ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
សិស្សឈប់ច្រើន នាយកបឋមសិក្សាក្បាលរមាស ស្នើអាណាព្យាបាលឱ្យជួយតាមដានការសិក្សាកូនៗបន្ថែម
14, Aug 2022 , 8:59 am        
រូបភាព
ដោយ៖ យុវជនឃុំត្រពាំងសង្កែ

ស្រុកទឹកឈូ,កំពត៖ សាលាបឋមសិក្សាក្បាលរមាស ជាថ្នាលបណ្តុះបណ្តាលដល់កុមារមួយ​ក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ បឋមសិក្សានេះ មានសិស្សសរុបចំនួន៣៩០នាក់ ចាប់ពីមតេយ្យ ដល់ថ្នាក់ទី៦។ ទោះការរីករាលដាលនៃជំងឺកូវីដ-១៩ បានធូរស្បើយ តែលោកនាយកសាលាសង្កេតឃើញថា សាលានៅតែប្រឈមនឹងបញ្ហាឈប់ញឹកញាប់ ទាំងសិស្សតូច រហូតដល់សិស្សធំៗ។ ហេតុនេះ ទើបលោកនាយក ស៊ីវ ប៊ូន សំណូមពរអាណាព្យាបាល ឱ្យជួយជំរុញកូនៗមកសាលា និងតាមដានការសិក្សារបស់កូនផងដែរ។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោក-អ្នកនាង ទស្សនាវីដេអូខាងក្រោម៖
 
 
បឋមសិក្សាក្បាលរមាស ទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់ពីលោកនាយក ស៊ីវ ប៊ូន ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសណ្ដាប់ធ្នាប់ក្នុងបរិវេណសាលា។ ទោះបច្ចុប្បន្ន ឥទ្ធិពលអាក្រក់នៃបារីអេឡិចត្រូនិកកំពុងបំពុលយុវជនក្តី តែបឋមសិក្សាក្បាលរមាសមិនមានសិស្សានុសិស្សប្រើប្រាស់ឡើយ។ 

យុវជនឃុំត្រពាំងសង្កែ ជួបសម្ភាសលោក ស៊ីវ ប៊ូន នាយកសាលាបឋមសិក្សាក្បាលរមាស។ រូបភាព៖ ហុង ស្រីណា 
 
ផ្ទុយទៅវិញ លោកនាយកមានការព្រួយបារម្ភចំពោះវត្តមានសិស្ស ដែលខកខានមកសិក្សា។ ការណ៍នេះបានក្លាយជាក្តីបារម្ភសម្រាប់លោក ស៊ីវ ប៊ូន អំពីការសិក្សារបស់សិស្ស ដ្បិតខ្លួនមិនអាចតាមដានសិស្សនៅក្រៅសាលាបាន។ កត្តានេះ បានធ្វើឱ្យលោកទាមទារការចូលរួមពីអាណាព្យាបាលសិស្សដូច្នេះថា៖ «សាលាសុំសំណូមពរឱ្យមានការសហការពីអាណាព្យាបាល ព្រោះសាលាកំពុងប្រឈមនឹងបញ្ហាសិស្សឈប់ញឹកទាំងសិស្សតូចរហូតដល់សិស្សធំ»។ លោកបានបញ្ជាក់ថា បញ្ហានេះកើតឡើងតាំងពីរៀនតាមប្រព័ន្ធអេឡិចត្រូនិក(online) អំឡុងពេលជំងឺកូវីដ-១៩រីករាលដាលមកម្ល៉េះ៕
 
 
 

លោក ស៊ីវ ប៊ូន នាយកសាលាបឋមសិក្សាក្បាលរមាស។ រូបភាព៖ ហុង ស្រីណា 



អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 

 

© រក្សាសិទ្ធិដោយ thmeythmey.com