អន្តរជាតិ
ប្រធានាធិបតីអាម៉េរិក ប្រកាសឱ្យប្រើច្បាប់ជំរុញផលិតកម្មឈីប ដើម្បីកាត់បន្ថយការនាំចូលពីបរទេស
10, Aug 2022 , 12:19 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (រូបក្នុងរង្វង់)។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន (រូបក្នុងរង្វង់)។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៩ ខែសីហា បានដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីផលិតកម្មឈីប(chips) ក្នុងគោលបំណងកាត់បន្ថយការនាំចូលបន្ទះឈីបពីបរទេស និងជំរុញឱ្យមានការផលិតគ្រឿងអេឡិចត្រូនិចមួយនេះ នៅក្នុងស្រុកវិញ។ តាមរយៈច្បាប់នេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងវិនិយោគប្រមាណ​ ៥២,៧ពាន់លានដុល្លារ ដល់ការស្រាវជ្រាវ និងក្រុមហ៊ុនអាម៉េរិក។

 
ច្រវាក់ផលិតកម្មស៊ីមីកុងឌុចទ័រ ភាគច្រើនគឺប្រមូលផ្តុំនៅក្នុងតំបន់អាស៊ីខាងកើត។ តាមទិន្នន័យរបស់រដ្ឋាភិបាលអាម៉េរិកនៅក្នុងឆ្នាំ២០២១ តៃវ៉ាន់ផលិតឈីប បាន២០ភាគរយនៃផលិតកម្មសរុបរបស់ពិភពលោក ខណៈកូរ៉េខាងត្បូងមាន ១៩ភាគរយ, ជប៉ុនមាន ១៧ភាគរយ, ចិនមាន១៦ភាគរយ និងអាម៉េរិក មានត្រឹមតែ១០ភាគរយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Kyodo។ 
 
ដើម្បីកាត់បន្ថយការនាំចូលពីបរទេសក្នុងបរិមាណដ៏ច្រើន ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៩ ខែសីហា បានប្រកាសឱ្យប្រើ «ច្បាប់ស្តីពីវិទ្យាសាស្រ្ត និងបន្ទះឈីប»។ ច្បាប់នេះ បង្កើតឡើងដើម្បីស្វែងរកចំណាត់ការវិនិយោគលើបន្ទះឈីបនៅអាម៉េរិក ត្រឹមមួយជំនាន់ប៉ុណ្ណោះ។ 
 
«អនាគត នឹងត្រូវបានបង្កើតនៅក្នុងទឹកដីអាម៉េរិក»។ លោកបៃឌិន បានសង្កត់ធ្ងន់បែបនេះ នៅសេតវិមានអាម៉េរិក នៅថ្ងៃទី៩ ខែសីហា នៅចំពោះមុខសមាជិកសភា នាយកប្រតិបត្តិក្រុមហ៊ុនឯកជន និងអភិបាលក្រុងជាច្រើនរូប។ 
 
ដោយមើលឃើញទីផ្សារអាម៉េរិកពឹងផ្អែកលើបរទេសច្រើន រដ្ឋមន្រ្តីពាណិជ្ជកម្ម លោកស្រី Gina Raimondo ដែលចូលរួមក្នុងពិធីប្រកាសឱ្យប្រើប្រាស់ច្បាប់ខាងលើផងនោះ បានយល់ថា ការពឹងផ្អែកខ្លាំងលើការផលិតពីបរទេស គឺប្រឈមហានិភ័យមួយ ហើយវានឹងត្រូវផ្លាស់ប្តូរ។ 
 
បន្ទះឈីប ជាប្រព័ន្ធអេឡិចត្រូនិចមួយដ៏សំខាន់នៅក្នុងសម័យបច្ចេកវិទ្យា។ គ្រឿងអេឡិចត្រូនិចមួយនេះ ត្រូវបានយកទៅប្រើប្រាស់នៅក្នុងរថយន្ត ទូរសព្ទ ទូរទស្សន៍ ម៉ាស៊ីនហ្គេម កុំព្យូទ័រ និងសម្ភារបច្ចេកវិទ្យាជាច្រើនទៀត។ បច្ចុប្បន្ន បន្ទះឈីប មានការខ្វះខាតយ៉ាងខ្លាំង ដោយសារតែជំងឺឆ្លងជំងឺកូវីដ-១៩ និងសង្គ្រាម​នៅអ៊ុយក្រែន។ 
 
តាមរយៈច្បាប់នេះ រដ្ឋាភិបាលអាម៉េរិកនឹងវិនិយោគ ៥២,៧ពាន់លានដុល្លារនៅក្នុងផលិតកម្មឈីប និងក្រុមហ៊ុន ដោយក្នុងនោះ ៣៩ពាន់លានដុល្លារ ទុកសម្រាប់លើកទឹកចិត្តក្នុងការផលិតសឺមីកុងឌុចទ័រ, ១៣,២ពាន់លានដុល្លារ នឹងត្រូវចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍសឺមីកុងឌុចទ័រ ខណៈ៥០០លានដុល្លារទុកសម្រាប់សកម្មភាពច្រវាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចមួយនេះ៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com