ជាតិ
«អាស្បូវ» ប្រលោមលោកដែលនាំអ្នក​អាន​ឆ្លងភពទៅកាន់​កម្ពុជានា​សតវត្សរ៍ទី១៦...
13, Aug 2022 , 10:50 am        
រូបភាព
ពីស្រុក​សៃវា តំបន់​ភ្នំជីសូរ្យ ទៅភូមិ​ត្រពាំងសេះ តំបន់អង្គរ រឿង​ «អាស្បូវ» បាន​បង្ហាញនូវទិដ្ឋភាព​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ នា​សម័យ​កណ្តាល ពោល​គឺ​ចន្លោះពីគ.ស.១៥៨២ ដល់​១៥៨៧។ ទោះបីស្នាដៃ​​កើត​ចេញពី​ការ​ប្រឌិត​ទាំងស្រុងក៏ដោយ ប៉ុន្តែ​នរវិទូ អាំង ជូលាន បាន​តាក់តែង​សាច់រឿង ដោយផ្អែកលើ​ការ​ស្រាវជ្រាវល្អិត​ល្អន់​ក្នុង​ប្រវត្តិសាស្ត្រ និង​សិលាចារឹក។

 
 
«អាស្បូវ» ជា​ប្រលោម​លោក​ទីពីរប៉ុណ្ណោះ​របស់​ លោក អាំង ជូលាន បន្ទាប់ពី​រឿង «សត្វលោក» ខណៈសំណេរភាគច្រើន​របស់​នរវិទូវ័យ​៧៣​ឆ្នាំរូបនេះ ជា​ការ​ស្រាវជ្រាវ​ក្នុង​វិស័យ​នរវិទ្យា និង​សិលាចារឹកខ្មែរបុរាណ។ ប្រលោមលោក​ប្រវត្តិសាស្ត្រ​កម្រាស់ជាង១២០ទំព័រនេះ ត្រូវបាន​បោះពុម្ពដោយ​គ្រឹះស្ថានបោះពុម្ព​ផ្សា Sipar កាលពីខែកុម្ភៈ ឆ្នាំ២០២២។
 
«អាស្បូ​វ» ជាតួអង្គ​មួយ​នៅ​ក្នុង​សាច់រឿង ហើយស្ថិតក្នុងចំណោម​មនុស្ស​៨នាក់ ដែល​បាន​ធ្វើ​ដំណើរពីតំបន់ភ្នំជីសូរ្យ ឆ្ពោះទៅ​កាន់ព្រះពិស្ណុលោក។ បើតាម​កំណត់ចំណាំ​របស់អ្នក​និពន្ធ «ព្រះពិស្ណុលោក» គឺ​សំដៅ​លើ​ប្រាសាទអង្គរវត្ត ដែល​គេ​ប្រើ​រហូត​ដល់​សតវត្សរ៍ទី​១៨។
 
សំណេរ​រៀបរាប់​ដ៏ប៉ិន​ប្រសប់​របស់នរវិទូ អាំង ជូលាន អាច​​ទាញអារម្មណ៍​អ្នក​អាន​ឲ្យស្លុង​​ចូល​ទៅ​កាន់​សតវត្សរ៍ទី១៦ ជាពិសេស​ការ​នឹកស្រមៃ​ដល់​ការធ្វើ​ដំណើរ​ផ្លូវឆ្ងាយតាមរទេះសាឡី ហើយ​បន្ត​ដោយទូកប៉ុក​ចាយ នៅលើ​ទន្លេសាប។ មធ្យោបាយ​ទាំងនេះ គឺ​ជា​ដំណើរ​ដែល​ដឹកនាំដោយ​អ្នកមាន​មុខ​មាត់ និងអ្នកមាន​ទ្រព្យធន​ ពោល​គឺ​ «ពញាសោម»។
 
សាច់រឿង​ បាន​បង្ហាញថា បើទោះបីជាព្រះនគរចាស់ «ព្រះពិស្ណុ​លោក» លែងជា​រាជធានីយូរមក​ហើយ​ក៏ដោយ ប៉ុន្តែ​បុរាណ​ស្ថាននេះ មិន​ត្រូវ​បាន​បោះបង់ចោលឡើយ ហើយ​នៅ​តែ​បន្តជានិមិត្ត​រូបនៃជាតិ​ខ្មែរ។ អ្នក​ពញា ស្ថិតក្នុងចំណោម​មនុស្ស​ជាច្រើន ដែលបាន​តាំងចិត្ត​ទៅសំពះ​ព្រះពិស្ណុលោក​ឲ្យ​ខាង​តែបាន ដើម្បីស្លាប់​ទៅវិញនឹង​បិទភ្នែកជិត។
 
