ជាតិ
លោក និក ម៉ាក៖ កុំអរគុណខ្ញុំ! អរគុណសម្តេច ហ៊ុន សែន និងពលរដ្ឋខ្មែរដែលសង្គ្រោះព្រៃភ្នំតាម៉ៅ!
10, Aug 2022 , 3:30 pm        
រូបភាព
លោក Nick Mark ក្នុងឃ្លីបវីដេអូ១នាទីទៅកាន់ពលរដ្ឋខ្មែរ។ រូប Capture ពីហ្វេសប៊ុក Tan Kimsour
លោក Nick Mark ក្នុងឃ្លីបវីដេអូ១នាទីទៅកាន់ពលរដ្ឋខ្មែរ។ រូប Capture ពីហ្វេសប៊ុក Tan Kimsour
ដោយ: រួបរួម
លោក និក ម៉ាក (Nick Mark) ជនជាតិអង់គ្លេស អាយុ៧១ឆ្នាំ ទទួលបាននូវការគោរពស្រឡាញ់ជាច្រើនពីសំណាក់ពលរដ្ឋខ្មែរ ដោយសារកិច្ចប្រឹងប្រែងរបស់លោកក្នុងការការពារអភិរក្សធនធានធម្មជាតិ ជាពិសេសយុទ្ធនាការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅនារយៈពេលចុងក្រោយនេះ។

 

 

«មនុស្សខ្លះមកនិយាយអរគុណខ្ញុំ ប៉ុន្តែខ្ញុំប្រាប់អ្នកទាំងអស់គ្នា ខ្ញុំអ្នកតូច ខ្ញុំអត់មានអំណាច មិនមែនខ្ញុំ តែប្រជាជនខ្មែរ និងសម្តេច ហ៊ុន សែន អ្នកសង្គ្រោះព្រៃភ្នំតាម៉ៅ»។ នេះជាការលើកឡើងរបស់លោក និក ម៉ាក ក្នុងឃ្លីបវីដេអូខ្លីមួយនាទី ដែលបង្ហោះដោយលោក តាន់ គីមសួរ កាលពីថ្ងៃទី៩ ខែសីហា។
 
លោក និក ម៉ាក (អានជីវព័ត៌មាននៅលើ ThmeyThmey25) បានបម្រើការងារផ្នែកសង្គ្រោះ និងថែរក្សាសត្វព្រៃនៅកម្ពុជាជាង២០ឆ្នាំមកហើយ ដោយលោកចេះនិយាយខ្មែរយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកកំពុងបំពេញការងារក្នុងមជ្ឈមណ្ឌលថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅ សហគមន៍ការពារព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺ ខេត្តឧត្តរមានជ័យ កន្លែងថែរក្សាសត្វនៅខេត្តកោះកុង និងកិច្ចសហការរវាងអង្គការ និងអាជ្ញាធរជាតិអប្សរា នៅក្នុងព្រៃអង្គរ។
 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែសីហា បានសម្រេចលុបចោល ស.ជ.ណទាក់ទងនឹងការអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ។ បើតាមសម្តេច នេះជាការឆ្លើយតបទៅនឹងសំណូមពរជាច្រើន មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួងកសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ មិនមានប៉ះពាល់ក៍ដោយ។ 
 
«ខ្ញុំអរគុណ ប្រជាជនខ្មែរ អ្នកទាំងអស់គ្នា។ អំណឹះតទៅ ភ្នំតាម៉ៅជាជម្រកសត្វព្រៃមានសុវត្ថិភាពនៅស្រុកខ្មែរ ឥឡូវនេះ ខ្ញុំសប្បាយសហការជាមួយរដ្ឋបាលព្រៃឈើជួយមើលសត្វនៅភ្នំតាម៉ៅ ការពារព្រៃខ្ញុំ និងធ្វើការកម្មវិធីអភិរក្សថែមទៀត ជួយការពារសត្វព្រៃ នៅស្រុកខ្មែរ ខ្ញុំអរគុណអ្នកទាំងអស់គ្នា»។ នេះជាការតាំងចិត្តរបស់លោក និក ម៉ាក។
 
 
ស្របពេលជាមួយគ្នានេះដែរ លោក តាន់ គីមសួរ ជាយុវជនមួយរូបដែលបានចេញមុខខ្លាំងក្នុងការប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំតាម៉ៅ បានអំពាវនាវឲ្យរដ្ឋាភិបាលសញ្ជាតិខ្មែរជូនដល់លោក និក ម៉ាក។ លោក គីមសួរ ចាត់ទុកលោក ម៉ាក ជាវីរបុរសព្រៃឈើ ដែលបានលះបង់ចិត្តលះបង់កាយអស់រយៈពេលជាង២០ឆ្នាំរស់នៅទឹកដីកម្ពុជាដើម្បីការពារ និងថែរក្សាសម្បត្តិធនធានធម្មជាតិឲ្យប្រទេសកម្ពុជា៕
 

Tag:
 ភ្នំតាម៉ៅ
© រក្សាសិទ្ធិដោយ thmeythmey.com