អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata បង្ហាញក្រុមឡើងទៅកាន់វគ្គបន្តចំនួន៥ ក្រុមសម្រាប់កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart
10, Aug 2022 , 7:33 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖ បន្ទាប់ពីបានចូលរួមសិក្ខាសាលាបំប៉នជំនាញបន្ថែមក្នុងវគ្គ Bootcamp វគ្គ Hatch និងវគ្គ Digithon Challenge ក្រុមចំនួន៥ ត្រូវបានជ្រើសរើសដើម្បីឡើងទៅកាន់វគ្គបន្ទាប់គឺវគ្គ Incubation and Internship នៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart (SmartStart Young Innovator Program) ដែលឥឡូវនេះបានចូលដល់រដូវកាលទី៥ ហើយ។
 
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដែលត្រូវបានផ្តួចផ្តើមដោយក្រុមហ៊ុន Smart Axiata សហការជាមួយ Impact Hub Phnom Penh គឺជាកម្មវិធីអភិវឌ្ឍន៍អ្នកមានទេពកោសល្យផ្នែកឌីជីថលឈានមុខគេនៅកម្ពុជា ដើម្បីស្វែងរក និងបណ្ដុះបណ្ដាលអនាគតអ្នកដឹកនាំផ្នែកសហគ្រិនភាពឌីជីថលនៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ចំពោះមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ដែលផ្តួចផ្តើមដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។


 
ក្រុមទាំង៥ ដែលនឹងត្រូវឡើងទៅកាន់វគ្គបន្តគឺវគ្គ Incubation and Internship រួមមាន៖-
 
KAKVEI៖ ជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Al) ដែលធ្វើឱ្យការសរសេរភាសាខ្មែរមានភាពប្រសើរឡើងតាមរយៈបំប្លែងការសរសេរអក្សរខ្មែរបែបរ៉ូម៉ាំងទៅជាអក្សរខ្មែរ ដោយមានការកែតម្រូវវេយ្យាករណ៍ខ្មែរ និងកំហុសអក្ខរាវិរុទ្ធដោយស្វ័យប្រវត្តិ។ ឧទាហរណ៍ “nh der lg” ដែលនឹងបំប្លែងទៅជា “ខ្ញុំដើរលេង” ។
 
MOVERY៖ ជាកម្មវិធីដែលផ្តល់សេវាកម្មផ្លាស់ទី ឬរើសទីលំនៅ ដែលផ្តល់ជូនភាពងាយស្រួល ភាពទុកចិត្តបាន និងវិជ្ជាជីវៈសម្រាប់ទាំងគ្រួសារ និងក្រុមហ៊ុន។
 
HOMATIC៖ ជាប្រព័ន្ធសុវត្ថិភាពគេហដ្ឋានស្វ័យប្រវត្តិ ដែលប្រកាសអាសន្នពេលមានចោរកំពុងធ្វើសកម្មភាព និង ផ្តល់ដំណឹងដល់ប៉ូលិសមូលដ្ឋានដោយស្វ័យប្រវត្តិ។
 
DOLFIN៖ ជាកម្មវិធីបរិយាបន្នហិរញ្ញវត្ថុ ដែលផ្តល់ព័ត៌មានជូនអ្នកប្រើប្រាស់អំពីផលិតផលកម្ចី ការតភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ទៅកាន់មន្រ្តីឥណទាន និងការប្រឹក្សាអំពីកម្ចីផ្ទាល់ខ្លួន។
 
SKINOREA៖ កម្មវិធីទីផ្សារថែរក្សាស្បែកតាមទូរស័ព្ទសម្រាប់ប្រជាជនដែលកើតនៅចន្លោះចុងទសវត្សរ៍ឆ្នាំ១៩៩០ ដល់ដើមទសវត្សរ៍ឆ្នាំ២០១០ (Gen Z) ដែលជួយផ្តល់ជម្រើសផ្សេងៗតាមរយៈ Machine learning។
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «យើងសូមអបអរសាទរដល់ក្រុមទាំងអស់ដែលបានឈានដល់វគ្គ Incubator ដ៏រំភើបនេះ។ យើងក៏សូមកោតសរសើរផងដែរចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងកម្មវិធីឆ្នាំនេះ។ ជាមួយនឹងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart យើងមានគោលបំណងពង្រីកគំនិតរបស់សិស្សជំនាន់ក្រោយរបស់យើងតាមរយៈបច្ចេកវិទ្យា និងភាពជាសហគ្រិន ដោយផ្តល់ឱ្យពួកគេនូវឱកាសបញ្ចេញសមត្ថភាព អភិវឌ្ឍ និងបង្កើតគំនិតអនាគតរបស់ពួកគេ»។


 
បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះមួយចំនួនរួចមកដែលរួមមានការប្រកួតប្រជែងក្នុងវគ្គ “Hatch” និង “Digithon” ដែលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាប្រឈមក្នុងជីវិតពិតដោយប្រើបច្ចេកវិទ្យា Internet of Things និងបង្ហាញគំនិតរបស់ពួកគេសម្រាប់វគ្គ “Technopreneurship Challenge” រួចមក ក្រុមដែលទទួលបានជោគជ័យទាំង៥ ឥឡូវនេះនឹងធ្វើកម្មសិក្សាដោយទទួលបានប្រាក់ខែរយៈពេល ៣ខែជាមួយនឹងការបណ្តុះបណ្តាលនៅក្រុមហ៊ុនបង្កើតថ្មីក្នុងស្រុកខាងផ្នែកបច្ចេកវិទ្យា ដើម្បីយល់កាន់តែច្បាស់អំពីដំណើរការអាជីវកម្ម និងពង្រីកមូលដ្ឋានចំណេះដឹងរបស់ពួកគេ។
 
