កីឡាជាតិ
ជាតិ
លីគ២៖ សៀមរាប អេហ្វស៊ី ពិបាកត្រៀមខ្លួនដើម្បីជួប ណិចស្ដិប
14, Aug 2022 , 7:59 am        
រូបភាព
ការហ្វឹកហាត់របស់ក្រុមសៀមរៀប អេហ្វស៊ី មុនពេលប្រកួត រូបពីក្លិបសៀមរាប
ការហ្វឹកហាត់របស់ក្រុមសៀមរៀប អេហ្វស៊ី មុនពេលប្រកួត រូបពីក្លិបសៀមរាប
លោក Blaed Perkins ប្រធានក្លិបសៀមរាបអេហ្វស៊ី ចាត់ទុកការប្រកួតជាមួយ ណិចស្ដិបជើងទី២នេះ នឹងមានភាពតានតឹង ដោយសារភាពមមាញឺក ក្នុងការប្រកួត និងបញ្ហារបួសកីឡាករសំខាន់ៗ។ ក្រុមទាំងពីរនេះ ត្រូវជួបគ្នា នៅកីឡដ្ឋានហុនមាន វេលាម៉ោង៣:៤៥ រសៀល នាថ្ងៃទី១៤ ខែសីហា ក្នុងក្របខ័ណ្ឌលីគ២ កម្ពុជា។ ការប្រកួតនៅសប្ដាហ៍ទី១៥ មាន៥គូផ្សេងទៀត ក្នុងពេលដដែលនេះ​។

 
ក្រុម ដែលមានទីតាំងនៅខេត្តសៀមរាបទាំង២នេះ នឹងត្រូវជួបគ្នានៅកីឡដ្ឋានហនុមាន នៅថ្ងៃទី១៤ ខែសីហា។ លោក Blaed Perkins បានប្រាប់សារព័ត៌មានថ្មីៗតាមតេលេក្រាមថា៖«យើង ពិបាកក្នុងការត្រៀមខ្លួនបន្ដិច ព្រោះយើង មមាញឺកក្នុងការប្រកួត ហើយកីឡាករ មិនសូវបានសម្រាក និងរបួសកីឡាករ សំខាន់ៗមួយចំនួនទៀត។»។ 
 
ប្រធានក្លិបរូបនេះ បានបន្ថែមថា ក្រុមសៀមរាប ត្រូវធ្វើដំណើរញឺកញាប់ ហើយមានចម្ងាយឆ្ងាយទៀត ដូចនេះ កីឡាករ ក៏ធ្លាក់កម្លាំងខ្លះ។ លោក Blaed Perkins មិនទាន់ហ៊ានដាក់ការរំពឹងខ្ពស់ចំពោះការឈ្នះ ក្រុមណិចស្ដិប ១០០ភាគរយទេ ប៉ុន្ដែលោក គ្រាន់តែសង្ឃឹមថា ក្រុមអាចធ្វើបានល្អ ដូចការប្រកួតមុនៗ។ 
 
ជំនួបជើងទីមួយ សៀមរាប អេហ្វស៊ី បានឈ្នះ ណិចស្ដិប ក្នុងលទ្ធផល១-០ នៅទីលានបាល់ទាត់ខេត្តសៀមរាប។ ដោយឡែក ការត្រៀមខ្លួនរបស់ក្រុមណិចស្ដិប យ៉ានណានោះ សារព័ត៌មានថ្មីៗ មិនទាន់ទទួលការឆ្លើយតបពីលោក Charlie គ្រូបង្វឹករបស់ក្លិបនេះបានទេ។ 
 
ក្នុងពេលទន្ទឹមគ្នានេះ អគ្គីសនីកម្ពុជា ត្រូវ នគរបាលជាតិ ឲ្យស្គាល់រសជាតិចាញ់ លើកដំបូងក្នុងលីគ២ ក្នុងលទ្ធផល២-១ ហើយត្រូវជួបជាមួយ ISI ដង្កោសែនជ័យ នៅកីឡដ្ឋាន Cambodian Airway។ ISI ដង្កោសែនជ័យ ក៏ជាក្រុមមួយមានកម្រិតខ្ពស់ដែរ នៅក្នុងលីគ២ ដោយឈរលេង៣បណ្ដោះអាសន្ន បន្ទាប់ពី កោះកុងអេហ្វស៊ី។ តើក្រុមនេះ អាចឲ្យ អគ្គីសនីកម្ពុជា ស្គាល់បរាជ័យលើកទី២ទេ?  ចំណែក កោះកុង អេហ្វស៊ី ត្រូវស្វាគមន៍ នគរបាលជាតិ នៅទីលានបាល់ទាត់វិទ្យាល័យតេជោសែន កោះកុង ខណៈពេល អាស៊ីអឺរ៉ុបយូណាយធីត ជួប សូលទីឡូអង្គរ នៅកីឡដ្ឋាន AEU Sport Park។ រីឯនៅទីលានវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន មេមត់ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ ត្រូវប្រកួតជាមួយ ព្រៃវែង ស្របពេល សាលាកីឡាបាល់ទាត់ជាតិ ប៉ះជាមួយ បន្ទាយមានជ័យ អេហ្វស៊ី នៅទីលានសាលាកីឡាបាល់ទាត់ជាតិ។
 
គិតត្រឹមសប្ដាហ៍ទី១៤ ក្រុមអគ្គីសនីកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ មាន៣៥ពិន្ទុ តាមពីក្រោយដោយ កោះកុងអេហ្វស៊ី មាន៣២ពិន្ទុ និងលេខ៣ ISI ដង្កោសែនជ័យ មាន២៩ពិន្ទុ។ ដោយឡែក ក្រុមបន្ទាយមានជ័យ ស្ថិតនៅបាតតារាង និងនៅពីលើដោយក្រុម ណិចស្តិបមាន៦ពិន្ទុ៕ 
 

Tag:
 បាល់ទាត់
  League 2
© រក្សាសិទ្ធិដោយ thmeythmey.com