ជាតិ
ការយល់ឃើញទៅលើធនធានធម្មជាតិ និងកំណើនសេដ្ឋកិច្ចតាមរយៈគុណតម្លៃព្រះពុទ្ធសាសនា
13, Aug 2022 , 8:49 am        
រូបភាព
ដោយ តេជានន្ទភិក្ខុ សាន ពិសិទ្ធិ 
 
នៅពេលដែលសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់ដោយគ្រាប់បែកបរមាណូ មនុស្សជាតិហាក់ដូចជាចាប់ផ្ដើមយល់ថា ការពង្រីកឥទ្ធិពលរបស់ខ្លួនតាមរយៈការប្រើប្រាស់កម្លាំង ដូចជាមិនសូវមានប្រសិទ្ធិភាពច្រើនទេ ព្រោះមោទនភាពរបស់ប្រទេសនីមួយៗ នៅក្នុងសហសវត្សរ៍សម័យថ្មីនេះ គឺការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ។ និយមន័យសេដ្ឋកិច្ចត្រូវបានបង្កើតឡើងដោយពឹងផ្អែកលើផ្នត់កំនិតនៃការបង្កើតគុណតម្លៃ ដែលគុណតម្លៃនោះភាគច្រើនត្រូវបានចំរេញចេញពីការបំប្លែងរូបធាតុផ្សេងៗដែលមាននៅក្នុងធនធានធម្មជាតិទៅជាផលិតផលនិងទំនិញផ្សេងៗ​ ដែលមនុស្សអាចដោះដូរទៅជាមាសប្រាក់នៅលើផ្សារបាន ដើម្បីបង្កើនទ្រព្យសម្បត្តិ លក្ខណៈជាបុគ្គល ជាក្រុមហ៊ុន និងជំរុញកំណើនសេដ្ឋកិច្ចលក្ខណៈជារួម។ 
ធម្មជាតិឬសត្វ ដែលមនុស្សសម័យដើមធ្លាប់គោរពឬចាត់ទុកថាជាសរណវត្ថុ និងទុកថាជាព្រះអាទិទេព ដូចជាព្រះធរណី ព្រះគង្គា ព្រះវាយោ ព្រះអគ្គី ព្រះគោ ព្រះស្វា ឬព្រះហនុមាន​ ជាដើម ក៏ត្រូវបានមនុស្សសម័យទំនើបចាត់ទុកថាត្រឹមតែជា «រូបធាតុដើម» ដែលពួកគេអាចយកទៅផលិតឱ្យចេញជា «ផលិតផលពាក់កណ្ដាលសម្រេច» ឬ «ផលិតផលសម្រេច» ក្នុងគោលបំណងជំរុញកំណើនឧស្សាហកម្ម និងបង្កើនទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះ។

