អន្តរជាតិ
កូរ៉េខាងជើងប្រកាសជ័យជម្នះលើជំងឺកូវីដ-១៩ តែឆ្លៀតចោទកូរ៉េខាងត្បូងថា ជាប្រភពចម្លង
11, Aug 2022 , 3:29 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។ រូបថត KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅថ្ងៃទី១១ ខែសីហា បានប្រកាសជ័យជម្នះលើការប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩ ។ ប៉ុន្តែប្អូនស្រីមេដឹកនាំរូបនេះ លោកស្រី Kim Yo Jong បានបង្ហើប​ថា បងប្រុសខ្លួន ក៏​មានអាការៈ​គ្រុនក្តៅដែលជាករណីសង្ស័យដែរ។ ស្របគ្នានេះ លោកស្រី Kim បាន​ប្ដេជ្ញាសងសឹក​កូរ៉េ​ខាងត្បូង ដោយចោទថា ធ្វើឱ្យមានផ្ទុះការឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរចូល​កូរ៉េខាងជើង។

 
៣ខែក្រោយការប្រកាសពីការផ្ទុះករណីជំងឺកូវីដ-១៩ ដំបូង មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បាន​ប្រកាសជ័យជម្នះលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងកិច្ចប្រជុំមួយថ្ងៃទី១០ ខែសីហា ដើម្បី​ពិនិត្យឡើងវិញពីវិធានការប្រឆាំងនឹងការរីករាល​ដាលជំងឺកូវីដ-១៩ ក្នុងប្រទេស។ លោក គីម បាន​បញ្ជាឱ្យដកវិធានការកម្រិត​ខ្ពស់បំផុតប្រឆាំងការរីករាលដាលជំងឺនេះ ដែលបាន ដាក់តាំងពីខែ​ឧសភា​ពេលជំងឺចាប់ផ្ដើម​រីករាលដាល។ 
 
កន្លងមក កូរ៉េខាងជើង មិនដែលបានបង្ហាញពីចំនួនករណីឆ្លងជំងឺកូវីដ-១៩ សរុបដែលខ្លួន​បានរក​ឃើញនោះទេ មានតែទិន្នន័យអ្នកក្ដៅខ្លួនប្រចាំថ្ងៃដែលពេលខ្លះមានដល់ជិត៤០ម៉ឺននាក់ក្នុងមួយថ្ងៃ។ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដាមក ប្រទេសនេះបានរាយការណ៍ថា​មិន​មានករណី​ឆ្លងថ្មីតែម្ដង ខណៈ​មិន​ទាន់មានកម្ម​វិធីចាក់​វ៉ាក់សាំងឱ្យប្រជាជន​ក្នុងប្រទេសឡើយ។ 
 
ផ្ទុយទៅវិញ កូរ៉េខាងជើងអះអាងថា ជ័យជម្នះខ្លួន​ពឹងផ្អែកលើវិធានការបិទប្រទេស ការព្យា​បាល​ដោយ​ឱសថក្នុងស្រុក ការផ្ដល់ការត្រួតពិនិត្យសុខភាព​ទូទាំង​ប្រទេស និងការធ្វើតេស្ត PCR រក​វីរុសកូវីដ-១៩ ឱ្យប្រជាជនជាប្រចាំ។ លោក គីម បានហៅការអនុវត្ត​វិធានបែបនេះ ជា​ប្រព័ន្ធសង្គមនិយមកូរ៉េដែល​មានប្រយោជន៍។ 
 
ស្របពេលមេដឹកនាំកូរ៉េខាងជើងប្រកាសពីភាពជោគជ័យលើជំងឺកូវីដ-១៩ ប្អូនស្រីរបស់​លោក គីម គឺលោកស្រី គីម យ៉ូចុង បានបង្ហើបដំណឹងថា ​បងប្រុសខ្លួនក៏មានអាការ​គ្រុនក្តៅ ដែល​អាជ្ញាធរ​កូរ៉េ​ខាងជើងចាត់ទុកជាករណីសង្ស័យជំងឺកូវីដ-១៩។ នេះបើតាមទីភ្នាក់ងារព័ត៌មាន  KCNA។
 
«ទោះបីជាគាត់បានមានអាការៈគ្រុនក្តៅខ្លាំងក៏ដោយ គាត់មិនអាចសម្រាកបានទេ។ គាត់គិត​អំពី​ប្រជាជនដែលត្រូវមើលថែរហូតដល់ទីបញ្ចប់ក្នុងពេលប្រឈមនឹងសង្គ្រាមប្រឆាំងការរីក​រាលដាល​ជំងឺកូវីដ-១៩»។ ប្អូនស្រីលោក គីម ថ្លែងបែបនេះក្នុងកិច្ចប្រជុំដដែល។
 
លោកស្រី គីម មិន​បាន​បញ្ជាក់​លម្អិត​ពី​សុខភាពរបស់​បងប្រុសទេ ប៉ុន្តែ​ឆ្លៀត​បន្ទោសកូរ៉េ​ខាង​ត្បូង​ជាអ្នក​បង្ក​ឱ្យផ្ទុះ​ការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងប្រទេស​ខ្លួន និងបានប្ដេជ្ញាសងសឹកប្រឆាំង​កូរ៉េខាងត្បូង​ដោយគំរាមរំលាយរដ្ឋាភិបាលកូរ៉េខាង​ត្បូងទៀតផង។ 
 
យ៉ាងណាមិញ សហគមន៍អន្តរជាតិ និងកូរ៉េខាងត្បូងយល់ថា ការមិនមានករណីឆ្លងថ្មីនៅកូរ៉េខាងជើង បណ្ដាលមក​ពីសមត្ថភាពធ្វើ​តេស្តក្នុងប្រទេសនៅ​មានកម្រិត ទាំងដែលមានប្រព័ន្ធសុខាភិបាលខ្សោយ​ផងនោះ៕
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com