អន្តរជាតិ
G7 អំពាវនាវឱ្យរុស្ស៊ីប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ឱ្យអ៊ុយក្រែនវិញ
11, Aug 2022 , 10:07 am        
រូបភាព
រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន។ រូបថត AFP
រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន។ រូបថត AFP
ដោយ:
ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿងទាំង ៧ (G7) ចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១០ ខែសីហា ដោយទទូចឱ្យរុស្ស៊ីប្រគល់រោងចក្រផលិតថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia ទៅអ៊ុយក្រែនវិញជាបន្ទាន់ បន្ទាប់ពីប្រមុខអង្គការសហប្រជាជាតិព្រួយបារម្ភពីហានិភ័យនៃមហន្តរាយនុយក្លេអ៊ែរជុំវិញការវាយប្រហារទៅមករវាងយោធារុស្ស៊ី និងអ៊ុយក្រែននៅរោងចក្រនេះ។ ទន្ទឹមនេះ ទីក្រុងកៀវក៏បានចោទរុស្ស៊ីពីការប្រើប្រាស់រោងចក្រនេះជាខែលដើម្បីវាយប្រហារក្រុងអ៊ុយក្រែនផងដែរ។

 
កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកចំពោះការវាយប្រហារកាលពីសប្តាហ៍មុនលើរោងចក្រថាមពលដើរដោយនុយក្លេអ៊ែរ Zaporizhzhia ដែលបង្កឱ្យអន្តរជាតិព្រួយបារម្ភជាខ្លាំងជុំវិញការលេចធ្លាយសារធាតុវិទ្យុសកម្មពីរោងចក្រនេះ។ ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញូ ហ្គូតេរ៉េស ថែមទាំងព្រមានថា ការវាយប្រហារណាមួយលើរោងចក្រនុយក្លេអ៊ែរគឺជាអំពើអត្តឃាតថែមទៀត។
 
ទាក់ទងរឿងនេះ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ចេញសេចក្តីថ្លែងការណ៍មួយទទូចឱ្យរុស្ស៊ីដកទ័ពចេញពីព្រំដែនអ៊ុយក្រែនដែលទទួលស្គាល់ដោយអន្តរជាតិជាបន្ទាន់ ហើយគោរពទឹកដី និងអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ក្នុងសេចក្តីថ្លែងការណ៍នោះដែរក៏បានទាមទារឱ្យក្រុងមូស្គូប្រគល់រោងចក្រ Zaporizhzhia ទៅម្ចាស់ដើមពេញសិទ្ធិផងដែរ។ 
 
មិនតែប៉ុណ្ណោះ អ៊ុយក្រែន នៅថ្ងៃទី១០​ ខែសីហា បានចោទរុស្ស៊ីពីការប្រើប្រាស់រោងចក្រនេះធ្វើជាខែលការពារខ្លួនដើម្បីវាយប្រហារតំបន់ក្បែរនោះ។ អ៊ុយក្រែនទំនងសំដៅទៅលើទីក្រុង Marhanets ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ១៣​ នាក់ស្លាប់ និងច្រើននាក់ទៀតរងរបួស។​ 
 
« រុស្ស៊ីដ៏កំសាកមិនអាចធ្វើអ្វីបានជាងនេះឡើយ។ ដូច្នេះក៏វាយប្រហារក្រុងនានាដោយលាក់ខ្លួននៅរោងចក្រថាមពល Zaporizhzhia»។ លោក Andriy Yermak ប្រធានខុទ្ធកាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បង្ហោះសារបែបនេះលើបណ្តាញសង្គម ដោយបន្តថា រុស្ស៊ីសប្បាយនឹងធ្វើដូច្នោះ ដោយគិតថា អ៊ុយក្រែនមិនហ៊ានប្រថុយនឹងប្រយុទ្ធតបតទៅវិញ។
 
បើតាមមន្រ្តីអ៊ុយក្រែន នៅរោងចក្រ Zaporizhzhia មានទាហានរុស្ស៊ីប្រហែល៥០០នាក់ជាមួយរថយន្តធុនធ្ងន់ និងសព្វាវុធជាច្រើន ខណៈកម្មករអ៊ុយក្រែននៅតែបន្តធ្វើការនៅទីនោះដដែល។ ប៉ុន្តែ រុស្ស៊ីអះអាងថា កងកម្លាំងរបស់ខ្លួនដែលឈរជើងនៅទីនោះគឺដើម្បីការពារ និងធានាសុវត្ថិភាពនៃរោងចក្រនោះប៉ុណ្ណោះ៕

Tag:
 អ៊ុយក្រែ
  រុស្ស៊ី
  G7
© រក្សាសិទ្ធិដោយ thmeythmey.com