 
ក្រុមមនុស្សដែលអាចបំប្លែងរូបធាតុដើមទាំងនោះបានច្រើន និងលឿនជាងគេ គឺអាចបង្កើនប្រាក់ចំណូលបានច្រើនជាងគេ​ ហើយត្រូវបានគេចាត់ទុកថាអ្នកមាន ឧកញ្ញ៉ា ឬសេដ្ឋីជាដើម។ ឬក៏អាចនិយាយជារួមថា ប្រទេសណាដែលមានក្រុមមនុស្សដែលអាចបំប្លែងរូបធាតុដើមទាំងនោះបានច្រើននិងលឿនជាងគេ គឺអាចបង្កើនចំណូលថវិកាជាតិបានច្រើន ត្រូវបានគេចាត់ទុកថាជាប្រទេសអ្នកមាន ឬជាប្រទេសមហាអំណាចសម័យថ្មី។ ការពង្រឹងជំនាញផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្នុងការបំប្លែងធម្មជាតិ ដើម្បីយកទៅបម្រើផលប្រយោជន៍របស់មនុស្ស ក្នុងគោលបំណងធ្វើឱ្យការរស់នៅរបស់មនុស្សមានភាពងាយស្រួលជាងមុន និងស្រួលជាងប្រទេសដទៃ គឺជាដំណើរអភិវឌ្ឍន៍សំខាន់របស់ប្រទេសនីមួយៗ នាបច្ចុប្បន្ន។
នៅក្នុងឆ្នាំ ១៩៣០ សូចនាករសេដ្ឋកិច្ច ឬរង្វាស់នៃការវាយតម្លៃទៅលើសកម្មភាពសេដ្ឋកិច្ច ដែលហៅថា ផលទុនសារុបផលិតផលក្នុងស្រុក ឬ GDP សម័យទំនើប ត្រូវបានបង្កើតឡើងដោយលោក Simon Kuznets សញ្ជាតិអាមេរិក ដើម្បីវាស់ស្ទង់តម្លៃរូបិយវត្ថុទំនិញ សេវាកម្មដែលកើតចេញពីសកម្មភាពនៃការ ផលិតនៅក្នុងរយៈពេលកំណត់ណាមួយ អាចជាត្រីមាស ឬប្រចាំឆ្នាំ។ ក្នុងរង្វាស់នេះ ការរីកចម្រើន GDP ប្រចាំឆ្នាំ គឺជាដំណឹងល្អ ទោះបីជាកំណើននោះកើតចេញពីការលក់អាវុធ ល្បែងស៊ីសង ការបូមប្រេងកាត ការកាប់បំផ្លាញធនធានធម្មជាតិ ឬការលក់គ្រឿងញៀនក៏ដោយ។ ជាក់ស្ដែង ដូចជាករណីអត្រាកំណើនសេដ្ឋកិច្ច ១០ ពាន់លានផោន ឬ ប្រមាណជាជិត១៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំនៃចក្រភពអង់គ្លេស ដែលកើតចេញពីការជួញដូរគ្រឿងញៀន និងពេស្យាកម្មនៅក្នុងឆ្នាំ ២០១៤ ជាដើម។ រីឯការធ្លាក់ចុះ GDP ជាដំណឹងអាក្រក់។ ជាដំណឹងអាក្រក់ដោយសារតែចំណូលពលរដ្ឋធ្លាក់ចុះ ឬនិយាយបែបម្យ៉ាងទៀតថា ប្រទេសនោះមិនទាន់ចេះបំប្លែងធនធានធម្មជាតិដែលខ្លួនមាន ឱ្យទៅជាទំនិញសម្រាប់ជួញដូរនៅលើទីផ្សារបានគ្រប់គ្រាន់នៅឡើយ។ ការធ្លាក់ចុះនៃកំណើន GDP ក្នុងឆ្នាំ២០២០នេះ ដោយសារជំងឺឆ្លងកូវីដ ១៩ Covid-19 និង ភាពតាន់តឹងផ្នែកនយោបាយនៅតាមតំបន់នានា គឺពិតជាដំណឹងនិងស្ថានភាពដ៏អាក្រក់សម្រាប់ពិភពលោកនា បច្ចុប្បន្ន។
 
