អន្តរជាតិ
ក្រុងប៉េកាំង និងក្រុងសេអ៊ូល មិនចុះសម្រុងគ្នាជុំវិញការពង្រាយប្រព័ន្ធខែលមីស៊ីលអាម៉េរិក
12, Aug 2022 , 4:34 pm        
រូបភាព
លោក ផាក ជីន_ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ជាមួយសមភាគីចិន លោកវ៉ាង យី (ខាងស្តាំ)។ រូបភាព៖ Xinhua
លោក ផាក ជីន_ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ជាមួយសមភាគីចិន លោកវ៉ាង យី (ខាងស្តាំ)។ រូបភាព៖ Xinhua
ភាពតានតឹងរវាងក្រុងប៉េកាំង និងក្រុងសេអ៊ូលបានកើនឡើងនៅក្នុងសប្ដាហ៍នេះ ក្រោយ កូរ៉េខាងត្បូងជំទាស់ការចង់បានរបស់ចិនដែលទាមទារមិនឱ្យបង្កើនចំនួនប្រតិបត្តិការប្រព័ន្ធ ប្រឆាំងមីស៊ីលបាលីស្ទិកអាម៉េរិក THAAD នៅកូរ៉េខាងត្បូង។ ចិនអះអាងថា កូរ៉េខាងត្បូងក្បត់ពាក្យសន្យាដែល​បានធ្វើឡើងកាលពីអាណាត្តិប្រធានាធិបតី លោក មូន ចេអ៊ីន។

 
អំឡុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក ផាក ជីន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីនៅទីក្រុង Qingdao ប្រទេសចិន នៅថ្ងៃទី៩ ខែសីហា ប្រព័ន្ធប្រឆាំងនឹងមីស៊ីល បាលីស្ទីកនៅកូរ៉េខាងត្បូង ជាប្រធានបទដ៏សំខាន់មួយដែលត្រូវបានលើកឡើងលើតុចរចារវាងភាគីទាំងពីរ។
 
អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី១០ ខែសីហា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្នុងជំនួប ភាគីទាំងពីរបានព្រមព្រៀងគ្នានឹងយកចិត្តទុកដាក់លើបញ្ហាបារម្ភរបស់ប្រទេសនីមួយៗ ហើយនឹងព្យាយាមគ្រប់គ្រងបញ្ហាដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យបញ្ហាទាំ ងនោះក្លាយជាឧបសគ្គសម្រាប់ទំនាក់ទំនងទ្វេភាគី។  
 
យ៉ាងណាមិញ អ្នកនាំពាក្យរូបនោះ បានសង្កត់ធ្ងន់ថា ភាគីចិនបារម្ភពីការដាក់ពង្រាយប្រព័ន្ធប្រឆាំងនឹងមីស៊ីល THAAD បន្ថែមទៀតនៅកូរ៉េខាងត្បូងដែលនឹងបង្កការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន។
 
នៅថ្ងៃដដែលនោះ ក្រសួងការបរទេសចិនបានអះអាងថា កូរ៉េខាងត្បូងធ្លាប់បានយល់ព្រម ក្នុងការកំណត់ចំនួនប្រតិបត្តិការប្រព័ន្ធប្រឆាំងមីស៊ីល THAAD នៅទីក្រុង Seongju។ បន្ថែម ពីនេះភាគីចិនសង្កត់ធ្ងន់ថា កូរ៉េខាងត្បូងក៏បានសន្យា អនុវត្តគោលការណ៍ហាមប្រាមចំនួន៣ ដែលរួមមាន គ្មានការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD បន្ថែមនៅកូរ៉េខាងត្បូង ការមិនចូលរួមនៅក្នុងបណ្តាញការពារមីស៊ីលដែលដឹកនាំដោយអាម៉េរិក និងការមិនចូលរួម នៅក្នុងសម្ព័ន្ធភាពយោធាត្រីភាគីជាមួយអាម៉េរិក និងជប៉ុន។ យ៉ាងណាមិញ ទីក្រុងសេអ៊ូបានឆ្លើយតបថា ខ្លួននឹងមិនធ្វើតាមការទាមទាររបស់ចិននោះ ឡើយ។
 
«រដ្ឋាភិបាលរបស់យើងបានបញ្ជាក់យ៉ាងច្បាស់ថា THAAD ជាឧបករណ៍ស្វ័យការពារដែល មានគោលបំណងការពារអាយុជីវិតនិងសុវត្ថិភាពរបស់ប្រជាជនយើងពីការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង និងបញ្ហាអធិបតេយ្យភាពដែលមិនអាចជាកម្មវត្ថុនៃការចរចាបាន»។ មន្ត្រីកូរ៉េខាងត្បូងម្នាក់បានប្រាប់អ្នកសារព័ត៌មានបែបនេះ ដោយចង់បញ្ជាក់ថា កូរ៉េខាងត្បូងនឹងមិនចរចាជាមួយចិនក្នុងការកាត់បន្ថយការប្រើប្រាស់ ប្រព័ន្ធប្រឆាំងមីស៊ីល THAAD នោះឡើយ។
ទាក់ទងនឹងគោលការណ៍ហាមប្រាមចំនួនបីខាងលើ មន្ត្រីកូរ៉េខាងត្បូងដដែលនោះ បានបន្តថា ការិយាល័យប្រធានាធិបតីមិនបានទទួលបានឯកសារពីរដ្ឋបាលមុនអំឡុងពេលអន្តរកាលនោះឡើយ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាប់ផ្ដើមប្រតិបត្តិការប្រព័ន្ធប្រឆាំងមីស៊ីល នេះ ក្នុងរយៈពេលដ៏លឿនដែលអាចនឹងចប់រួចរាល់នៅចុងខែសីហា។ 
 
គួរបញ្ជាក់ថា ប្រព័ន្ធប្រឆាំងនឹងមីស៊ីល THAAD ត្រូវបានដាក់ពង្រាយនៅកូរ៉េខាងត្បួងដំបូង ក្នុងឆ្នាំ ២០១៧ ទោះបីជាមានការតវ៉ាពីចិនដែលអះអាងថា ប្រព័ន្ធរ៉ាដារបស់ THAAD អាច កំណត់គោលដៅណាមួយនៅចិនក៏ដោយ៕ 
 

Tag:
 កូរ៉េខាងត្បូង
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com