អន្តរជាតិ
យោធាចិន ប្រកាសជោគជ័យក្នុងសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់
11, Aug 2022 , 10:29 pm        
រូបភាព
សមយុទ្ធយោធារបស់ចិន។ រូបភាព៖ Xinhua
សមយុទ្ធយោធារបស់ចិន។ រូបភាព៖ Xinhua
អ្នកនាំពាក្យបញ្ជាការដ្ឋានភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន លោក Shi Yi នៅថ្ងៃទី១០ ខែសីហា បានប្រកាសថា យោធាចិនបានបំពេញកិច្ចការទាំងអស់ដោយជោគជ័យ នៅក្នុងសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។ អ្នកនាំពាក្យរូបនេះ បានបន្តថា យោធាចិន នឹងតាមដានស្ថានការណ៍វិវដ្ដលើច្រកសមុទ្រតៃវ៉ាន់ឱ្យបានម៉ត់ចត់បំផុត។

 
សមយុទ្ធយោធាចិន នៅជុំវិញកោះតៃវ៉ាន់ បានចាប់ផ្តើមនៅថ្ងៃទី២ ខែសីហា ស្របពេលដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ យ៉ាងណាមិញ សមយុទ្ធយោធានោះ ត្រូវបានបន្តរហូតដល់ថ្ងៃទី១០ ខែសីហា។ ក្នុងសន្និសីទបិទសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់នេះនៅថ្ងៃទី១០ ខែសីហា អ្នកនាំពាក្យបញ្ជាការដ្ឋានភូមិភាគខាងកើតរបស់យោធាចិន លោក Shi Yi បានប្រកាសទទួលជោគជ័យ។ 
 
«បញ្ជាការដ្ឋានភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានបំពេញកិច្ចការទាំងអស់នៅក្នុងសមយុទ្ធយោធាក្នុងដែនទឹក និងអាកាសជុំវិញកោះតៃវ៉ាន់»។ លោក Shi Yi បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រតិបត្តិការមួយនេះ មានការចូលរួមពីកម្លាំងយោធាមកពីផ្នែកជាច្រើន ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធរួមគ្នាឱ្យមានប្រសិទ្ធភាព។ 
 
បើតាមលោក Shi Yi កម្លាំងគ្រាប់រ៉ុក្កែតចំណុះបញ្ជាការដ្ឋានភូមិភាគខាងកើត បានបាញ់មីស៊ីលជាច្រើនប្រភេទ ហើយបានវាយត្រូវគោលដៅនៅដែនទឹកស្ថិតនៅភាគខាងកើតកោះតៃវ៉ាន់ ខណៈយោធាចិន បានដឹកនាំសមយុទ្ធវាយប្រហារផ្សេងទៀត នៅភាគខាងកើតច្រកសមុទ្រតៃវ៉ាន់ផង។ បន្ថែមពីនេះ នៅប៉ុន្មានថ្ងៃមុន កម្លាំងគ្រាប់រ៉ុក្កែត កម្លាំងទ័ពអាកាស កម្លាំងទ័ពជើងទឹក និងកម្លាំងយោធាចិនផ្សេងទៀត បានធ្វើសមយុទ្ធ និងហ្វឹកហ្វឺនរួមគ្នានៅក្នុងទឹក និងដែនអាកាសភាគខាងជើង និងខាងត្បូងក្បែរកោះតៃវ៉ាន់។ 
 
បន្ទាប់ពីសមយុទ្ធនេះ លោក Shi Yi បានអះអាងថា សមត្ថភាពប្រយុទ្ធរួមគ្នារបស់កងទ័ពចិន មានការកែលម្អយ៉ាងខ្លាំង និងត្រៀមខ្លួនជាស្រេច ក្នុងការឆ្លើយតបនឹងស្ថានភាពដែលមិនអាចរំពឹងទុកមុនបាន។ 
 
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ជាថ្មីថា យោធាចិន នឹងបន្តតាមដានការអភិវឌ្ឍស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់, បន្តសមយុទ្ធយោធាសម្រាប់ការត្រៀមខ្លួនក្នុងសង្រ្គាម និងរៀបចំនាវាល្បាតសម្រាប់សន្តិសុខ នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដើម្បីការពារអធិបតេយ្យចិន និងបូរណភាពដែនដី។
 
សូមបញ្ជាក់ថា សមយុទ្ធយោធានេះ ត្រូវបានក្រសួងការពារជាតិចិនប្រកាសថា ជាប្រតិបត្តិការសម្រាប់ប្រឆាំងនឹងកម្លាំងគាំទ្រឯករាជ្យតៃវ៉ាន់ ដែលពាក់ព័ន្ធនឹងបរទេស ក្នុងការបង្កអរិភាព៕ 
 

Tag:
 ចិន
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com