 បន្តិចម្ដងៗ មនុស្សជាតិគិតថាកំណើនផលទុនជាតិសរុប គឺជាសញ្ញាតំណាងឱ្យភាពរីកចម្រើន មោទកភាពជាតិ និងជាប្រភពនៃវិបុលភាពសង្គម ដោយការពឹងផ្អែកលើការរីកចម្រើនសម្ភារៈទំនើបៗ។ ដូច្នេះហើយបានជាពួកគេ ព្យាយាមជំរុញអត្រាកំណើនផលទុនជាតិសរុប តាមរយៈការរីកចម្រើនផ្នែកសម្ភារៈនិយម ការបរិភោគនិងប្រើប្រាស់ឱ្យកាន់តែច្រើននិងខ្ពស់ តាមលទ្ធភាពដែលពួកគេអាចធ្វើបាន​ រួមទាំងការប្រមូលធនធានពីធម្មជាតិ និងប៉ះពាល់ដល់ការបាត់បង់ជម្រកសត្វគ្រប់ប្រភេទក៏ដោយ។  ចំណែកនាមធម៌ ឬរបស់ដែលមិនអាចមើលឃើញឬចាប់ដោយដៃបាន ដូចជាទស្សនវិទ្យា ការអប់រំ សុខភាពផ្លូវចិត្តតាមបែបសាសនា ការជជែកពិភាក្សាគ្នាប្រកបដោយបញ្ញា ការធ្វើឱ្យមនុស្សនៅជុំវិញខ្លួនសប្បាយចិត្ត ការស្រឡាញ់ធម្មជាតិ ការឱ្យអភ័យទានដល់ជីវិតសត្វ និងការចូលរួមកសាងសង្គមតាមរយៈការធ្វើវិភាគទានគំនិត គឺមិនត្រូវបានគេរាប់បញ្ចូលនៅក្នុងកំណើនសេដ្ឋកិច្ចទេ។ ជាឧទាហរណ៍ ខ្ញុំសរសេរអត្ថបទមួយឱ្យអ្នកអានដោយមិនយកតម្លៃសេវាកម្ម ការធ្វើបែបនេះមិនត្រូវបានគេចាត់ទុកថាជាសកម្មភាពដែលធ្វើឱ្យសេដ្ឋកិច្ចមានកំណើនធំដុំទេ ដោយសារតែវាគ្មានចរន្តចំណូលចំណាយនៅក្នុងប្រព័ន្ធសង្គម។
 
ខ្ញុំសុំបង្វែរអារម្មណ៍លោកអ្នកបន្តិច ដើម្បីមកសម្លឹងមើលគុណតម្លៃសេដ្ឋកិច្ចបែបពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋយើង។  ព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានបង្កើតសង្គមមួយដែលមានមូលដ្ឋាននៅលើគោលការណ៍   «មធ្យម» ឬ «មជ្ឈិមាបដិបទា» ឬ ភាពជាកណ្ដាល រវាងការឱ្យតម្លៃខ្លាំងទៅលើសម្ភារៈនិយម (កាមសុខល្លិកានុយោគ) និងភាពលំបាកនិយម (អត្តកិលមដ្ឋានុយោគ) ដើម្បីលុបបំបាត់សេចក្តីទុក្ខចេញពីជីវិត។ ព្រះអង្គយល់ថា សេចក្តីទុក្ខរបស់មនុស្សគឺមិនអាចត្រូវបានដោះស្រាយដោយការបង្កើនកំណើនទ្រព្យសម្បតិ្តតែម្យ៉ាងនោះទេ ឬបើនិយាយតាមភាសាសេដ្ឋកិច្ចថា ការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ចតែម្យ៉ាង មិនអាចធ្វើឱ្យប្រជាជនមានសេចក្តីសុខពេញលេញឡើយ។ ប្រព័ន្ធសេដ្ឋកិច្ចមួយដែលដំណើរការដោយពឹងផ្អែកលើភាពលោភលន់របស់មនុស្ស គឺប្រាកដណាស់ ភាពលោភលន់នោះមិនអាចធ្វើឱ្យមនុស្សមានអារម្មណ៍ថាគ្រប់គ្រាន់បានឡើយ ដែលការមិនគ្រប់គ្រាន់នេះឯង គឺជាប្រភពនៃបញ្ហាក្នុងវិស័យសេដ្ឋកិច្ច។ 
 
