កីឡាអន្តរជាតិ
អន្តរជាតិ
La Liga បដិសេធចុះឈ្មោះកីឡាករថ្មី Barca ខណៈប្រធានក្លិបរំពឹងខ្ពស់ថាធ្វើបាន
11, Aug 2022 , 9:29 am        
រូបភាព
Barcelona នៅតែមិនទាន់អាចចុះឈ្មោះកីឡាករចំណូលថ្មី ៥រូបដែលទើបនាំមក ក្នុងក្របខណ្ឌ La Liga បានឡើយសម្រាប់រដូវកាលថ្មី ដ្បិត La Liga បដិសេធ ព្រោះក្លិបមួយនេះបាន ប្រើលុយផ្ទាល់ខ្លួនដើម្បីបង្គ្រប់តម្លៃ ដោយលក់ភាគហ៊ុននិងសិទ្ធិផ្សព្វផ្សាយកន្លងមក។ នេះបើតាមកាសែត The Guardian ថ្ងៃទី៩ ខែសីហា។

 
រដូវកាលថ្មីនេះ Barca បានលក់សិទ្ធិទូរទស្សន៍ La Liga របស់ខ្លួនទៅឱ្យក្រុមហ៊ុន Sixth Street រហូតដល់ទៅ ២៥ភាគរយ សម្រាប់រយៈពេល ២៥ឆ្នាំ ហើយទទួលបានប្រាក់ចំណូល ៦៨១លានដុល្លារពីការលក់នេះ។ កាលពីចុងខែកក្កដា Barcelona ក៏បានប្រកាសលក់សិទ្ធិផ្សព្វផ្សាយស្តូឌីយោ ឬ Barca Studio ២៥ភាគរយបន្ថែមទៅឱ្យក្រុមហ៊ុនវិនិយោគ GDA Luma និងទទួលបានប្រាក់ជាង ១០២លានដុល្លារ និងចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឧបត្ថម្ភថ្មី Spotify ២៨០លានដុល្លារ។
 
ក្រោយមានការលក់សិទ្ធិផ្សព្វផ្សាយផ្សេងៗ Barca បាននាំចូលកីឡាករថ្មីប្រាំរូបរួមមាន Robert Lewandowski, Andreas Christensen, Jules Kounde, Frank Kessie និង Raphinha ហើយកីឡាករ ៣ ក្នុងចំណោមនោះត្រូវបានលោក Joan Laporta រំពឹងថានឹងអាចចុះឈ្មោះលេងប្រកួតដំបូង La Liga។ បើតាមក្លិប Barca ខ្លួនបានរកចំណូលបានជាង ៨៦០លានដុល្លារ ក្នុងការដោះបំណុលហិរញ្ញវត្ថុរបស់ក្លិប និងពង្រឹងក្រុមឡើងវិញ។
 
ប៉ុន្តែតាមការបញ្ជាក់របស់លីគ La Liga បានរកឃើញថា ចំនួនប្រាក់ដែល Barcelona ទទួលបានពីការលក់សិទ្ធិផ្សព្វផ្សាយផ្សេងទៅឱ្យក្រុមហ៊ុនវិនិយោគ Sixth Street នោះទទួលបានប្រាក់ត្រឹមតែ ៥១៩លានដុល្លារប៉ុណ្ណោះ។ បើតាមការផ្សាយរបស់វិទ្យុអេស្ប៉ាញ Cadena Cope ប្រាក់ជាង ១៥២លានដុល្លារនៅសល់ គឺក្លិបបានចេញដោយខ្លួនឯង។ 
 
ហេតុផលផ្សេងទៀតដែលធ្វើឱ្យ La Liga បដិសេធមិនទាន់ព្រមចុះឈ្មោះកីឡាករថ្មី Barca ទៅក្នុង La Liga ក៏ព្រោះដោយសារតែក្លិបមួយនេះបានចំណាយប្រាក់ច្រើននាំយកកីឡាករថ្មី ខណៈខ្លួនមិនទាន់អាចគ្រប់គ្រងការចំណាយលើប្រាក់បៀវត្សរ៍កីឡាករ ឱ្យមានកម្រិតតាមការកំណត់របស់ La Liga។  
 
Barcelona កំពុងតែព្យាយាមដោះស្រាយលើរឿងលក់កីឡាករចេញខ្លះ ដើម្បីអាចអនុញ្ញាតឱ្យក្លិបអាចចុះឈ្មោះកីឡាករថ្មី ខណៈពេលនេះខ្សែបម្រើ Frankie de Jong ជាកីឡាកម្នាក់មានតម្លៃប្រាក់ពលកម្មខ្ពស់ជាងគេនៅក្លិប ។ Barca ក៏បានស្នើឱ្យរូបគេកាត់ប្រាក់ពលកម្ម ដើម្បីបន្តជាមួយក្លិប។ បច្ចុប្បន្ន Barca ក៏កំពុងចរចាលើបញ្ហាប្រាក់ពលកម្មកីឡាករចាស់ៗដូចជា Gerard Pique, Sergio Busquets និង Jordi Alba ដើម្បីអាចនាំយកកីឡាករថ្មីបន្ថែមទៀត៕
 
 

Tag:
 La Liga
  Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com