ជាតិ
ក្រុមកងរាជអាវុធហត្ថ​ ដែលចុះធ្វើប្រតិបត្តិបណ្តាលបុរសម្នាក់ស្លាប់ ត្រូវឃាត់ទុកឲ្យនៅម្តុំហើយ
10, Aug 2022 , 11:59 am        
រូបភាព
រូបពីគណនីហ្វេសប៊ុក សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ
រូបពីគណនីហ្វេសប៊ុក សេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ
ដោយ: ថ្មីៗ
ក្រុមកងរាជអាវុធហត្ថ ដែលចុះធ្វើប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់តាមអនឡាញ ហើយបណ្តាលឲ្យបុរសម្នាក់បាត់បង់ជីវិត ត្រូវបានប្រមូលឲ្យស្ថិតនៅក្នុងបន្ទាយជាមួយគ្នា ដើម្បីរង់ចាំការស៊ើបសួរ។ នេះបើតាមលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

 
លោក អេង ហ៊ី អះអាងថា ការបញ្ជាឲ្យក្រុមកងរាជអាវុធហត្ថពាក់ព័ន្ធទាំងនោះ ស្ថិតនៅម្តុំបែបនេះ គឺជាការរក្សាសាក្សី និងភស្តុតាង។ លោក លើកឡើងថា ក្នុងអំឡុងពេលនេះ ពួកគេ មិនត្រូវបានអនុញ្ញាតឲ្យចេញទៅណាមកណានោះទេ។ លោក បញ្ជាក់ថា៖«មានប៉ុន្មាននាក់ ដែលចុះធ្វើប្រតិបត្តិហ្នឹង គឺឲ្យនៅក្នុងបន្ទាយចំនួនប៉ុណ្ណឹង ខ្ញុំ មិនចាំបាច់បញ្ជាក់ថា មានចំនួនប៉ុន្មាននាក់ទេ»។ 
 
លោក អេង ហ៊ី បន្តថា ក្រុមការងារចំពោះកិច្ច ដែលត្រូវបានថ្នាក់លើចាត់តាំង ដោយក្នុងនោះ មានទាំងលោកផងដែរ បានចុះទៅដល់កន្លែងកើតហេតុហើយ ដើម្បីស្រាវជ្រាវករណីនេះ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសរូបនេះ សង្កត់ធ្ងន់ថា ក្រុមការងារចំពោះកិច្ច នឹងសាកសួរគ្រប់ភាគីទាំងអស់ ដើម្បីស្វែងរកការពិត និងយុត្តិធម៌ ដោយមិនកាន់ជើងខាងណាឡើយ។ 
 
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រាប់វិទ្យុបាយ័នថា ក្រុមកងរាជអាវុធហត្ថ ដែលត្រូវឃាត់ទុកក្នុងបន្ទាយ មានជាង១០នាក់។ លោក មានប្រសាសន៍ថា៖«មិនមែនឃាត់ទេ គឺផ្អាកការងាររបស់គាត់ ដើម្បីបើកការស៊ើបអង្កេតរបស់គណៈកម្មការចំពោះកិច្ច ស្រាវជ្រាវជុំវិញករណីស្លាប់មនុស្ស ក្នុងពេលដែលក្រុមហ្នឹងទៅធ្វើប្រតិបត្តិបង្ក្រាបបទល្មើស»។ 
 
លោក អេង ហ៊ី ផ្សាយលើទំព័រហ្វេសប៊ុកថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលរបាយការណ៍ពីកងរាជអាវុធហត្ថខេត្តកំពង់ធំ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ជុំវិញការចុះធ្វើប្រតិបត្តិការបង្ក្រាបល្បែងជល់មាន់មួយកន្លែង ដោយឃាត់ជនសង្ស័យ៤នាក់។ លោក បន្តថា នៅតាមផ្លូវ ពេលកំពុងនាំខ្លួនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្នុងចំណោមជនសង្ស័យទាំង៤នាក់នោះ មានបុរសម្នាក់ឈ្មោះ សួង ឌ័ន មិនស្រួលខ្លួន ហើយកងរាជអាវុធហត្ថ ក៏នាំទៅមន្ទីរពេទ្យ តែពេលទៅដល់មន្ទីរពេទ្យ គាត់ ក៏បាត់បង់ជីវិត។ 
 
នារីម្នាក់ ដែលជាកូនរបស់បុរសរងគ្រោះ បង្ហោះលើគណនីហ្វេសប៊ុកថា ក្នុងថ្ងៃកើតហេតុ ឪពុករបស់នាង មកពីប្រជុំការងារ ហើយចៃដន្យមេឃភ្លៀង គាត់ក៏ចូលជ្រកនៅតូបកាហ្វេមួយកន្លែង។ នាង បន្តថា ពេលនោះ ក្រុមកងរាជអាវុធហត្ថ ក៏ចុះទៅ និងចាប់ឪពុកនាង សង្កត់ក ហើយបន្ទាប់មក គាត់ ក៏ផុតដង្ហើមនៅលើរថយន្ត។ តាមរយៈបណ្តាញសង្គម នាង ទាមទារឲ្យជួយរកយុត្តិធម៌ជូនក្រុមគ្រួសាររបស់នាង។ 
 
នៅថ្ងៃទី៩ ខែសីហា លោក សៅ សុខា ចេញបញ្ជាតាមរយៈសារជាសំឡេង ឲ្យស៊ើបអង្កេតករណីនេះ។ ជាជំហានដំបូង លោក បញ្ជាឲ្យឃាត់ក្រុមកងរាជអាវុធហត្ថដែលពាក់ព័ន្ធក្នុងករណីនេះ ទុកម្តុំសិន។ លោក ប្រកាសថា បើរកឃើញកងរាជអាវុធហត្ថណា ប្រព្រឹត្តហិង្សាបណ្តាលឲ្យបុរសនោះស្លាប់ កងរាជអាវុធហត្ថនោះ នឹងត្រូវកសាងសំណុំរឿងទៅតាមវិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែង៕ 
 
 

Tag:
 កងរាជអាវុធហត្ថ
© រក្សាសិទ្ធិដោយ thmeythmey.com