បន្ទាប់ពីបញ្ចប់កម្មវិធីកម្មសិក្សារយៈពេល ៣ខែរបស់ពួកគេដោយជោគជ័យរួច ក្រុមទាំង៥ នឹងបន្តឡើងទៅកាន់វគ្គទី៥ គឺវគ្គ Grand Final Pitch នៃកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart ដើម្បីប្រកួតប្រជែងដណ្តើមយករង្វាន់ធំជាទឹកប្រាក់ ១ម៉ឺនដុល្លារ និងមានឱកាសឈ្នះដំណើរទស្សនកិច្ចកម្សាន្តទៅចូលរួមក្នុងសន្និសិទ្ធបច្ចេកវិទ្យាក្នុងតំបន់ដោយទទួលបានការឧបត្ថម្ភទាំងស្រុង។
 
កញ្ញា Mélanie Mossard  នាយកប្រតិបត្តិ Impact Hub Phnom Penh បានមានប្រសាសន៍ថា៖ «យើងមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងខាងផ្នែកបច្ចេកវិទ្យាទាំងនេះ ដើម្បីបង្ហាញជំនាញប្រកបដោយភាពច្នៃប្រឌិតសំខាន់ៗរបស់ពួកគេ ហើយផ្តល់ឱកាសឱ្យពួកគេធ្វើតេស្តជំនាញរបស់ពួកគេ។ ចាប់តាំងពីឆ្នាំ២០១៧មក តាមរយៈកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart យើងបានគាំទ្រដល់និស្សិតជាង ៥៨០នាក់នៅក្នុងប្រទេសកម្ពុជា ហើយនឹងបន្តគាំទ្រថែមទៀតសម្រាប់យុវជនទាំងនេះ ដោយសារភាគច្រើននៃយុវជនទាំងនេះ កម្មវិធីនេះបានក្លាយជាឱកាសផ្លាស់ប្តូរជីវិតមួយជាទីដែលពួកគេពិតជាអាចបង្ហាញនូវអ្វីដែលពួកគេមានសមត្ថភាពធ្វើ។ កម្មវិធីនេះមិនត្រឹមតែផ្តល់ឱ្យពួកគេនូវវេទិកា និងការណែនាំប្រកបដោយវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេមានអនាគតកាន់តែភ្លឺស្វាងថែមទៀត»។


 
កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart រដូវកាលទី៥ នៅឆ្នាំនេះបានចាប់ផ្តើមនៅក្នុងខែមិថុនា ហើយនឹងអាចបញ្ចប់នៅខែធ្នូ។ អ្នកចូលរួមប្រមាណ ១២០នាក់បានទទួលអត្ថប្រយោជន៍ពីកម្មវិធីនៅឆ្នាំ២០២២នេះ តាមរយៈការសិក្សា ការណែនាំ និងបទពិសោធផ្ទាល់។
 
ក្រោយពីបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាល “Digithon” រួចមក ក្រុមចំនួន១២ បានឆ្លងទៅវគ្គ “Technopreneurship Challenge” ដែលមានរយៈពេលចំនួន ៥ថ្ងៃអំឡុងពេល ៣ចុងសប្ដាហ៍ ដែលពួកគេបានបង្កើតគំនិតរបស់ខ្លួន និងបង្កើតគំនិតអាជីវកម្មដ៏ល្អឥតខ្ចោះដើម្បីបង្ហាញទៅកាន់ក្រុមគណៈកម្មការ ដែលបានជ្រើសរើសក្រុមឈ្នះចំនួន៥ ក្រុម ដើម្បីឡើងទៅវគ្គបន្តទៀត។
 
ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ កម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart បានបណ្ដុះបណ្ដាលនិស្សិត សាកលវិទ្យាល័យនៅប្រទេសកម្ពុជាឱ្យផ្តើមដំណើរការអាជីវកម្មឌីជីថលទើបបង្កើតថ្មី ដោយផ្តល់នូវបទពិសោធសិក្សាល្អៗបំផុតតាមរយៈផ្ដល់ការណែនាំ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ។ កម្មវិធី SmartStart បានពង្រីកវិសាលភាពដើម្បីផ្តល់ការអប់រំផ្នែកសហគ្រិនភាពដល់យុវជនកម្ពុជាបន្ថែមទៀត និងបានផ្ដល់អត្ថប្រយោជន៍ដល់និស្សិតប្រហែលមួយពាន់នាក់។


 
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវរបស់ក្រុមហ៊ុន និងគំនិតផ្តូចផ្តើមនិរន្តរភាពផ្សេងៗរបស់ក្រុមហ៊ុន Smart សូមតាមដានទំព័រហ្វេសប៊ុក Smart for Cambodia តាមរយៈគេហទំព័រ www.facebook.com/smartforcambodia
 
អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា  “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
 
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។  Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។


 
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
 
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
-ចប់-
 
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
 
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
កញ្ញា ម៉ម វណ្ណារី
ទូរស័ព្ទ៖ +855 10 202 789
អុីម៉ែល៖  [email protected]







(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com