កីឡាអន្តរជាតិ
អន្តរជាតិ
FIFA សម្រេចប្តូរថ្ងៃប្រកួតបើកឆាក ​World Cup នៅកាតា
12, Aug 2022 , 11:39 am        
រូបភាព
រូបភាព ៖ Sky sports
រូបភាព ៖ Sky sports
សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ថ្ងៃទី១១ ខែសីហា សម្រេចផ្លាស់ប្តូរថ្ងៃប្រកួតបើកឆាកដំបូងរបស់ព្រឹត្តិការណ៍ World Cup 2022 មុនការកំណត់ផ្លូវការមួយថ្ងៃ។ ក្រុមម្ចាស់ផ្ទះកាតា នឹងប្តូរមកប្រកួតដំបូងគេវិញទល់ក្រុម អេក្វាឌ័រ ថ្ងៃទី២០​ ខែវិច្ឆិកា រួមជាមួយកម្មវិធីបើកព្រឹត្តិការណ៍ដែរ។

 
ថ្ងៃកំណត់ការប្រកួតផ្លូវការ World Cup នៅកាតាត្រូវចាប់ផ្តើមការប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា ដោយក្រុមក្នុងពូល A ត្រូវប្រកួតបើកឆាកដំបូងរវាង សេណេហ្គាល់ ជួប ហូឡង់ មុនការប្រកួតម្ចាស់ផ្ទះកាតា ស្វាគមន៍ អេក្វាឌ័រ និងកម្មវិធីបើក។ 
 
«ថ្ងៃប្រកួតបើកឆាកដំបូង FIFA World Cup 2022 នឹងត្រូវធ្វើឡើងជាមួយការប្រារព្ធកម្មវិធីដ៏អស្ចារ្យសម្រាប់ប្រជាជនក្នុងស្រុក និងអ្នកគាំទ្រអន្តរជាតិនានានៅក្នុងប្រទេសកាតា ដោយក្រុមម្ចាស់ផ្ទះស្វាគមន៍ អេក្វាឌ័រ នៅថ្ងៃទី២០ វិច្ឆិកា និងមានតែកាតាប៉ុណ្ណោះដែលត្រូវប្រកួតក្នុងថ្ងៃនោះ។ ការផ្លាស់ប្តូរនេះគឺធ្វើឡើងឱ្យស្របទៅតាមវប្បធម៍ដែល FIFA ធ្លាប់បានធ្វើឡើងជារឿយៗរាងរាល់ ៤ឆ្នាំម្តងមក ដែលកម្មវិធីបើកត្រូវធ្វើឡើងនៅប្រកួតដំបូងរបស់ក្រុមម្ចាស់ផ្ទះ ឬក្រុមការពារជើងឯក។»។ នេះបើតាមសេចក្តីថ្លែងការណ៍ ​FIFA។
 
ការសម្រេចចិត្តនេះបានន័យថា ការប្រកួតរវាងក្រុម សេណេហ្គាល់ តទល់ក្រុមហូឡង់នៃពូល A នៅថ្ងៃទី២១ ខែវិច្ឆិកា និងការប្រកួតរវាង អង់គ្លេស ជួប អ៊ីរ៉ង់ក្នុងពូល B នឹងធ្វើក្រោយពេលការប្រកួតរបស់ក្រុមម្ចាស់ផ្ទះវិញ។
 
ចាប់តាំងឆ្នាំ ២០០៦ មក ប្រទេសអាល្លឺម៉ង់ជាម្ចាស់ផ្ទះ ​World Cup ត្រូវបាន ​FIFA តម្រូវឱ្យរៀបចំកម្មវិធីបើកការប្រកួតដំបូងនៃព្រឹត្តិការណ៍ ដោយកាលនោះអាល្លឺម៉ង់ បានឈ្នះក្រុម កូស្តារីកា ដោយលទ្ធផល ៤-២ ។ រីឯតាំងពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ២០០២ ការប្រកួតបើកឆាកដំបូងជាជំនួបរវាងក្រុមការពារតំណែងជើងឯកតែប៉ុណ្ណោះ៕
 

Tag:
 FIFA
  Qatar World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com