ជាតិ
​​​ន​យោ​បាយ​ជាតិ​
អយ្យការ បញ្ជូនសំណុំរឿងលោក សុន ឆ័យ ទៅកាត់ក្តីដោយមិនឆ្លងកាត់ការស៊ើបសួរ
11, Aug 2022 , 4:30 pm        
រូបភាព
លោក សុន ឆ័យ ចូលទៅបំភ្លឺនៅអយ្យការអមតុលាការភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក សុន ឆ័យ ចូលទៅបំភ្លឺនៅអយ្យការអមតុលាការភ្នំពេញ កាលពីខែកក្កដា ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមតុលាការភ្នំពេញ ដែលទទួលដោះស្រាយបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលប្តឹងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានសម្រេចបញ្ជូនបណ្តឹងទាំង២នេះ ទៅកាន់ចៅក្រមជំនុំជម្រះ ដើម្បីបើកសវនាការជំនុំជម្រះតែម្តង ដោយពុំចាំបាច់ឆ្លងកាត់ចៅក្រមស៊ើបសួរឡើយ។ នេះបើតាមដីការសម្រេចរបស់លោកព្រះរាជអាជ្ញារង ដែលធ្វើឡើង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។



យោងតាមដីកា លោក ប្លង់ សុផល បានចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា និងតាមបណ្តឹងរបស់គ.ជ.ប។ លោកព្រះរាជអាជ្ញារង អះអាងថា អយ្យការ មានភស្តុតាងគ្រប់គ្រាន់ ក្នុងការចោទប្រកាន់លោក សុន ឆ័យ ហើយអយ្យការ ក៏បានរកឃើញពិរុទ្ធភាពលើអនុប្រធានគណបក្សភ្លើងទៀតរូបនេះដែរ។

ការបញ្ជូនសំណុំរឿងចេញពីអយ្យការ ទៅកាន់ចៅក្រមជំនុំជម្រះ ដោយមិនឆ្លងកាត់ចៅក្រមស៊ើបសួរបែបនេះ ហៅតាមភាសាច្បាប់ថា «ការបញ្ជូនសំណុំរឿងទៅជំនុំជម្រះផ្ទាល់»។ ការបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់លោក សុន ឆ័យ នៅថ្ងៃណា មិនទាន់ត្រូវបានកំណត់នោះទេ។ 

ក្នុងបណ្តឹងរបស់ខ្លួន គណបក្សប្រជាជនកម្ពុជា បានទាមទារឲ្យលោក សុន ឆ័យ បង់ប្រាក់ជិត១លានដុល្លារជាការសងជំងឺចិត្ត។ ចំណែក គ.ជ.ប គ្រាន់តែទាមទារឲ្យលោក សុន ឆ័យ សុំទោសប៉ុណ្ណោះ ដោយមិនទាមទារសំណងឡើយ។

កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ លោក សុន ឆ័យ បានចូលទៅបំភ្លឺក្នុងស្ថាប័នអយ្យការ ចំពោះបណ្តឹងរបស់គណបក្សកាន់អំណាច និងបណ្តឹងរបស់គ.ជ.ប។ លោក រងបណ្តឹងទាំង២នេះ ដោយសារលោក និយាយជាមួយសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ ត្រូវបានគ្រប់គ្រងស្ទើរទាំងស្រុងដោយគណបក្សកាន់អំណាច ហើយការរាប់សន្លឹកឆ្នោតទៀតសោត មានការលួចបន្លំ៕

Tag:
 សុន ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com