កីឡាអន្តរជាតិ
អន្តរជាតិ
ប្រេស៊ីលប្រឆាំង FIFA ដែលឱ្យប្រកួតបង្រ្គប់កិច្ចទល់អាហ្សង់ទីន
× ប្រេស៊ីលបង្ហាញអារម្មណ៍មិនចង់លេងការប្រកួតបង្រ្គប់កិច្ចចុងក្រោយ ជាមួយអាហ្សង់ទីនឡើយ ដែលជាជំនួបវគ្គជម្រុះ World Cup ទ្វីបអាម៉េរិកខាងត្បូង ដោយលើកហេតុផលខ្លួនកំពុងត្រៀមខ្លួនសម្រាប់ World Cup នៅកាតា។
ប្រេស៊ីល និងអាហ្សង់ទីនជាក្រុម លេខ១ និងលេខ២ ដែលបានឈ្នះកៅអីស្វ័យប្រវត្តិពីការប្រកួតជម្រុះទ្វីបអាម៉េរិកខាងត្បូង ទៅកាន់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ដែលនឹងធ្វើឡើងនៅប្រទេសកាតានាចុងឆ្នាំ ២០២២។ ជំនួបរបស់ក្រុមទាំងពីរដែលធ្លាប់បានធ្វើឡើងកាលពី ខែកញ្ញា ឆ្នាំ ២០២១ ត្រូវបានផ្អាកក្រោយការប្រកួតចាប់ផ្តើមបាន ៦នាទី ដោយសារកីឡាករអាហ្សង់ទីន ៤រូបមិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ មុនពេលប្រកួត។
ពេលនោះក្រុមមន្ត្រីសុខភិបាលទីក្រុង Sao Paulo បានចូលមកបញ្ឈប់ការប្រកួតដល់ក្នុងកីឡដ្ឋាននោះភ្លាមៗ ដោយសារល្មើសច្បាប់កូវីដ-១៩ ក្នុងប្រទេសប្រស៊ីល។ កាលពីខែឧសភា សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ក៏បានប្រកាសថា ការប្រកួតរបស់ក្រុមទាំងនឹងត្រូវធ្វើឡើងជាថ្មី ដោយកីឡាករអាហ្សង់ទីន ដែលបានបង្កកំហុស កាលឆ្នាំ ២០២១។ មិនត្រឹមតែប៉ុណ្ណោះ FIFA ក៏បានពិន័យលើសហព័ន្ធបាល់ទាត់ប្រទេសទាំងពីរ ហើយឱ្យប្រកួតបង្គ្រប់កិច្ច ទោះជាក្រុមទាំងពីរឈ្នះកៅអីស្វ័យប្រវត្តិក្តី។
លើករណីនេះសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) និងសហព័ន្ធបាល់ទាត់អាហ្សង់ទីន (AFA) ក៏បានធ្វើពាក្យស្នើឱ្យគិតគូលើករណីប្រកួតខាងលើ ទៅកាន់តុលាការអាជ្ញាកណ្តាលកីឡា (CAS) ជាស្ថាប័នគ្រប់គ្រងលើបញ្ហាប្រទេសទាំងពីរ។ ហេតុផលដែលប្រទេសទាំងពីរមិនចង់ប្រកួតឡើងវិញក៏ ព្រោះខិតជិតដល់ថ្ងៃប្រកួតព្រឹត្តិការណ៍ World Cup ហើយបានចាត់ទុកថាវាជាហានិភ័យមួយ។
ក្នុងសេចក្តីថ្លែងការណ៍ប្រកាសដោយ CBF ប្រធានសហព័ន្ធលោក Ednaldo Rodrigues និយាយថាក្រុម ប្រេស៊ីលមិនចង់លេងក្នុងប្រកួតដែលមានពេលវេលាគៀក World Cup ឡើយព្រោះខ្លាចហានិភ័យ របួសរឺអាចមានការហាមឃាត់នានា។
«យើងនឹងដាក់សំណើរទៅកាន់ FIFA ដូច្នេះប្រកួតមួយនេះនឹងមិនអាចលេងបានឡើយ ខ្ញុំក៏នឹងបង្កើតការស្រង់ចម្លើយពីសំណាក់កីឡាករ គ្រូបង្វឹកព្រមទាំងបុគ្គលិករបស់យើងចំពោះរឿងនេះ។ អ្វីដែលយើងត្រៀមនោះគឺការឈ្នះ World Cup លើកទី៦ របស់យើង ប្រសិនបើក្រុមយើងមូលមតិនោះយើងមិនលេងការប្រកួតបង្គ្រប់នោះទេ។»។លោក Rodrigues បាននិយាយបែបនេះ។
ទោះជាបែបនេះ ដល់ពេលនេះ FIFA នៅមិនទាន់បានសម្រេចថ្ងៃប្រកួតជាក់លាក់របស់ក្រុមទាំងពីរនៅឡើយទេ តែប្រភពជិតនឹង FIFA បំផុតបានឱ្យដឹងថាការប្រកួតនោះអាចធ្វើឡើងក្នុងខែកញ្ញា។
© រក្សាសិទ្ធិដោយ thmeythmey.com