អន្តរជាតិ
ចិន ស្នើជាថ្មីឱ្យតៃវ៉ាន់អនុវត្តគោលការណ៍«ប្រទេសមួយ ប្រព័ន្ធពីរ» ដូចហុងកុង និងមា៉កាវ
10, Aug 2022 , 8:29 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព៖ AFP
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបភាព៖ AFP
ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋចិន នៅថ្ងៃទី១០ ខែសីហា បានបញ្ចេញសៀវភៅសមួយក្បាលស្តីពីបញ្ហាកោះតៃវ៉ាន់ និងការបង្រួបបង្រួមចិនក្នុងយុគសម័យថ្មី។ ក្នុងសៀវភៅសនេះ រដ្ឋាភិបាលក្រុងប៉េកាំង បានស្នើជាថ្មីទៅក្រុងតៃប៉ិឱ្យអនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ដូចដែលហុងកុង និងម៉ាកាវកំពុងអនុវត្ត។

 
មួយរយៈចុងក្រោយ បញ្ហាកោះតៃវ៉ាន់ មានភាពតានតឹងជាខ្លាំង បន្ទាប់ពីទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក។ ជុំវិញបញ្ហានេះ ចិនបានប្តេជ្ញាមិនឱ្យតៃវ៉ាន់ប្រកាសឯករាជ្យពីខ្លួនឡើយ ហើយនៅតែចាត់ទុកតៃវ៉ាន់នៅតែផ្នែកមួយនៃដែនដីរបស់ខ្លួន។ ជាថ្មីម្តងទៀត ចិនបានស្នើតៃវ៉ាន់ឱ្យទទួលយកគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ដូចនៅហុងកុង និងម៉ាកាវដែរ។
 
«ដើម្បីធ្វើឱ្យមានការបង្រួបបង្រួមប្រកបដោយសន្តិភាព យើងត្រូវទទួលស្គាល់ថាចិនដីគោក និងតៃវ៉ាន់ មានប្រព័ន្ធសង្គម និងមនោគមវិជ្ជាផ្សេងគ្នា។ គោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់បញ្ហា»។ សៀវភៅសរបស់ក្រុមប្រឹក្សារដ្ឋចិន បានបញ្ជាក់បែបនេះ ដោយបន្តថា គោលការណ៍មួយនេះ ជាចំណាត់ការ ដែលផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ បង្ហាញពីឆន្ទៈល្អ និងស្វែងរកដំណោះស្រាយប្រកបដោយសន្តិភាពលើបញ្ហាតៃវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន Xinhua។ 
 
បន្ថែមនេះ សៀវភៅសដដែលនោះ បានបញ្ជាក់ថា ប្រព័ន្ធដឹកនាំសង្គមខុសគ្នា មិនមែនជាឧបសគ្គសម្រាប់ការបង្រួមបង្រួមជាមួយគ្នាឡើយ។ មិនតែប៉ុណ្ណោះ ចិន ក៏បានប្តេជ្ញាមិនឱ្យមានកម្លាំងផ្តាច់ខ្លួន នៅតៃវ៉ាន់គ្រប់ទម្រង់ផងដែរ។ 
 
កន្លងមក ចិន បានស្នើឱ្យតៃវ៉ាន់អនុវត្តគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ជាច្រើនលើក ដើម្បីបង្រួបបង្រួមប្រទេស ដែលបានបែកបាក់ចាប់តាំងពីឆ្នាំ១៩៤៩មក។ យ៉ាងណាមិញ រដ្ឋាភិបាលក្រុងតៃប៉ិបានបដិសេធ។ លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់ បានធ្លាប់លើកឡើងថា ប្រទេសមួយ ប្រព័ន្ធមួយនេះ បានធ្វើឱ្យហុងកុងស្ថិតក្នុងភាពអសណ្តាប់ធ្នាប់៕
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com