ព្រះពុទ្ធអង្គលោកបានសម្ដែងនៅក្នុងគាថាធម្មបទ ត្រង់ពុទ្ធវគ្គថា៖ ទោះបីជាមានប្រាក់កហាបណៈ(ទ្រព្យសម្បត្តិ) ធ្លាក់ចុះមកដូចទឹកភ្លៀងយ៉ាងណាក៏ដោយ ក៏មិនអាចធ្វើឱ្យចំណង់មនុស្សឆ្អែតស្កប់ស្កល់បានដែរ។ ព្រះអង្គពន្យល់ថា ចំណង់នេះធ្វើឱ្យមនុស្សមានសេចក្តីសុខតិចតួចណាស់ តែធ្វើឱ្យពួកគេមានសេចក្តីទុក្ខច្រើន។
 
ការលើកឡើងបែបនេះ មិនមានន័យថាព្រះពុទ្ធអង្គទ្រង់ឱ្យតម្លៃភាពក្រីក្រ ឬសរសើរលើទុគ៌តភាពនោះទេ។ ដូចដែលយើងធ្លាប់បានដឹងហើយថា ព្រះពុទ្ធអង្គទទួលស្គាល់ការស្រេកឃ្លានថាជាសេចក្តីទុក្ខរបស់ពិភពលោក។ បទពិសោធន៍៦ឆ្នាំ នៃការធ្វើទុក្ករកិរិយារបស់ព្រះអង្គ គឺល្មមគ្រប់គ្រាន់អាចប្រាប់យើងបានថា មនុស្សមិនអាចធ្វើចិត្តឱ្យសុខស្ងប់បាននោះទេ បើក្រពះរបស់ពួកគេកំពុងតែស្រេកឃ្លាននោះ។ អាហារអាចបំបាត់សេចក្តីទុក្ខគឺការស្រេកឃ្លានមួយរយៈពេលបាន ប៉ុន្តែវាមិនអាចផ្ដល់សេចក្តីសុខទាំងមូលដល់មនុស្សនោះទេ។ អត្រាកំណើនសេដ្ឋកិច្ចខ្ពស់ធ្វើឱ្យប្រជាជនមានសម្ភារៈទំនើបប្រើប្រាស់ច្រើន មានលុយកាក់ចាយវាយច្រើន មានអាហារហូបគ្រប់គ្រាន់ ប៉ុន្តែវាមិនអាចផ្ដល់សុភមង្គលជីវិតដល់ពលរដ្ឋទាំងស្រុងបានឡើយ ប្រសិនបើកំណើននោះវាកើតចេញពីការខ្ចីបុលធនាគារទៅទិញរបស់ទំនើបប្រើប្រាស់ ការបំផ្លាញធនធានធម្មជាតិ ឬកំណើនដែលបានមកពីការប្រើប្រាស់គ្រឿងញៀន។ល។ ជាដើមនោះ។
 
ព្រះពុទ្ធអង្គបានបង្រៀនមនុស្សឱ្យយល់ដល់កម្រិតមួយថា បើទោះបីជាពួកគេមានត្រឹមតែបាត្រមួយ និងស្បង់ចីវរ ឬខោអាវជាប់នឹងខ្លួនតែមួយឬពីរបន្លាស់ ក៏ពួកគេអាចទទួលបានអារម្មណ៍សុខស្ងប់ ឬគ្រប់គ្រាន់បានដែរ។ ពួកគេមិនចាំបាច់ទៅជីកកកាយរកសេចក្តីសុខស្ងប់ពីក្នុងដី ពីក្នុងទឹក ពីក្នុងខ្យល់ ពីក្នុងភ្នំ ឬក្នុងជីវិតសត្វដទៃនោះទេ។ វិថីជីវិតកណ្ដាលនិយមរបស់ព្រះពុទ្ធអង្គនេះ មិនបានបង្រៀនមនុស្សឱ្យក្រឬខ្ជិលនោះទេ ប៉ុន្តែបង្រៀនមនុស្សឱ្យចេះកំណត់នូវការលោភលន់ខ្លួន ដើម្បីបញ្ចៀសវិនាសកម្មដែលកើតចេញពីការលោភលន់នោះទៅលើសង្គម ធម្មជាតិ ឬជីវិតសត្វដទៃទៀត។ ដូច្នេះនិយមន័យនៃរីកចម្រើនរបស់ប្រជាជាតិនីមួយៗ មិនគួរត្រូវបានកំណត់ត្រឹមតែការរីកចម្រើនផ្នែករូបធម៌ សម្ភារៈ ផលទុនជាតិសរុប ឬ GDP តែម្យ៉ាងនោះទេ ប៉ុន្តែគួរតែងាកមកចាប់អារម្មណ៍លើនាមធម៌ តម្លៃគំនិត ទស្សនវិទ្យា សាសនា គុណធម៌ និងសុភមង្គលជីវិត ផងដែរ ថាតើក្នុងមួយឆ្នាំៗតម្លៃនៃនាមធម៌នោះ វាធ្លាក់ចុះឬងើបឡើងដល់កម្រិតណា។
 
