អន្តរជាតិ
ក្រសួងការបរទេសតៃវ៉ាន់ អរគុណអាម៉េរិកដែលបានជួយការពារសន្ដិសុខនៅច្រកសមុទ្រតៃវ៉ាន់
13, Aug 2022 , 8:29 pm        
រូបភាព
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ AFP
លោកស្រី Tsai Ing-wen ប្រធានាធិបតីតៃវ៉ាន់។ រូបភាព៖ AFP
ក្រោយអាម៉េរិកបានបញ្ជាក់ថាខ្លួននឹងនៅតែបន្តវត្តមាននៅច្រកសមុទ្រកោះតៃវ៉ាន់ដើម្បីរក្សា ស្ថិរភាព ក្រសួងការបរទេសតៃវ៉ាន់ បានសម្ដែងការអរគុណចំពោះអាម៉េរិកដែលបានជួយរក្សា សន្តិសុខនៅតំបន់មួយនេះ។ បើតាមរដ្ឋាភិបាលក្រុងតៃប៉ិ សកម្មភាពគំរាមកំហែងរបស់ចិន បានធ្វើឱ្យបណ្ដាប្រទេសប្រជាធិបតេយ្យកាន់តែរួបរួមគ្នាថែមទៀត។

 
បញ្ហាកោះតៃវ៉ាន់ បានក្លាយជាប្រធានបទដ៏ចម្រូងចម្រាសខ្លាំង ចាប់តាំងពីទស្សនកិច្ចរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅក្រុងតៃប៉ិ។ ទាក់ទិននឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិកបែបនេះ មន្ត្រី​សម្រប​សម្រួលតំបន់​ឥណ្ឌូ-​ប៉ាស៊ីហ្វិ​អាម៉េរិក លោក Kurt Campbell នៅថ្ងៃទី១២ ខែសីហា បានលើកឡើងថា ចិនបានប្រតិកម្មហួសហេតុលើដំណើរទស្សនកិច្ចរបស់ លោកស្រីផេឡូស៊ីទៅកាន់តៃវ៉ាន់ ហើយក៏បានប្រើ ដំណើរទស្សនកិច្ចនេះជាលេស ដើម្បីផ្លាស់ប្តូរស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់តែប៉ុណ្ណោះ។ លោក Kurt បានបន្ថែមថា អាម៉េរិកនឹងបន្តវត្តមានរបស់ខ្លួននៅច្រកសមុទ្រតៃវ៉ាន់ដើម្បីជួយរក្សាស្ថិរភាពនៅតំបន់មួយនេះ។
 
ជាការឆ្លើយតបនឹងការប្ដេជ្ញាចិត្តរបស់អាម៉េរិកក្នុងសេចក្ដីថ្លែងការណ៍មួយក្រសួងការបរទេសតៃវ៉ាន់នៅថ្ងៃទី១៣ ខែ សីហា បានសម្ដែងការដឹងគុណដោយស្មោះចំពោះអាម៉េរិកដែល ចាត់សកម្មភាពជាក់ស្តែងដើម្បីរក្សាសន្តិសុខនិងសន្តិភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់និងតំបន់។
 
សេចក្ដីថ្លែងការណ៍ដដែលនោះក៏បានបន្តថា ការបំភិតបំភ័យផ្នែកយោធា និងសេដ្ឋកិចរបស់ ចិន បានពង្រឹងការរួបរួម និងភាពរឹងមាំនៃបណ្ដាប្រទេសប្រជាធិបតេយ្យលើពិភពលោកបន្ថែមទៀត។
 
យ៉ាងណាមិញ កាលពីថ្ងៃទី១២ ខែសីហា ប្រធានាធីបតីតៃវ៉ាន់លោកស្រី Tsai Ing-wen បាន បញ្ជាក់ថា ការគម្រាមកំហែងនៃកម្លាំងរបស់ចិនគឺមិនមានការថយចុះទេ បើទោះបីជាសមយុទ្ធ យោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ទីក្រុងប៉េកាំងនៅជុំវិញកោះនេះហាក់ដូចជាមានការថយចុះក៏ដោយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com