អន្តរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ី ជំរុញឱ្យប្រជាជនខ្លួនឈប់ស្វែងរកការព្យាបាលនៅបរទេស
10, Aug 2022 , 10:29 pm        
រូបភាព
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព៖ AFP
លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ នៅថ្ងៃទី៩ ខែសីហា បានអំពាវនាវឱ្យប្រជាជនខ្លួនឈប់ស្វែងរកការព្យាបាលនៅបរទេស ខណៈរដ្ឋាភិបាលបានកសាងមន្ទីរពេទ្យដែលបំពាក់ឧបករណ៍ដ៏ទំនើបនៅក្នុងតំបន់។ តាមការបញ្ជាក់របស់អនុរដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី ប្រជាជនឥណ្ឌូណេស៊ីប្រមាណពី ៦០ម៉ឺននាក់ ទៅ១លាននាក់ បានស្វែងរកការព្យាបាលនៅបរទេស។

 
ប្រជាជនឥណ្ឌូណេស៊ី ជាច្រើនម៉ឺននាក់តែងទៅព្យាបាលទៅបរទេសដូចជាម៉ាឡេស៊ី សិង្ហបុរី និងថៃ ជារាល់ឆ្នាំ។ អនុរដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក Dante Saksono នៅក្នុងខែមីនា កន្លងទៅ បានអះអាងថា ប្រជាជនឥណ្ឌូណេស៊ី ចន្លោះពី៦០ម៉ឺននាក់ ទៅ១លាននាក់ បានស្វែងរកការព្យាលបាលនៅបរទេស។ បើតាមលោកអនុរដ្ឋមន្រ្តី ថវិកាប្រមាណ ១១,៥ពាន់លានដុល្លារ បានហូរទៅបរទេស។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Antara News។ 
 
ដោយប្រជាជនជាច្រើនម៉ឺននាក់បន្តទៅព្យាបាលនៅក្រៅប្រទេស ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ នៅថ្ងៃទី៩ ខែសីហា បានអំពាវនាវឱ្យប្រជាជនឈប់ធ្វើបែបនោះ ហើយព្យាបាលនៅក្នុងប្រទេសវិញ បន្ទាប់រដ្ឋាភិបាលបានសាងសង់មន្ទីរពេទ្យដ៏ទំនើបមួយនៅក្នុងតំបន់។ 
 
«ខ្ញុំពិតជាខកចិត្តណាស់ បន្ទាប់ពីលឺប្រជាជនយើងជាច្រើននាក់ ដែលឈឺ និងបានរកការព្យាបាលនៅបរទេស...»។ លោក វីដូដូ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងពិធីសម្ពោធអគារថ្មី នៅមន្ទីរពេទ្យ Soedarso ក្នុងតំបន់កាលីម៉ាន់តាន់ខានលិច ដោយបន្តថា ចាប់ពីថ្ងៃនេះ ប្រជាជនឥណ្ឌូណេស៊ី គួរតែឈប់រកការព្យាបាលនៅបរទេស ដោយសារមន្ទីរពេទ្យដែលបំពាក់ឧបករណ៍ទំនើប ត្រូវបានសាងសង់រួចហើយ។ 
 
តាមការបញ្ជាក់របស់លោកវីដូដូ អគារមន្ទីរពេទ្យថ្មីនេះ មានបន្ទប់ចំនួន ២៧៧ និងបន្ទប់ប្រតិបត្តិចំនួន ១៤។ បន្ថែមពីនេះ អគារនោះ ក៏មានបន្ទប់សង្រ្គោះបន្ទាន់, សម្ពព, និងព្យាបាលក្មេងផង។ 
 
ក្នុងពិធីដដែល ប្រមុខរដ្ឋឥណ្ឌូណេស៊ីរូបនេះ បានថ្លែងគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលថ្នាក់ខេត្តកាលីម៉ាន់តាន់ខានលិច ដែលនឹងផ្តល់សេវាមន្ទីរពេទ្យ ដោយគ្មានការរើសអើង ដើម្បីឱ្យប្រជាជនទទួលបានសេវាប្រកបដោយសមភាព៕ 
 

Tag:
 ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com