អន្តរជាតិ
តៃវ៉ាន់ បន្តធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតជាប់ៗគ្នា តែមិនមែនឆ្លើយតបចិនឡើយ សមយុទ្ធបាញ់គ្រាប់ពិតរបស់យោធាតៃវ៉ាន់។ រូបថត AFP
× បន្ទាប់ពីក្រុងប៉េកាំងបានបញ្ចប់សមយុទ្ធយោធាដ៏ធំបំផុតដែលមិនធ្លាប់មានពីមុនមក យោធាតៃវ៉ាន់នៅថ្ងៃទី១១ ខែសីហា ក៏បានធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតម្ដងទៀតផងដែរ។ យ៉ាងណាមិញ មន្ត្រីយោធាតៃវ៉ាន់ នៅតែបញ្ជាក់ថា ការធ្វើសមយុទ្ធនេះ មិនមែនជាការឆ្លើយតបនឹងការគំរាមរបស់ចិននោះឡើយ។
អ្នកនាំពាក្យកងទ័ពទី៨របស់កោះតៃវ៉ាន់លោក Lou Woei-jye បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កងកម្លាំងក្រុងតៃប៉ិបានធ្វើសមយុទ្ធបាញ់កាំភ្លើងធំ howitzers និងបាញ់អណ្ដាតភ្លើងនៅព្រឹកថ្ងៃទី១១ ខែសីហា។ សមយុទ្ធនេះ ធ្វើឡើងនៅតំបន់ Pingtung នៅភាគខាងត្បូងប្រទេស ដែលបានចាប់ផ្ដើមពីម៉ោង៨និង៣០នាទីព្រឹកនៅតៃវ៉ាន់ ហើយបានបញ្ចប់ក្នុងរយៈពេលមួយម៉ោង។
«ពួកយើងមានគោលដៅពីរសម្រាប់សមយុទ្ធនេះ។ ទីមួយ គឺដើម្បីបញ្ជាក់ស្ថានភាពដំណើរការត្រឹមត្រូវនៃកាំភ្លើងធំនិងលក្ខខណ្ឌថែទាំ និងទីពីរគឺដើម្បីផ្ទៀងនឹងលទ្ធផលសមយុទ្ធកាលពីឆ្នាំមុន»។ លោក Lou ក៏បានសង្កត់ធ្ងន់បែបនេះដោយចង់សម្ដៅលើការសមយុទ្ធនេះ ជាសមយុទ្ធប្រចាំឆ្នាំដែលមិនមែនធ្វើឡើងភ្លាមៗក្នុងការឆ្លើយតបនឹងសមយុទ្ធចិននោះឡើយ។
សមយុទ្ធខាងលើនេះបានធ្វើឡើងបន្ទាប់ពីចិនបានបញ្ចប់សមយុទ្ធរបស់ខ្លួនចុងក្រោយដ៏ធំបំផុតមួយនៅថ្ងៃទី១០ ខែសីហា។ ក្រុងប៉េកាំងបានបញ្ជាក់ក្នុងសេចក្ដីប្រកាសមួយថា កងកម្លាំងរបស់ខ្លួនបានបំពេញកិច្ចការផ្សេងៗដោយជោគជ័យនៅច្រកសមុទ្រតៃវ៉ាន់ ខណៈប្តេជ្ញាបន្តល្បាតជុំវិញដែនទឹករបស់ខ្លួន។ បុន្តែក្រុងប៉េកាំងក៏អះអាងថា នឹងបន្តអនុវត្តការហ្វឹកហ្វឺនយោធា និងត្រៀមខ្លួនសម្រាប់សង្គ្រាមដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com