រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu ព្រមាននៅថ្ងៃទី៩ ខែសីហា ថា សមយុទ្ធយោធារបស់ចិនមិនត្រឹមតែជាការហាត់សមដើម្បីត្រៀមលេបយកតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីមហិច្ឆតាចង់ក្តោបក្តាប់ផ្នែកដ៏ធំនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។ នៅថ្ងៃដដែល ក្រុងតៃប៉ិក៏បានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតដើម្បីការពារពីការឈ្លានពានផងដែរ។
ដោយខឹងសម្បារនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ចិនបានធ្វើសមយុទ្ធដ៏ធំជុំវិញកោះតៃវ៉ាន់៦កន្លែង ហើយបានបញ្ជូននាវា និងយន្តហោះចម្បាំងឆ្លងកាត់បន្ទាត់កណ្តាលដែលជាតំបន់រសើបពុះចែកភាគីទាំងពីរនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាបាញ់មីស៊ីលចូលទៅក្នុងដែនទឹកជុំវិញកោះនេះផងដែរ។ ដោយមិនខ្វល់នឹងការអំពាវនាវឱ្យបញ្ឈប់ភាពតានតឹង ក្រុងប៉េកាំងនៅថ្ងៃទី៨ ខែសីហាប្រកាសបន្តធ្វើសមយុទ្ធនេះជាថ្មី។
ទាក់ទងការធ្វើសមយុទ្ធរបស់ចិនដែលមិនធ្លាប់ប្រទះពីមុនមកនេះ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Joseph Wu ព្រមានថា ក្រៅពីមហិច្ឆតាចង់រួបរួមកោះតៃវ៉ាន់ចូលជាទឹកដីខ្លួន ចិនចង់បង្កើតឥទ្ធិពលនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចថែមទៀត។ បើតាមលោក Wu គោលដៅរបស់ចិនមានការគ្រប់គ្រងសមុទ្រចិនខាងត្បូង និងខាងកើតតាមរយៈច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងការបិទផ្លូវមិនឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តជួយតៃវ៉ាន់បានក្នុងករណីដែលរងការវាយប្រហារពីចិន។
«សមយុទ្ធនេះបង្ហាញពីមហិច្ឆតាភូមិសាស្រ្តរបស់ចិនលើសពីតៃវ៉ាន់»។ លោក Wu លើកឡើងបែបនេះនៅក្នុងសន្និសីទកាសែតមួយដោយសង្កត់ធ្ងន់ថា ចិនគ្មានសិទ្ធិជ្រៀតជ្រែក ឬផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ឬក៏ទំនាក់ទំនងរបស់តៃវ៉ាន់ជាមួយរដ្ឋដទៃនោះទេ។
កន្លងមក ក្រុងប៉េកាំងអះអាងថា សមយុទ្ធយោធារបស់ខ្លួននេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ប៉ុណ្ណោះ។ ប៉ុន្តែប្រមុខការទូតតៃវ៉ាន់ដដែលបញ្ជាក់ថា នោះគ្រាន់តែជាលេសដែលក្រុងប៉េកាំងប្រើដើម្បីសម្រេចមហិច្ឆតារបស់ខ្លួនខាងលើទេ។
ដោយមិនឈរឱបដៃស្ងៀម កងកម្លាំងតៃវ៉ាន់ឯណោះក៏បានប្រុងជើងការត្រៀមផ្លាស់ប្តូរយុទ្ធសាស្រ្តទៅតាមកម្រិតនៃការគំរាមកំហែងពីចិនផងដែរ។ នៅថ្ងៃទី៩ ខែសីហា ក្រុងតៃប៉ិបានចាប់ផ្តើមធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ភាគខាងត្បូង Pingtung។ ទន្ទឹមនេះ ឧត្តមសេនីយ៍ Lou Woei-jye អ្នកនាំពាក្យទីបញ្ជាការកងទ័ពទី៨ របស់តៃវ៉ាន់ លើកឡើងថា កងទ័ពរបស់ខ្លួននឹងបន្តហ្វឹកហាត់ និងប្រមូលកម្លាំងដើម្បីទប់ទល់នឹងការគំរាមចិន ហើយនោះជាវិធីដ៏ល្អបំផុតដើម្បីការពារទឹកដីតៃវ៉ាន់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
ក្រៅពីនេះ ចិនក៏បានវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើវេបសាយរបស់ប្រធានាធិបតីតៃវ៉ាន់ និងក្រសួងតៃវ៉ាន់មួយចំនួនដែរ បន្ថែមពីលើការរឹតបន្តឹងការនាំចូលផលិតផលមួយចំនួនពីតៃវ៉ាន់។ លើសពីនេះ ក្រុងប៉េកាំងព្រមទាំងបានកាត់ផ្តាច់ និងផ្អាកកិច្ចសន្ទនាជាមួយក្រុងវ៉ាស៊ីនតោនលើបញ្ហាជាច្រើនរួមមានការគ្រប់គ្រងសារធាតុនីកូទីន ការការពារជាតិ ឧក្រិដ្ឋកម្មឆ្លងដែន និងបម្រែបម្រួលអាកាសធាតុជាដើម។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin អះអាងថា ចិនធ្វើសមយុទ្ធលើទឹកដីខ្លួនប៉ុណ្ណោះ។ ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៩ ខែសីហា លោក Wang ក៏ឆ្លៀតបញ្ជាក់ជាថ្មីថា អាជ្ញាធរតៃវ៉ាន់មិនអាចប្រើសន្លឹកបៀអាម៉េរិកដើម្បីឈានទៅរកឯករាជ្យឡើយ៕