​​ដំណើរ​រឿង​ «អាស្បូវ» ​មិនរៀបរាប់តែពី​ដំណើរវែងឆ្ងាយពី​ភ្នំជីសូរ្យ​​ទៅ​សំពះ​ព្រះពិស្ណុ​លោកនោះឡើយ ប៉ុន្តែ​អ្នក​និពន្ធ​បាន​បង្ហាញ​ទឹក​ចិត្ត​ដ៏ប្រពៃ​របស់ពញាសោម ដែល​ដឹកនាំ​ «ខ្ញុំ​បម្រើ» ៦នាក់​ ទៅ​ប្រោស​នៅមុខ​ព្រះ​ភក្ត្រ​ព្រះ​នៅ​នគរចាស់ ដើម្បី​ឲ្យពួក​គេ​រួច​ខ្លួន​បានទៅជាអ្នកជា (រួចជាព្រៃ) ឬ​និយាយ​ឲ្យ​ចំលែងមានឋានៈជាខ្ញុំ​បម្រើ។
 
​​មិន​ថានៅតំបន់​ភ្នំជីសូរ្យ នៅ​ព្រះពិស្ណុលោក ឬ​នៅតាម​ភូមិដ្ឋាននានាឡើយ រឿង «អាស្បូវ» ​បង្ហាញពី​តួនាទី​យ៉ាង​សំខាន់​របស់​វត្តអារាម ព្រះសង្ឃ ជាពិសេស​មេវត្ត ក្នុងសង្គម​ជាតិ។ សាច់​រឿង​បាន​ភ្ជាប់ពីអនុស្សាវរីយ៍អតី​តកាល​​របស់តួអង្គ «តាព្រះ» និង «ព្រះតេជគុណ​មេវត្តឥន្ទ្រ​ប្រាស្ឋ» ​ជាមួយ​នឹងព្រះករុណា​ «ព្រះចន្ទ្ររាជា»។
 
ក្រៅពីពិធី «ប្រោសខ្ញុំ» លោក អាំង ជូលាន ក៏បាន​រំលេច​ឲ្យឃើញពី​កិច្ចផ្សេងៗនៅព្រះពិស្ណុលោក​ផងដែរ ដូចជា កិច្ច​«ចងក្លើ» និង «កិច្ច​បំបួស» ជាដើម។  ជាមួយ​គ្នានេះ ពញាសោម បាន​ឧទ្ទិស​កុសល​ដែល​ខ្លួន​បាន​ធ្វើ ជូន​ភរិយាខ្លួន គឺ​ជំទាវ ហៀង ដែល​មិន​បាន​ទៅ​ដល់​នគរចាស់។
 
ការគោរព​ដឹង​គុណ តួនាទី​កូន​ស្រី​ក្នុងគ្រួសារ ភ្លើង​ស្នេហ៍​យុវវ័យ ស្នេហា​ត្រីកោណ ការនឹករលឹកគ្នា ជាដើម ក៏ជាឈុត​ឆាក​ដ៏ទាក់ទាញ​ផងដែរ ហើយ​ជាពិសេសទៀត អ្នក​និពន្ធ បាន​ដក​ស្រង់សំណេរដើម​ពី​​សិលា​ចារឹក​ អមដោយ​គំនូររូប​ភាព​ដ៏ទាក់ទាញ។ ការ​បក​ស្រាយ​ពីចម្លាក់ សិលា​ចារឹក និង​ប្រវត្តិសាស្ត្រនានា នៅ​ក្នុង​សាច់រឿង គឺ​ជាមគ្គុទ្ទេសក៍ដែលនាំអ្នកអានមើល​ឃើញ​ពីភាព​រស់​រវើក​នៃបុរាណ​ស្ថាន​អង្គរ...៕
 

លោកអ្នកអាចបញ្ជាទិញ ប្រលោមលោក «អាស្បូវ» និង​ស្នាដៃនិពន្ធផ្សេងទៀត ដោយទាក់ទង​លោក ហ៊ន ស៊ីណា តាម​រយៈលេខទូរសព្ទ ០១០ ៥៦៧ ៥០៥ ។
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com