អន្តរជាតិ
មន្ទីរបញ្ចកោណថា ចិននឹងមិនឈ្លានពានតៃវ៉ាន់ក្នុងរយៈពេល២ឆ្នាំខាងមុខ
10, Aug 2022 , 2:55 pm        
រូបភាព
អនុរដ្ឋមន្រ្តីការពារជាតិអាម៉េរិក Colin Kahl ទទួលបន្ទុកគោលនយោបាយ។ រូបថត AFP
អនុរដ្ឋមន្រ្តីការពារជាតិអាម៉េរិក Colin Kahl ទទួលបន្ទុកគោលនយោបាយ។ រូបថត AFP
មន្រ្តីជាន់ខ្ពស់មន្ទីរបញ្ចកោណទទួលបន្ទុកគោលនយោបាយ នៅថ្ងៃទី៨ ខែកក្កដា បានលើកឡើងថា មន្ទីរបញ្ចកោណនៅតែមិនផ្លាស់ប្តូរការវាយតម្លៃរបស់ខ្លួនជុំវិញលទ្ធភាពដែលចិនវាយប្រហារតៃវ៉ាន់ឡើយ។ នោះគឺចិននឹងមិនមានគម្រោងឈ្លានពានតៃវ៉ាន់ក្នុងរយៈពេលពីរឆ្នាំខាងមុខឡើយ បើទោះបីជាទីក្រុងប៉េកាំងបានចាប់ផ្តើមសមយុទ្ធយោធាដែលមិនធ្លាប់មានពីមុនជុំវិញកោះនេះកាលពីសប្តាហ៍មុនក៏ដោយ។

 
ឆ្លើយតបទៅនឹងសំណួរថាតើអាម៉េរិកមានការវាយតម្លៃថ្មីពាក់ព័ន្ធនឹងការដណ្តើមយកកោះតៃវ៉ាន់ដោយកម្លាំងរបស់ចិនក្នុងរយៈពេលពីរឆ្នាំខាងមុខឬទេ លោក Colin Kahl អនុរដ្ឋរដ្ឋមន្រ្តីក្រសួងការពារជាតិសម្រាប់គោលនយោបាយ នៅតែរក្សាជំហរចាស់របស់មន្ទីរបញ្ចកោណថា ចិននឹងមិនឈ្លានពានតៃវ៉ាន់ក្នុងរយៈពេល២ឆ្នាំខាងមុខនេះ។ 
 
ទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ដែលមិនធ្លាប់មានពីមុនមកជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិក ណាន់ស៊ី ផេឡូស៊ី។ លើសពីនេះ យោធាចិនក៏បានបាញ់មីស៊ីលរាប់សិបគ្រាប់នៅជិតកោះតៃវ៉ាន់​ និងយ៉ាងហោចណាស់បាញ់មីស៊ីលមួយគ្រាប់ហោះពីលើតៃវ៉ាន់។ 
 
លោក Kahl ក៏បានថ្កោលទោសចិន​ចំពោះសមយុទ្ធនេះ ហើយចោទចិនថា ព្យាយាមប្រើផ្លូវកាត់ចូលទៅក្នុងស្ថានភាពថ្មីដោយដើរហួសបន្ទាត់ក្រហមម្តងហើយម្តងទៀត។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក Politico ។
 
«វាច្បាស់ណាស់ថាទីក្រុងប៉េកាំងកំពុងព្យាយាមបង្កើតភាពធម្មតាថ្មី ជាមួយនឹងគោលដៅនៃការព្យាយាមបង្ខំតៃវ៉ាន់ ប៉ុន្តែនិយាយដោយចំគឺដើម្បីគំរាមសហគមន៍អន្តរជាតិដែល​កន្លងមកផ្តល់សារសំខាន់ដល់ច្រកសមុទ្រតៃវ៉ាន់ចំពោះសេដ្ឋកិច្ចពិភពលោក»។ លោក Kahl បានបន្តបែបនេះ។ 
 
មន្រ្តីក្រសួងការពារជាតិអាម៉េរិកដដែល ចាត់ទុកប្រតិកម្មរបស់ចិនចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាការឆ្លើយតបដោយគ្មានមូលដ្ឋាន។ បើតាមលោក Kahl គោលនយោបាយរបស់អាម៉េរិកមិនបានផ្លាស់ប្តូរ ដោយបន្តគាំទ្រគោលនយោបាយចិនតែមួយ។ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនបានគាំទ្រតៃប៉ិជាមួយនឹងការលក់អាវុធសម្រាប់ការពារខ្លួន៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com