផ្សារថៃផងដែរ។ ដូចនេះ ខ្ញុំគិតថាពីឆ្នាំទៀត យើងអាចមានសន្ទុះច្រើនលើការនាំចេញទៅទីផ្សារអាស៊ានបានដែរ»។ លោក មៀវ សុខទ្រី បានបញ្ជាក់បន្ថែមដូច្នេះ៕
 


 លោក មៀវ សុខទ្រី  ក្នុងបទសម្ភាសជាមួយកម្មវិធី «គំនិតថ្មី» នៃ សារព័ត៌មានថ្មីៗ

Tag:
 ចំណីអាហារវេចខ្ចប់
© រក្សាសិទ្ធិដោយ thmeythmey.com