កីឡាអន្តរជាតិ
អន្តរជាតិ
ព្រឹត្តិការណ៍ World Cup នៅកាតា អាចចាប់ផ្តើមមុនពេលកំណត់មួយថ្ងៃ
12, Aug 2022 , 8:29 am        
រូបភាព
ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា អាចចាប់ផ្តើមមុនពេលកំណត់មួយថ្ងៃ ប្រសិនបើសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) យល់ព្រមលើសំណើរពិធីបើកការប្រកួត និងការប្រកួតដំបូងរបស់ម្ចាស់ផ្ទះនៅថ្ងៃទី ២០ ខែវិច្ឆិកា។ នេះបើតាមប្រភពជិតស្និទ្ធ ប្រាប់ទីភ្នាក់ងារ Reuters ថ្ងៃទី១០ ខែសីហា។

 
គម្រោងផ្លូវការនៃព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតានាចុងឆ្នាំ ២០២២ នឹងជាថ្ងៃបើកឆាកនៃកម្មវិធីប្រកួត ត្រូវធ្វើឡើងនៅថ្ងៃទី ២១ ខែវិច្ឆិកា ដែលជាជំនួបរវាងម្ចាស់ផ្ទះកាតា ស្វាគមន៍ក្រុមអេក្វាឌ័រ។ 
 
សំណើរដែលបានស្នើក្នុងកិច្ចពិភាក្សានេះ នឹងធ្វើឱ្យការប្រកួតក្នុងប្រវត្តិសាស្ត្រនៃ World Cup នឹងមានការប្រកួតពីរកើតឡើង មុនពេលពិធីបើកព្រឹត្តិការណ៍ចាប់ផ្តើម។ ជាធម្មតាកម្មវិធីបើកធ្វើឡើងមុន១ ម៉ោងនៃការប្រកួតដំបូងរបស់ក្រុមម្ចាស់ផ្ទះត្រូវប្រកួត។
 
ការប្រកួតរវាងក្រុមសេណេហ្គាល់ ទល់ហូឡង់ក្នុងពូល A និងជំនួបរវាងអង់គ្លេសតទល់ជាមួយក្រុមអ៊ីរ៉ង់នៃពូល B នឹងត្រូវធ្វើឡើងមុនកម្មវិធីបើក នៅក្នុងថ្ងៃទី ២១ ខែវិច្ឆិកា។ គម្រោងនេះ ក៏ទទួលបានការយល់ព្រមពីសំណាក់ប្រធានសហព័ន្ធទ្វីបទាំង ៦ ព្រមទាំងលោក Gianni Infantino បើទោះមានការសម្រេចយឺតយ៉ាវ។ តែគេក៏រំពឹងថាសំណើរនេះនឹងទទួលបានការគាំទ្រ។
 
គិតត្រឹមថ្ងៃទី១២ ខែសីហានេះ គឺនៅសល់ត្រឹមរយៈពេល ១០០ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួត World Cup នៅប្រទេសកាតា និងជាលើកទីពីរក្នុងទ្វីបអាស៊ី៕
 

Tag:
 Qatar World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com