អន្តរជាតិ
ប្រធានាធិបតីកូរ៉េខាងត្បូង សុំទោសប្រជាជនដែលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
10, Aug 2022 , 5:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល។ រូបថត AFP
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល។ រូបថត AFP
ដោយ:
ប្រធានាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល នៅថ្ងៃទី១០ ខែសីហា បានចេញមុខសុំទោសប្រជាជនដែលរងគ្រោះដោយសារតែទឹកជំនន់ជោគជាំនៅក្រុងសេអ៊ូល និងតំបន់ជុំវិញ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap។

 
រដ្ឋធានីសេអ៊ូល និងតំបន់ជុំវិញរងភ្លៀងធ្លាក់ឥតឈប់ឈរតាំងពីថ្ងៃទី៨ ខែសីហា ដែលបណ្តាលឱ្យមនុស្ស៩នាក់បាត់បង់ជីវិត និង៧ នាក់ទៀតបាត់ខ្លួន។ គិតមកដល់ថ្ងៃនេះ កម្រិតទឹកភ្លៀងដែលធ្លាក់ជោគជាំលើតំបន់ទាំងនោះមានដល់ទៅជាង៥០០​មីលីម៉ែត្រ ដោយបានជន់លិចផ្ទះសម្បែង និងអគារជាង២ពាន់ខ្នង ហើយប្រជាជនយ៉ាងហោចណាស់ ៥៧០ នាក់បានបាត់បង់ផ្ទះសម្បែង។ នេះបើយោងតាមក្រសួងមហាផ្ទៃកូរ៉េខាងត្បូង។
 
ស្របពេលកូរ៉េខាងត្បូងមិនដែលប្រឈមនឹងភ្លៀងធ្លាក់ដ៏ខ្លាំងបំផុតបែបនេះតាំងពីឆ្នាំ១៩៤២ ប្រធានាធិបតីកូរ៉េខាងត្បូង​ យូន សុកយ៉ល ត្រូវបានប្រជាជនរិះគន់យ៉ាងខ្លាំងជុំវិញការឆ្លើយតបរបស់លោកពាក់ព័ន្ធនឹងបញ្ហាទឹកជំនន់នេះ។ ជាជាងទៅធ្វើការនៅការិយាល័យប្រធានាធិបតីចាស់ Blue House ដែលមានមជ្ឈមណ្ឌលប្រតិបត្តិការសម្រាប់គ្រប់គ្រងគ្រោះមហន្តរាយ អំឡុងពេលភ្លៀងធ្លាក់នោះលោក យូន បែរជាធ្វើការពីផ្ទះទៅវិញ។ 
 
ទាក់ទិនបញ្ហានេះ នៅថ្ងៃទី១០ ខែសីហា លោក យូន បានចេញមុខសុំទោសប្រជាជនដែលរងប៉ះពាល់ដោយសារទឹកជំនន់ដ៏អាក្រក់នេះ។
 
« ក្នុងនាមជារដ្ឋាភិបាល ខ្ញុំសុំបួងសួងដល់ជនរងគ្រោះ និងសុំទោសដល់ប្រជាជនដែលរងផលវិបាកទាំងនេះ»។ មេដឹកនាំកូរ៉េខាងត្បូងថ្លែងបែបនេះ អំឡុងកិច្ចប្រជុំរដ្ឋាភិបាលស្តីពីវិធានការឆ្លើយតបនឹងបញ្ហាទឹកជំនន់។ 
 
ចំណែកក្នុងកិច្ចប្រជុំរដ្ឋាភិបាលដាច់ដោយឡែកផ្សេងទៀតនៅថ្ងៃដដែល លោក យូន ប្រាប់ឱ្យមន្រ្តីធានាការពារប្រជាជនដែលងាយរងគ្រោះពីផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ក្នុងសប្តាហ៍នេះ។ បើតាមប្រធានាធិបតីកូរ៉េខាងត្បូង អ្នកដែលប្រឈមនឹងបញ្ហាលំបាកផ្នែកកាយសម្បទា និងហិរញ្ញវត្ថុងាយរងគ្រោះនឹងគ្រោះធម្មជាតិណាស់ ហើយសង្កត់ធ្ងន់ថាថា ទាល់តែប្រជាជនទាំងនេះរួចផុតពីគ្រោះថ្នាក់ ទើបកូរ៉េខាងត្បូងមានសុវត្ថិភាព៕
 
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com