ជាតិ
សេដ្ឋកិច្ច
កម្ពុជាផលិតមាសបានជាង ៣ ៥០០គីឡូក្រាម ពីតំបន់អូរខ្វាវ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងរ៉ែ និងថាមពល
× ជាងមួយឆ្នាំមកនេះ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ផលិតមាស ពីតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រមាណ៣,៥តោន។ នេះជាការលើកឡើងរបស់លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ដែលបានបញ្ជាក់ថា កម្ពុជាទទួលបានចំណូលសួយសារជាង៥លានដុល្លារអាម៉េរិក ពីបរិមាណមាសទាំងនេះ។
ក្រុមហ៊ុន រ៉ឺនេសង់ បានបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នៅតំបន់អូខ្វោវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១មិថុនា ឆ្នាំ២០២១មក។ គិតមកត្រឹមដើមខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុនរបស់ប្រទេសអូស្រ្តាលីមួយនេះ ផលិតមាសពីតំបន់នេះបាន ៣ ៥៤៣គីឡូក្រាម(ជាង៣,៥តោន)។ លោក អ៊ឹង ឌីបូ៉ឡា ថ្លែងបែបនេះក្នុងសន្និសីទកាសែត ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៩សីហា។
បើតាមលោក អ៊ឹង ឌីបូ៉ឡា បរិមាណមាសទាំងនេះ តម្រូវឱ្យក្រុមហ៊ុនបង់សួយសារចូលរដ្ឋ ជាង៥,១លានដុល្លារ។ លោកបញ្ជាក់ថា ចំណូលដែលរដ្ឋាភិបាលទទួលបាននេះ គឺមិនបូកបញ្ចូលនូវចំណូលពន្ធលើប្រាក់ចំណេញ ឬប្រភេទពន្ធផ្សេងៗឡើយ។
មុននឹងឈានដល់ការបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» នៅតំបន់អូរខ្វាវមកទល់សព្វថ្ងៃនេះ ក្រុមហ៊ុន រ៉ឺនេសង់ បានចំណាយពេលរុករកធនធានធម្មជាតិនេះ អស់រយៈពេល១៤ឆ្នាំ។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ផលិតបានដុំមាសពាក់កណ្តាលសម្រេច ដែលមានអត្រាមាសក្នុងកម្រិត៩០ភាគរយ(Gold Dore Bars) ហើយនាំចេញទៅប្រទេសអូស្ត្រាលី ដើម្បីបន្សុទ្ធជាមាស១០០ភាគរយ សម្រាប់ដាក់លក់នៅទីផ្សារប្រទេសនោះតែម្តង។
កន្លងមក ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន រំពឹង ថា ការផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូខ្វាវ ស្រុកកែវសីមា ដោយក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited នឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ។ សម្តេច បានបញ្ជាក់ថា ក្នុងចំណោមចំណូលដុលនោះ មានចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ៤០លានដុល្លារក្នុងមួយឆ្នាំ។ បើតាមសម្តេច ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
បច្ចុប្បន្ន ក្រៅពីក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ក្រសួងរ៉ែ និងថាមពល ក៏បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុនចំនួន៦ទៀត ឱ្យរុករកនិងបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» នៅកម្ពុជា ផងដែរ។ ក្រុមហ៊ុនទាំងនោះមកពីប្រទេសឥណ្ឌា និងប្រទេសចិន...ជាដើម។ នេះជាការរៀបរាប់បន្ថែមរបស់លោក ឌីបូ៉ឡា៕
Tag:
រ៉ែមាស
តំបន់អូរខ្វាវ
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com