អន្តរជាតិ
ថៃ ឱ្យអតីតប្រធានាធិបតីស្រីលង្កាជ្រកកោនបណ្ដោះអាសន្នក្រោមហេតុផលមនុស្សធម៌
11, Aug 2022 , 11:59 am        
រូបភាព
អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ រូបថត AFP
អតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា។ រូបថត AFP
រដ្ឋាភិបាលថៃ សម្រេចទទួលអតីតប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា ឱ្យជ្រកកោនបណ្ដោះអាសន្ន ទម្រាំងរកបានប្រទេសសម្រាប់ការស្នាក់នៅអចិន្រ្តៃយ៍។ បើតា​មន្ត្រី​ក្រសួង​ការ​បរ​ទេស​ថៃ រដ្ឋាភិបាលស្រីលង្កាបានស្នើសុំដោយផ្ទាល់សម្រាប់ការស្នាក់នៅរបស់អតីតប្រធានាធិបតីរូបនេះ ប៉ុន្តែមិនបានស្នើសុំសិទ្ធិជ្រកកោននយោបាយណាមួយឡើយ។

 
ក្រោយភៀសខ្លួនចេញពីប្រទេស អតីតមេដឹកនាំស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា បានស្នាក់នៅសិង្ហបុរីបណ្ដោះអាសន្ន។ ប៉ុន្តែសុពលភាពនៃស្នាក់នៅនេះ ត្រូវផុតកំណត់នៅថ្ងៃទី១១ ខែសីហា។ លោក រ៉ាចាប៉ាក់សា ក៏ងាករកថៃសម្រាប់គោលដៅស្នាក់នៅបណ្ដោះអាសន្នបន្តទៀត។
 
អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មានរបស់ក្រសួងការបរទេសថៃលោក Tanee Sangrat លើក​ឡើង​ក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី១០ ខែសីហាថា ថៃទទួលបានសំណើស្នើសុំពីរដ្ឋាភិបាលស្រីលង្កា បច្ចុប្បន្នឱ្យលោក ហ្គោតាបាយ៉ា ចូលជ្រកកោននៅថៃដោយអាស្រ័យលើ​ចំណង​មិត្តភាព​ និង​ភាពស្និទ្ធ​ស្នាល​ដ៏​យូរ​អង្វែង​រវាង​ប្រទេស​ទាំង​ពីរ។ យោងតាមលោក Tanee អតីតមេដឹកនាំស្រីលង្កាមិន​បាន​ស្វែងរកការសុំជ្រកកោននយោបាយនៅថៃនោះឡើយ។
 
«អតីតប្រធានាធិបតីស្រីលង្កា អាចចូលថៃបានដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល៩០ថ្ងៃ​ដោយយោងតាមកិច្ចព្រមព្រៀងឆ្នាំ២០១៣ ស្តីពីការលើកលែងទិដ្ឋាការរវាងថៃ និងស្រីលង្កា។ ការ​ស្នាក់​នៅមានលក្ខណៈបណ្តោះអាសន្នជាធម្មតាដោយមានគោលបំណងធ្វើដំណើរទៅ​ទិសដៅ​ផ្សេងទៀត»។ លោក Tanee បានបញ្ជាក់បែបនេះដោយចង់សំដៅលើការស្នាក់នៅរបស់លោក ហ្គោតាបាយ៉ា ដូច​ជន​បរទេសទូទៅដែរ។ 
 
យោងតាមកាសែត Bangkok Post នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃដដែល បាន​បញ្ជាក់​ពី​ការអនុញ្ញាតឱ្យអតីតមេដឹកនាំស្រីលង្កាស្នាក់នៅបណ្ណោះអាសន្ន តែលោកបញ្ជាក់ថា ការសម្រេច​ចិត្ត​នេះគឺអាស្រ័យលើបញ្ហាមនុស្សធម៌តែប៉ុណ្ណោះ។ មេដឹកនាំថៃរូបនេះក៏បានបញ្ជាក់ថា លោក ហ្គោតាបាយ៉ាង នឹងមិនត្រូវបានអនុញ្ញតឱ្យធ្វើសកម្មភាពនយោបាយនោះឡើយ ហើយថៃនឹងព្យាយាម​ស្វែង​រក​ប្រទេសផ្សេងមួយទៀតសម្រាប់ការជ្រកកោនជាអចិន្ត្រៃយ៍​សម្រាប់លោក ហ្គោតាបាយ៉ាដែរ។
 
នាយករដ្ឋមន្រ្តីថៃ ក៏​បាន​អះអាងផង​ដែរថា លោក​មិនមានគម្រោង​ជួប​ជាមួយអតីត​ប្រធានាធិបតី​ស្រីលង្កា​នោះឡើយ។
 
នៅថ្ងៃដដែលនោះ តុលាការកំពូលស្រីលង្កា បានប្រកាសពន្យារពេលការហាមឃាត់ការធ្វើដំណើរ​របស់លោក ហ្គោតាបាយ៉ា អតីតនាយករដ្ឋមន្ត្រី Basil Rajapaksa និងអតីតទេសាភិបាល​ធនាគារ​កណ្តាលស្រីលង្កាលោក Ajith Nivard Cabraal រហូតដល់ថ្ងៃទី៥ ខែកញ្ញា។ បុគ្គលទាំងបី​រូបនេះ​ស្ថិត​ក្រោមការចោទប្រកាន់ពីការណ៍ដែលបានបង្កឱ្យស្ថានភាពសេដ្ឋកិច្ចប្រទេសធ្លាក់ដុនដាបយ៉ាងខ្លាំង។
 
លោក ហ្គោតាបាយ៉ា បានលាលែងពីតំណែងក្រោយមានការតវ៉ាដ៏ធំជុំវិញវិបត្តិសេដ្ឋកិច្ចរបស់ស្រីលង្កា និងការទាមទារឱ្យមេដឹកនាំនិងមន្ត្រីផ្សេងឱ្យចុះចេញពីតំណែង។ មុនទៅដល់សិង្ហបុរី លោក ហ្គោតាបាយ៉ា​ ក៏ប៉ុនប៉ងស្នាក់នៅកោះម៉ាល់ឌីវដែរ៕
 

Tag:
 ថៃ
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com