អន្តរជាតិ
ថៃនឹងអនុវត្ត​ច្បាប់​ចរាចរណ៍ដែល​តម្រូវឱ្យអ្នកជិះរថយន្តពាក់ខ្សែក្រវាត់ទាំងកៅអីមុខ និងក្រោយ
15, Aug 2022 , 6:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ប៉ូលីសថៃ នឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីចាប់ពីដើមខែកញ្ញាខាងមុខ។ ច្បាប់ថ្មីនេះ តម្រូវឱ្យរាល់អ្នកជិះគ្រប់យានជំនិះទាំងអស់មានកាតព្វកិច្ចពាក់ខ្សែក្រវ៉ាត់​សុវត្ថិភាព​​។

 
ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនៅថៃ​ដែល​បាន​ធ្វើ​វិសោធនកម្មហើយ ​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា​តទៅ។ ច្បាប់នេះ​តម្រូវ​រាល់អ្នកដែលអង្គុយលើ​​កៅអី​យានជំនិះទាំងអស់​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព។ ស្នងការរងនៃការិយាល័យប៉ូលិសក្រុងបាងកក លោកឧត្តមសេនីយ៍ទោ Jirasant Kaeosaeng-ek បាននិយាយបែបនេះនៅថ្ងៃទី១១​ ខែសីហា។
 
បើតាមកាសែត Bangkok Post មន្រ្តីប៉ូលិសដដែល បានបញ្ជាក់ថា ប៉ូលិសនឹងចេញវិធានការយ៉ាងតឹងរ៉ឹងលើអ្នកដែលមិនគោរពតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ សំដៅបញ្ជា្របកាតព្វកិច្ចថ្មីនេះឱ្យទូលំទូលាយ។ ក្រោមច្បាប់ថ្មី ការ​មិន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព ​នឹងត្រូវផាក​ពិន័យ​ជា​អតិបរមា​ចំនួន២ ពាន់​បាត (ជាង៥៦ដុល្លារ)។
 
យ៉ាងណាមិញ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ នឹងលើកលែងអនុវត្តលើរថយន្ត​ដឹក​អ្នក​ដំណើរដែល​បាន​ចុះ​បញ្ជី​ដំបូង​មុន​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ១៩៨៨ និងរថយន្តប្រភេទ​ Pick Up ​ដែល​បាន​ចុះ​បញ្ជី​មុន​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ១៩៩៤ ដោយសាររថយន្តទាំងនោះត្រូវបានផលិតឡើងមុននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បើកយុទ្ធនាការ​​ដំឡើង​ខ្សែក្រវាត់​សុវត្ថិភាព​នៅ​ក្នុង​យានជំនិះ​ប្រភេទ​នោះ។ 
 
ជុំវិញអ្នកដំណើរជាកុមារវិញ លោកJirasant មិនប្រាកដថា ច្បាប់ដែលធ្វើវិសោធនកម្មហើយនេះ នឹងតម្រូវកៅអីអង្គុយកុមារមានកាតព្វកិច្ច​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាពដែរ ឬយ៉ាងណាទេ។ ប៉ុន្តែលោកបានបន្តថា ​ព័ត៌មានលម្អិតទាក់ទងនឹងកៅអីអង្គុយកុមារ និងវិធានការសុវត្ថិភាពសម្រាប់កុមារអាយុក្រោម ៦ឆ្នាំនៅក្នុងយានជំនិះនៅក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com