កីឡាជាតិ
ជាតិ
គ្រូបង្វឹកសូលទីឡូអង្គរ៖ ខ្ញុំមិនគិតពីរឿងឈ្នះចាញ់ទេ តែខ្ញុំគិតពីរបៀបលេងជាក្រុម
10, Aug 2022 , 9:29 am        
រូបភាព
Front ព្រះខ័នរាជស្វាយរៀង (អាវក្រហម) ជួបជាមួយសូលទីឡូអង្គរ ជើងទី១ កាលពីថ្ងៃទី២៧ កក្កដា ២០២២។ រូបពី ពានសម្ដេច ហ៊ុន សែន
Front ព្រះខ័នរាជស្វាយរៀង (អាវក្រហម) ជួបជាមួយសូលទីឡូអង្គរ ជើងទី១ កាលពីថ្ងៃទី២៧ កក្កដា ២០២២។ រូបពី ពានសម្ដេច ហ៊ុន សែន
លោក អ៊ុក សារ៉េត គ្រូបង្វឹកសូលទីឡូអង្គរ និយាយថា ការប្រកួតជាមួយព្រះខ័នរាជ ស្វាយរៀង មិនសំខាន់លើចាញ់ឈ្នះទេ​ ដោយលោកផ្ដោតលើការសាមគ្គីលេងជាក្រុមសំខាន់ជាង ។ សូលទីឡូអង្គរ ត្រូវប្រកួតជាមួយ ព្រះខ័នរាជ ស្វាយរៀង វេលាម៉ោង ៦:៣០ល្ងាច នៅកីឡដ្ឋានខេត្តស្វាយរៀង ក្នុងពានរង្វាន់សម្ដេច ហ៊ុន សែន លើកទី១៦ (ជម្រុះថ្នាក់ជាតិ) សប្ដាហ៍ទី២០ នៅថ្ងៃទី១០ ខែសីហា។

 
 
លោក​ អ៊ុក សារ៉េត បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា សូលទីឡូអង្គរ មានកីឡាកររបួសជាច្រើន ក្នុងជំនួបជាមួយ ISI ដង្កោសែនជ័យ ក្នុងក្របខ័ណលីគ២កម្ពុជា មុនជួបព្រះខ័នរាជស្វាយរៀង នៅពានសម្ដេច ហ៊ុន សែន ក្នុងជំនួបជើងទី២នេះ។ គ្រូបង្វឹករូបនេះ ហាក់មិនរំពឹងខ្ពស់លើការប្រកួតនេះទេ ។ ប៉ុន្តែលោកលើកទឹកចិត្តកូនក្រុម ឲ្យមានភាពសាមគ្គីគ្នាក្នុងការប្រកួត។
 
«ខ្ញុំ មិនរំពឹងថានឹងយកឈ្នះគេទេ តែយើងបានត្រៀមលក្ខណៈរួចជាស្រេច បើទោះជាកីឡាករខ្ញុំរបួសច្រើន តែខ្ញុំបានរៀបចំទម្រង់លេងរបស់កីឡាករ បានច្បាស់ជាងមុន។ ដោយសារការប្រកួតពាននេះ ប្រើកីឡាករខ្មែរទាំងអស់ ដូចនេះ ខ្ញុំចង់ឲ្យកីឡាករ មានឆន្ទៈប្រកួតជាក្រុម។»។  គ្រូបង្វឹករូបនេះ បានប្រាប់ដូច្នេះ។
 
សម្រាប់ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង លោក Conor Nestor អះអាងថា ខ្លួនយល់ពីទម្រង់លេងរបស់ក្រុមភ្ញៀវ។ យោងលើទំព័រហ្វេសប៊ុក ពានសម្ដេច ហ៊ុន សែន គ្រូបង្វឹកព្រះខ័នរាជស្វាយរៀងរូបនេះ បាននិយាយថា៖«ទម្រង់លេងរបស់សូលទីឡូអង្គរ សម្របទៅនិងតាក់ទិករបស់ក្រុមជម្រើសជាតិនាពេលថ្មីៗនេះ។ ពិតណាស់ ថាពួកគេខិតខំប្រឹងប្រែងដើម្បីលេងទម្រង់បែបនេះ។»។
 
ព្រះខ័នរាជស្វាយរៀង បានឈ្នះ សូលទីឡូអង្គរ ដោយលទ្ធផល១-០ ប៉ុណ្ណោះ នៅកីឡដ្ឋានហនុមាន កាលពីថ្ងៃទី២៧ ខែកក្កដា។ ជ័យជម្នះនេះ មិនកក់ក្ដៅប៉ុន្មានទេ សម្រាប់ក្រុមម្ចាស់ផ្ទះ ប្រសិនជាមានការធ្វេសប្រហែសចំពោះក្រុមភ្ញៀវ។ 
 
ថ្ងៃជាមួយគ្នានេះ មានការប្រកួត៣គូរផ្សេងទៀត នាវេលាម៉ោង ៣:៣០រសៀល ដោយ វិសាខា ត្រូវស្វាគមន៍ ក្លិបសៀមរាប នៅកីឡដ្ឋានព្រីនស៍ ខណៈ បឹងកេត ប៉ះ ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន Cambodian Airway ។ ចំណែកណាហ្គាវើលដ៍ ប្រកួតជាមួយ អាស៊ីអុឺរ៉ុបយូណាយធីត នាកីឡដ្ឋាន AEU Sport Park។
 
ការប្រកួតជើងទី១ កាលពីថ្ងៃទី២៧ ខែកក្កដា វិសាខា លុតម្ចាស់ផ្ទះ សៀមរាប លទ្ធផល ៦-០ ខណៈ អាស៊ីអុឺរ៉ុបយូណាយធីត ចាញ់ណាហ្គាវើលដ៍ ដោយមិនអាចវាយបកបាន ក្នុងលទ្ធផល៤-០ និងបឹងកេត ឈ្នះ ISI ដង្កោសែនជ័យ ក្នុងលទ្ធផល២-០៕
 

Tag:
 បាល់ទាត់
  Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com