អន្តរជាតិ
អាម៉េរិកផ្តល់ជំនួយ ២៥លានដុល្លារដល់កម្ពុជា ដើម្បីពង្រឹងផ្នែកឯកជនលើវិស័យកសិកម្ម
10, Aug 2022 , 9:59 pm        
រូបភាព
លោក វេង សាខុន កំពុងបង្ហាញទៅលោក W. Patrick Murphy នូវផលិតកសិកម្មដែលវិស័យឯកជនទទួលបានគាំទ្រថវិកាតាមរយៈគម្រោង កម្ពុជាហាវែសកន្លងមក នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ រូបពី USAID ។_
លោក វេង សាខុន កំពុងបង្ហាញទៅលោក W. Patrick Murphy នូវផលិតកសិកម្មដែលវិស័យឯកជនទទួលបានគាំទ្រថវិកាតាមរយៈគម្រោង កម្ពុជាហាវែសកន្លងមក នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ រូបពី USAID ។_
ដោយ ៖ ធន់ សេងហុង 
 
ទីភ្នាក់ងារសហរ​ដ្ឋអាម៉េរិក (USAID) បានផ្តល់ថវិកាចំនួន ២៥លានដុល្លារដល់កម្ពុជា លើគម្រោង «កម្ពុជាហាវែសIII» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ឱ្យមានភាពទូលំទូលាយនិងប្រកបដោយចីរភាព តាមរយៈការបង្កើនពិពិធកម្ម និងការប្រកួតប្រជែងនៅក្នុងវិស័យកសិកម្ម។​


គម្រោង កម្ពុជាហាវែស III ត្រូវបានលោកឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា W. Patrick Murphy និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសដាក់ឱ្យដំណើរការ ​ចាប់​ពី​ខែមេសា ឆ្នាំ ​២០២២ ដល់​ខែមីនា ឆ្នាំ​ ២០២៧។ គម្រោងនេះទទួលបានការគាំទ្រថវិកាពីគំនិតផ្តួចផ្តើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់អាម៉េរិក (Feed the Future) និងគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក (USAID)។ 
 
អាម៉េរិកបានផ្តល់ថវិកាជិត ១០០លានដុល្លារ ក្នុងរយៈពេលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ ក្នុងគោលបំណងលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ តាមរយៈការពង្រឹងវិស័យកសិកម្មកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ USAID នាថ្ងៃទី ៩សីហា។ 
 
លោក W. Patrick Murphy បានបញ្ជាក់ថា ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ កម្ពុជាចាំបាច់ត្រូវតែពង្រឹងសុវត្ថិភាពស្បៀងអាហាររបស់ខ្លួន។ ដូច្នេះគម្រោង «កម្ពុជាហាវែស III» គឺបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាម៉េរិក ក្នុងការជួយកម្ពុជា ឱ្យសម្រេចគោលដៅមួយនេះ ។
 
កម្ពុជាហាវែស III នឹងបន្តការអភិវឌ្ឍលើកស្ទួយឱកាសសេដ្ឋកិច្ចប្រកបដោយចីរភាព និងបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ។ គម្រោងនេះនឹងជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ជាពិសេសស្ត្រី យុវជន និងប្រជាជនងាយរងគ្រោះ តាមរយៈកិច្ចសហការជាមួយវិស័យឯកជននៅក្នុងទីផ្សារកសិកម្ម ។
 
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គម្រោងនេះ នឹងជួយកំណើនសេដ្ឋកិច្ចកម្ពុជា ពិសេសជួយជំរុញវិស័យកសិកម្ម​ឱ្យកាន់តែទំនើប មានភាពប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមុទាំងជួយបង្កើនសមត្ថភាពវិស័យឯកជនក្នុងការផលិត ធានាគុណភាព សុវត្ថិភាព និងជំរុញការនាំចេញ។​
 
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានបញ្ជាក់ថា ជំនួយនេះ នឹងបង្កើន​ទុន​វិនិយោគ​ ដើម្បីពង្រឹងផលិតភាពកែច្នៃ ពង្រីកប្រព័ន្ធទីផ្សារ​លក់ និង​បង្កើនសមត្ថភាព​គ្រប់​គ្រង​​​កសិដ្ឋាន​។ ជាពិសេស​ នឹងជួយពង្រឹងប្រព័ន្ធត្រួតពិនិត្យអនាម័យតាម រយៈការជំរុញឱ្យប្រើប្រាស់នូវ​បច្ចេក វិទ្យា​​សម​ស្រប និងនវានុវត្តន៍​។
 
គម្រោងនេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិក Antony Blinken ក្នុងអំឡុងពេលធ្វើទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី ៤សីហាកន្លងទៅ ។ លោកលើកឡើងថា ការង្រឹងនូវសន្តិសុខស្បៀងពិភពលោក និងដោះស្រាយឬសគល់នៃភាពអត់ឃ្លាន កង្វះអាហារូបត្ថម្ភ និងភាពក្រីក្រ ជារឿ៉ងសំខាន់។
 
លោកបញ្ជាក់ថា ៖ « យើងជឿជាក់លើគម្រោងនេះ យើងជឿជាក់លើដៃគូនានារបស់យើង ហើយយើងចង់ធ្វើការល្អៗឱ្យបានច្រើនជាមួយគ្នា»។
 
​គម្រោង កម្ពុជាហាវែស III នឹងធ្វើការជាមួយដៃគូពាក់ព័ន្ធក្នុងវិស័យកសិកម្ម អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា ស្ថាប័នហិរញ្ញវត្ថុ និងភាគីដទៃទៀត ដើម្បីអភិវឌ្ឍនូវកម្លាំងការងារជំនាញ បង្កើតការងារ និងចាប់យកឱកាសទីផ្សារនានានៅក្នុងវិស័យកសិកម្ម ។ 
 
ទីភ្នាក់ងារជំនួយអាមេរិក USAID រំពឹងថា ក្នុងរយៈពេល៥ឆ្នាំ គម្រោងនេះនឹងបង្កើនទុនវិនិយោគ ១៥៣លានដុល្លារ ដល់ផ្នែកឯកជនក្នុងវិស័យកសិកម្ម ដែលក្នុងនោះជំរុញឲ្យមានការវិនិយោគពីក្រុមហ៊ុនឯកជន ក្នុងទំហំទឹកប្រាក់ ៣៨លានដុល្លារ និងអាចបង្កើតការងារដល់ពលរដ្ឋបានជាង ៣ ០០០កន្លែង។

ជាពិសេសជួយកសិករ និងក្រុមហ៊ុនឯកជនឲ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មក្នុងទំហំ ១៥លានដុល្លារ និងបង្កើនការលក់ផលិតផលកសិកម្មឲ្យបានដល់ ១០០លានដុល្លារ។
 
គួរបញ្ជាក់ថា គម្រោងកម្ពុជាហាវែស II ទើបតែបញ្ចប់ទៅថ្មីៗនេះ ​មានរយៈពេល៥ឆ្នាំ គិតចាប់ពី ២០១៧-២០២២ ដែលបានជួយវិស័យឯកជនបង្កើនទុនវិនិយោគ ២៨ លានដុល្លារ បង្កើតការងារជាង ២ ៥០០កន្លែង និងគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយកសិកម្មចំនួន ១៧ ព្រមទាំងជួយគាំទ្រអាជីវកម្ម និងអ្នកផលិតក្នុងវិស័យសាកវប្បកម្ម បង្កើនការលក់បានជាង ៧៥ លានដុល្លារ៕
 
 

Tag:
 អាម៉េរិក USAID ជំនួយ
© រក្សាសិទ្ធិដោយ thmeythmey.com