សៀមរាប៖ រយៈពេល១១ឆ្នាំមកហើយ ដែលប្ដីប្រពន្ធជនជាតិអូស្រ្ដាលីមួយគូ បានបង្កើតអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាប។ បច្ចុប្បន្ននេះ មានសិស្សសរុប១០៥នាក់ហើយ ដែលទទួលបានអាហារូបករណ៍ និងឧបត្ថម្ភផ្សេងៗពីអង្គការ ដើម្បីសិក្សានៅថ្នាក់វិទ្យាល័យ មហាវិទ្យាល័យ និងថ្នាក់អនុបណ្ឌិត។ ពួកគេទាំងនោះ សុទ្ធសឹងជាសិស្សក្រីក្រ ខ្វះខាត មកពីទីជនបទតាមបណ្ដាស្រុកក្នុងខេត្តសៀមរាប និងខេត្តមួយចំនួនទៀត។
លោក Aviv Palti និងអ្នកស្រី Michelle ជាប្ដីប្រពន្ធជនជាតិអូស្រ្ដាលី និងជាប្រធានស្ថាបនិកអង្គការជឿជាក់លើសិស្សជនបទកម្ពុជា។ ប្ដីប្រពន្ធមួយគូនេះបានមកដល់ប្រទេសកម្ពុជាកាលពី១៣ឆ្នាំ ក្នុងនាមជាគ្រូបង្រៀនភាសាអង់គ្លេសស្ម័គ្រចិត្ត នៅស្រុកបន្ទាយស្រី។

ពិធីសម្ពោធស្នាក់ការថ្មីរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
«វាជាការត្រឹមត្រូវ ដែលថាយើងមកកម្ពុជាក្នុងនាមជាជនបរទេស តែពេលនេះយើងមានអារម្មណ៍ថា យើងមានគ្រួសារមួយនៅកម្ពុជា ខណៈពេលយើងមិនមានមរតករួមប្រវត្តិសាស្រ្ដក៏ដោយ បទពិសោធន៍ជីវិត យើងមានអារម្មណ៍ថា យើងជាគ្រួសារតែមួយ»។ នេះជាសំដីរបស់លោក Aviv ក្នុងពិធីសម្ពោធស្នាក់ការថ្មីរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប នាថ្ងៃទី៦ ខែសីហា។

សិស្សនិស្សិតដែលទទួលបានអាហារូបករណ៍ពីអង្គការជឿជាក់លើសិស្សជនបទកម្ពុជា នាថ្ងៃសម្ពោធស្នាក់ការថ្មីរបស់អង្កការជឿជាក់លើសិស្សជនបទកម្ពុជា។
ក្រោយបានជួបប្រាស្រ័យជាមួយសហគមន៍ និងមានភាពស្និទ្ធស្នាលជាមួយពួកគេ គ្រួសារជនជាតិអូស្រ្ដាលីមួយនេះ សម្រេចបង្កើតអង្គការនៅឆ្នាំ២០១១ ក្នុងបំណងជួយសិស្សនៅតាមជនបទ និងមានជីវភាពខ្វះខាតបានរៀនចប់ចុងចប់ដើម និងមានឱកាសធ្វើការងារក្នុងសង្គម។
អ្វីដែលពិសេសនោះ អង្គការនេះប្រើប្រាស់ធនធានសិស្សានុសិស្សដែលទទួលបានការឧបត្ថម្ភពីអង្គការ សម្រាប់ដឹកនាំ គ្រប់គ្រង និងដំណើរការអង្គការដោយផ្ទាល់។ លោក Aviv៖« គ្រួសាររបស់ពួកយើង បានជ្រើសរើសវិថីដ៏វែងឆ្ងាយក្នុងការណែនាំសិស្សពួកយើង ឱ្យគ្រប់គ្រងនូវអង្គការលំដាប់ថ្នាក់ពិភពលោករបស់ពួកយើង។ ការកសាងសមត្ថភាពត្រូវការមានការអប់រំជាលក្ខណៈផ្លូវការ ហើយនិងបទពិសោធន៍ការអនុវត្តជាក់ស្ដែង»។

អ្នកស្រី Michelle ឈរកាត់ខ្សែបូណ៍សម្ពោធស្នាក់ការថ្មីរបស់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា។
ប្រធានអង្គការជឿជាក់លើសិស្សជនបទកម្ពុជា លោក នៅ សុកល ដែលជាយុវជនដុះចេញពីសិស្សទទួលអាហារូបករណ៍ពីអង្គការ បាននិយាយថា អង្គការមួយនេះត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ ២០១១ ក្រោមចក្ខុវិស័យលុបបំបាត់ភាពក្រីក្រតាមរយៈការអប់រំ និងបណ្ដុះបណ្ដាល និងលើកកម្ពស់យុវជនឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។
លោក នៅ សុកល បន្តទៀតថា បច្ចុប្បន្នអង្គការបានផ្តល់អាហារូបករណ៍ពីរកម្រិត គឺកម្រិតមធ្យមសិក្សាទុទិយភូមិ និងកម្រិតឧត្តមសិក្សាដល់សិស្សខ្វះខាតមកពីជនបទចំនួន១០៥នាក់ ក្នុងនោះសិស្សវិទ្យាល័យ ១៦នាក់ (ប្រុស២នាក់) សិស្ស១៥នាក់ (ប្រុស២នាក់) កំពុងរៀនត្រៀមថ្នាក់ភាសាអង់គ្លេសចូលសាកលវិទ្យាល័យ។ និស្សិត៤៥នាក់ (ស្រី២៧នាក់) កំពុងសិក្សានៅថ្នាក់បរិញ្ញាបត្រនៅខេត្តសៀមរាប និងនិស្សិត ២៨នាក់ (ស្រី១៨នាក់) បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ ក្នុងនោះដែរ និស្សិត២៧នាក់ទៀត កំពុងបន្តថ្នាក់អនុបណ្ឌិតនៅរាជធានីភ្នំពេញ និងនិស្សិតស្រី១នាក់ កំពុងបន្តការសិក្សានៅសាកលវិទ្យាល័យអារីហ្សូណា សហរដ្ឋអាមេរិក។
តាមការបញ្ជាក់ពីប្រធានអង្គការ សិស្សនិសិ្សតទាំងអស់មកពីបណ្ដាស្រុកទាំង១២ក្នុងខេត្តសៀមរាប និងខ្លះមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ កំពង់ចាម ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង និងបន្ទាយមានជ័យ។
ក្នុងពិធីសម្ពោធស្នាក់ការអង្គការនៅដើមខែ សីហា នោះដែរ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្រ្ដា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អង្គការ ពិសេសផ្តល់ឱកាសការសិក្សាដល់សិស្សដែលមានជីវភាពខ្វះខាត។ សម្រាប់លោក នេត្រ ភក្រ្ដា គ្រួសារជនជាតិអូស្រ្ដាលីខាងលើនេះ បានលះបង់ច្រើនដើម្បីជួយប្រជាជនកម្ពុជា ជួយសិស្សក្រីក្រនៅតាមជនបទ ឱ្យមានការអប់រំ និងអនាគតល្អ។
បន្ថែមពីនេះ លោក នេត្រ ភក្រ្ដា ក៏សូមឱ្យអាណាព្យាបាលបន្តលើកទឹកចិត្តឱ្យកូនៗរៀនសូត្ររហូតដល់ចប់ ត្រូវស៊ូលំបាកមួយរយៈខ្លី ដើម្បីឱ្យកូនៗមានអនាគតល្អ និងវែងឆ្ងាយ៕