អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុន រុះរើគណៈរដ្ឋមន្រ្តី, ប្អូនប្រុសលោក អាបេ បាត់បង់តំណែងរដ្ឋមន្រ្តីការពារជាតិ
10, Aug 2022 , 6:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត Xinhua
នាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ។ រូបថត Xinhua
ដោយ៖ ហ៊ួយ ស៊ីវលី
 
នាយករដ្ឋមន្ត្រីជប៉ុន គីស៊ី ដា ហ្វូមីអូ បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយមានការផ្លាស់ប្តូរមន្ត្រីមួយចំនួននៅថ្ងៃទី១០​ ខែសីហា ស្របពេលដែលប្រជាប្រិយរបស់រដ្ឋាភិបាលរបស់លោកធ្លាក់ចុះ។ ប្អូនប្រុសលោក អាបេ ស៊ិនហ្សូ ត្រូវបានដកចេញពីតំណែងរដ្ឋមន្រ្តីការពារជាតិ។

 
ជាលើកដំបូងក្នុងអាណត្តិរបស់ខ្លួន នាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា ហ្វូមីអូ បានកែសម្រួលសមាសភាពគណៈរដ្ឋមន្រ្តីដើម្បីឆ្លើយតបនឹងការធ្លាក់ចុះប្រជាប្រិយភាពរបស់រដ្ឋាភិបាលរបស់លោក ខណៈដែលសមាជិកខ្លះមានទំនាក់ទំនងជាមួយអង្គការ Unification Church ដែលពាក់ព័ន្ធក្នុងសំណុំរឿងឃាតកម្មអតីតនាយករដ្ឋមន្រ្តី អាប ស៊ិនហ្សូ។ ប្រជាជនហាក់មិនពេញចិត្តឡើយចំពោះទំនាក់ទំនងរវាងអ្នកនយោបាយជប៉ុន ជាមួយនឹងអង្គការសាសនាមួយនេះ។ 
 
ទាក់ទងការរុះរើគណៈមន្ត្រីវិញ លោក Yasukazu Hamada ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិពីឆ្នាំ ២០០៨​ ដល់២០០៩ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិជំនួសលោក ណូបុ គីស៊ី ដែលជាប្អូនប្រុសបង្កើតលោក អាបេ។ លោក គីស៊ី ផ្ទាល់ កំពុងមានបញ្ហាសុខភាព ហើយលោកក៏បានសារភាពថាមានទំនាក់ទំនងជាមួយអង្គការសាសនា Unification Church ផងដែរ។ 
 
រីឯលោក Katsunobu Kato ដែលធ្លាប់បានបម្រើការជារដ្ឋមន្ត្រីសុខាភិបាលក្រោមការដឹកនាំរបស់លោក អាបេ ក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីសុខាភិបាលជាលើកទីបីផងដែរ។ ចំណែកលោក Taro Kono ត្រូវបានតែងតាំងជារដ្ឋមន្ត្រីកិច្ចការឌីជីថល ហើយលោកស្រី Sanae Takaichi ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ច។
 
អង្គការសាសនាខាងលើ ក្លាយជាចំណាប់អារម្មណ៍ ក្រោយជនសង្ស័យដែលបាញ់លោក អាបេ ត្រូវបានរាយការណ៍ថា ខឹងនឹងអតីតនាយករដ្ឋមន្រ្តីរូបនេះដែលមានទំនាក់ទំនងជាមួយអង្គការដដែលនេះ។ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុនជាច្រើនបានផ្សព្វផ្សាយថា មានសមាជិកសភាដែលកំពុងកាន់អំណាចជាច្រើន បានទទួលជំនួយពីសមាជិកអង្គការសាសនានេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Japan Times។ 
 
ដោយសាររឿងនេះ ប្រជាប្រិយភាពរបស់រដ្ឋាភិបាលលោក គីស៊ីដា មានត្រឹម៤៦ភាគរយ។ នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃទី៨ ខែសីហាដោយទូរទស្សន៍សាធារណៈ NHK។ ចំណែកឯការស្ទង់មតិមួយផ្សេងទៀតដោយសារព័ត៌មានជប៉ុន Yomiuri Shimbun បានបង្ហាញថាមាន៥៧ភាគរយ៕
 

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com