អន្តរជាតិ
លោក បៃឌិន ចុះហត្ថលេខាលើការផ្ដល់សច្ចាប័នឱ្យហ្វាំងឡង់និងស៊ុយអែតចូលណាតូ
10, Aug 2022 , 3:59 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ចុះហត្ថលេខាលើការឯកសារផ្ដល់សច្ចាប័នឱ្យស៊ុយអែត និងហ្វាំងឡង់ចូលណាតូ។ រូបថត AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ចុះហត្ថលេខាលើការឯកសារផ្ដល់សច្ចាប័នឱ្យស៊ុយអែត និងហ្វាំងឡង់ចូលណាតូ។ រូបថត AFP
 ប្រធានាធិបតីអាម៉េរិក ចូ​ បៃឌិន បានចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់លើការផ្ដល់សច្ចាប័នសម្រាប់​ហ្វាំងឡង់និងស៊ុយអែតក្នុងការចូលសម្ព័ន្ធយោធាណាតូ។ លោក បៃឌិន ក៏បានកោតសរសើរ​ប្រទេស​ទាំងពីរចំពោះសេដ្ឋកិច្ចនិងយោធារឹងមាំដែលនឹងជួយឱ្យសម្ព័ន្ធយោធាណាតូ​អាចរីកចម្រើនទៅមុខ។

 
អាម៉េរិក ក្លាយជាប្រទេសទី២៣ ដែលព្រមឱ្យស៊ុយអែត និងហ្វាំងឡង់ក្លាយជាសមាជិកសម្ព័ន្ធយោធាណាតូ។ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី៩ ខែសីហា បានចុះហត្ថលេខាលើការផ្ដល់សច្ចាប័នសម្រាប់សមាជិកភាពប្រទេសទាំងពីរនេះ បន្ទាប់ព្រឹទ្ធសភាយល់ព្រមរួចហើយ។ 
 
ក្នុងការចូលជាសមាជិកសម្ព័ន្ធណាតូ ហ្វាំងឡង់ និងស៊ុយអែត ត្រូវការការគាំទ្រពីសមាជិកទាំង៣០។
 
«ពួកយើងប្តេជ្ញាថាអាម៉េរិក ហ្វាំងឡង់ និងស៊ុយអែតនឹងបន្តការប្រុងប្រយ័ត្នទាំងអស់​គ្នាដើម្បី​ប្រឆាំង​ការគំរាមណាមួយចំពោះសន្តិសុខរួមរបស់យើង»។ លោក បៃឌិន បានថ្លែងបែបនេះ​ថ្ងៃទី៩ ខែសីហាក្រោយការចុះហត្ថលេខានៅសេតវិមាន រួចបន្តថា​ សម្ព័ន្ធណាតូជាមួយហ្វាំងឡង់ និងស៊ុយអែត​នឹង​ប្រឈមមុខជាមួយគ្នា​នឹងការគំរាមកំហែង ឬការឈ្លានពានណាមួយរបស់​សត្រូវដែលអាច​នឹ​ង​កើត​ឡើង។
 
ក្នុងសន្និសីទកាសែតដដែលនោះ លោក បៃឌិន ក៏បានកោតសរសើរហ្វាំងឡង់ និងស៊ុយអែត ដោយ​និយាយថា ប្រទេសទាំងពីរមានទាំងស្ថាប័នប្រជាធិបតេយ្យ​ កម្លាំងយោធា និងតម្លាភាព​សេដ្ឋកិច្ច​ដ៏​រឹង​មាំដែលនឹងជួយឱ្យសម្ព័ន្ធណាតូរីកចម្រើនជាងមុនថែមទៀត។ 
 
ប្រធានាធិបតីអាម៉េរិករូបនេះ ក៏​ឆ្លៀត​រិះគន់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ជាដើមច​ម​ដែល​បាន​ធ្វើឱ្យ​សន្ដិភាព និងស​ន្តិសុខ​តំបន់​អឺរ៉ុ​ប​រង្គោះរង្គើដោយសារតែការឈ្លានពានអ៊ុយក្រែន។ លោក បៃឌិន សង្កត់​ធ្ងន់ថា លោក ពូទីន បានគិតខុស​ដែលបានសន្និដ្ឋានថាអឺរ៉ុបបែកបាក់ និងមិនសហការ​គ្នាក្នុ​ង​ការ​ឆ្លើយ​តបនឹង​ទង្វើរបស់ក្រុងមូស្គូ៕
 

Tag:
 អាម៉េរិក
  ស៊ុយអែត
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com