អន្តរជាតិ
អាម៉េរិក ផ្ដល់ជំនួយ៨៩លានដុល្លារដើម្បីបោសសម្អាតមីននិង​យុទ្ធ​ភណ្ឌមិនទាន់ផ្ទុះនៅអ៊ុយក្រែន
10, Aug 2022 , 9:29 pm        
រូបភាព
មីនដែលត្រូវបានបង្កៃនៅទីក្រុង Mariupol ។ រូបថត AFP
មីនដែលត្រូវបានបង្កៃនៅទីក្រុង Mariupol ។ រូបថត AFP
ក្រសួងការបរទេសអាម៉េរិក បានអនុម័តផ្ដល់លុយ៨៩លានដុល្លារដើម្បីជួយអ៊ុយក្រែន​បោសសម្អាត​មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងរយៈពេលមួយឆ្នាំ។ នេះបើ​តាមការលើកឡើងរបស់មន្ត្រីអាម៉េរិក​នៅ​ថ្ងៃទី៩ ខែសីហា។

 
គម្រោងជំនួយ៨៩លានដុល្លារដែលទទួលភ្លើងបៃតងពីក្រសួងការបរទេសអាម៉េរិក នឹងរួមបញ្ចូល ការបណ្តុះបណ្តាលក្រុមអ្នក​ជំនាញ និងទិញគ្រឿងបរិក្ខារចាំបាច់សម្រាប់បោសសម្អាតមីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ក្នុងរយៈពេលមួយឆ្នាំ។ ការផ្តល់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់លើកនេះ ជា​ជំនួយ​ដ៏ធំបំផុតមិន​ធ្លាប់មានរបស់អាម៉េរិកលើកម្មវិធីដោះមីននៅអ៊ុយក្រែន។
 
បើតាមមន្រ្តីអាម៉េរិក ការផ្ដល់ជំនួយពេលនេះ ត្រូវបានប្រៀបធៀបទៅនឹងការដោះមីន និងយុទ្ធភណ្ឌ​មិ​នទាន់ផ្ទុះនៅវៀតណាម កម្ពុជា និងឡាវ ក្រោយសង្រ្គាមចន្លោះឆ្នាំ១៩៦០ និងឆ្នាំ១៩៧០ ដែរ។
 
កម្មវិធីនេះនឹងដំណើរការតាមរយៈក្រុមហ៊ុនទទួលយកការងារនេះ និងអង្គការមិនមែនរដ្ឋាភិបាល។ បើតាមទី​ភ្នាក់ងារព័ត៌មាន Reuters ជំនួយអាម៉េរិក មិនត្រឹមតែផ្តល់សម្រាប់ការបណ្តុះបណ្តាល​ប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់សម្រាប់ទិញឧបករណ៍រកមីន និងគ្រឿងចក្រគាស់កាយដីជាដើម ប្រសិន​បើ​ចាំ​បាច់។ 
 
លោក Andriy Yermak ប្រធានខុទ្ធការល័យរបស់ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា ជំនួយ​នេះ​បាន​ដោះស្រាយ​កិច្ចការ​សំខាន់​បំផុតមួយ​របស់​ប្រទេស។ តាមការ​ប៉ាន់ស្មាន ផ្ទៃដី១៦ម៉ឺនគីឡូម៉ែត្រក្រឡានៃអ៊ុយក្រែនមានមីនដែលត្រូវ​បោស​សម្អាត ហើយទំហំនោះ​ប្រហែលប៉ុនរដ្ឋ Virginia, Maryland និង Connecticut រួមបញ្ចូល​គ្នាទៅទៀត។ 
 
មីននៅអ៊ុយក្រែនភាគច្រើន ត្រូវបានដាក់ពង្រាយដោយសហភាពសូវៀតតាំងពីទសវត្សន៍ឆ្នាំ១៩៥០ និងក្នុងពេលមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនពេលថ្មីៗនេះផងដែរ។
 
គួរបញ្ជាក់ថា អាម៉េរិក ជាអ្នកគាំទ្រដ៏ធំផ្នែកហិរញ្ញវត្ថុសម្រាប់ការបំផ្លាញអាវុធយុទ្ធភណ្ឌ ហើយបានផ្តល់​ជំនួយជាង៤,២ពាន់លានដុល្លារដល់ប្រទេសជាង១០០ ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ​២០២១។ អាម៉េរិក ​ក៏​ជា​ប្រទេសនាំ​ចេញ​អាវុធ​ធំ​ជាង​គេ​របស់​ពិភពលោក​ផង​ដែរ៕ 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com