ខ្ញុំសូមបញ្ចប់អំណះអំណាងរបស់ព្រះពុទ្ធអង្គ ដែលបានសម្តែងតាំងពីជាងពីរពាន់ឆ្នាំមកហើយនោះ ដោយសុំស្រង់យកនូវសុន្ទរកថាមួយ របស់លោក រូប៊ឺត អែហ្វ ខេនឌី (Robert F Kennedy) ដែលជា អគ្គព្រះរាជអាជ្ញាទី៦៤ នៃសហរដ្ឋអាមេរិក ដែលបានថ្លែងទៅកាន់និស្សិតនៅសាកលវិទ្យាល័យកានសាស (University of Kansas) នាឆ្នាំ ១៩៦៨ ដោយលោកបានរិះគន់ការកំណត់និយមន័យនៃការរីកចម្រើននៃប្រជាជាតិមួយដោយពឹងផ្អែកតែលើកកំណើនសេដ្ឋកិច្ច ជាពិសេសគឺសហរដ្ឋអាមេរិក ថា៖ 
 
ពួកយើងមិនគួរវាយតម្លៃសហរដ្ឋអាមេរិកនេះ ដោយផ្អែកតែលើកំណើនផលទុនជាតិសរុបឡើយ ពីព្រោះថាបើយើងធ្វើបែបនេះ យើងត្រូវតែទទួលស្គាល់ថា កំណើនទាំងនោះវាបានមកពីការបំពុលខ្យល់ ការផ្សព្វផ្សាយពាណិជ្ជកម្មបារី….ការបំផ្លាញសម្រស់ធម្មជាតិ…និងការផលិតអាវុធជាដើម។ល។ កំណើននេះ មិនបានរាប់បញ្ចូលភាពរណ្ដំពិរោះនៃព្យាង្គកំណាព្យរបស់យើង…..ភាពរឹងមាំនៃចំណងអាពាហ៍ពិពាហ៍របស់យើង…សុចរិតភាពនៃមន្ដ្រីបម្រើការសាធារណៈរបស់យើង….ឬបញ្ញានិងករុណាធម៌របស់យើងឡើយ។ល។ និយាយ ដោយខ្លីទៅ កំណើន GDP នេះ វារាប់បញ្ចូលអ្វីៗទាំងអស់ លើកលែងតែអ្វីដែលធ្វើឱ្យជីវិតយើងមានតម្លៃប៉ុណ្ណោះ (ដែលវាមិនអាចរាប់បញ្ចូលបាន)៕
 
តេជានន្ទភិក្ខុ សាន ពិសិទ្ធិ
សាកលវិទ្យាល័យ​ TalTech ក្រុងតាលីន, ប្រទេសអ៊ីស្តូនី, សហភាពអ៊ឺរ៉ុប 
ថ្ងៃសៅរ៍ ៩ កើត ខែស្រាពណ៏ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២២
 
 

Tag:
 ព្រះពុទ្ធសាសនា
© រក្សាសិទ្ធិដោយ thmeythmey.com