ជាតិ
ក្រសួងអប់រំដាក់ឱ្យប្រើប្រាស់ទស្សនាវដ្តីកម្ពុជា ដើម្បីស្រាវជ្រាវវិទ្យាសាស្ត្រ និងស្ទែម
14, Aug 2022 , 11:35 am        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ រូបពីក្រសួង
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ រូបពីក្រសួង
ដោយ៖ ចៀន​និតា

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំដាក់ឱ្យប្រើប្រាស់ទស្សនាវដ្តីស្រាវជ្រាវអប់រំ លើមុខវិជ្ជាស្ទែម និងផ្នែកវិទ្យាសាស្រ្ត ដើម្បីជាជំនួយស្មារតីដល់ការសិក្សារបស់សិស្ស និងបញ្ញវ័ន្ត រួមទាំងលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធបន្ថែមទៀត។ ទស្សនាវដ្ដីកម្ពុជាសម្រាប់ការស្រាវជ្រាវអប់រំ និងស្ទែម មានឈ្មោះជាភាសាអង់គ្លេស(Cambodian Journal of STEM and Education Research CJSER)។


 
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រនេះ នឹងបោះពុម្ភផ្សាយអត្ថបទក្នុងស្រុកជាភាសាខ្មែរនេះ ដែលជាការចូលរួមចំណែកបន្ថែមក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនៃការស្រាវជ្រាវនៅកម្ពុជា។ 
 
រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាកថា ៖«ទស្សនាវដ្តីកម្ពុជាសម្រាប់ការស្រាវជ្រាវអប់រំ និងស្ទែម (Cambodian Journal of STEM and Education Research) ត្រូវបានបង្កើតឡើងជាទម្រង់អត្ថបទវិទ្យាពិត វិទ្យាសាស្ត្រសង្គម និងសង្ខេបគោនយោបាយក្នុងគោលបំណងលើកកម្ពស់ការស្រាវជ្រាវនៅកម្ពុជា»។

បើតាមលោក ហង់ ជួន ណារ៉ុន ទស្សនាវដ្តីនេះ នឹងបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវផ្នែកអប់រំ និងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ជាភាសាខ្មែរ ការអប់រំស្ទែម(កម្មវិធីសិក្សា ការរៀន និងបង្រៀន និងការវាយតម្លៃការសិក្សា) កម្មវិធីវិទ្យាសាស្ត្រ (វិធីសាស្ត្រជលផល វិទ្យាសាស្ត្រព្រៃឈើ វិស្វកម្មកសិកម្មវិទ្យាសាស្ត្រអាហារ និងការកែច្នៃ មីក្រូវិទ្យា និងជំងឺ ជំងឺឆ្លងពីសត្វមកមនុស្ស ការបង្កាត់ពូជ និងសេនេទិច ជំងឺរុក្ខជាតិ វេជ្ជសាស្ត្រសត្វ ផលិកម្មសត្វ ការរំលាយអាហារ និងការផ្តល់ចំណីសត្វ) ។

ក្រៅពីនេះ ក៏បោះពុម្ភផ្សាយពីកសិកម្មឆ្លាតវៃសាកវប្បកម្ម បច្ចេកវិទ្យាជីវសាស្រ្ត និងការគ្រប់គ្រងចំការ បច្ចេកវិទ្យាក្រោយការប្រមូលផល ការបង្កើតផលិតផល ឬបច្ចេកវិទ្យាថ្មី ការរកវិធីសាស្ត្រនិងម៉ូដែលថ្មី ឬទ្រីស្តីថ្មី បច្ចេកវិទ្យាអភិវឌ្ឍបៃតង ក្នុងវិស័យបរិស្ថានដើម្បីបង្កើនធនធាន និងគាំទ្រការសិក្សាស្រាវជ្រាវរបស់និស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវខ្មែរ ។ ជាពិសេសលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណ: និងឯកជនជាពិសេសអ្នកស្រាវជ្រាវទាំងអស់ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវប្រកបដោយគុណភាព និងបោះពុម្ភអត្ថបទជាភាសាមានលក្ខណៈវិទ្យាសាស្ត្រជាភាសាខ្មែរ ។ នេះបើតាមលោក ហង់ ជួន ណារ៉ុន។

លោករដ្ឋមន្រ្តីអប់រំ បានបន្ថែមថា មុននឹងទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្ត្រ និងស្ទែម បោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវក្នុងវិស័យអប់រំ ត្រូវឆ្លងកាត់ការត្រួតពិនិត្យពីអ្នកជំនាញ (Peer Review)។ បើតាមក្រសួងអប់រំការបោះពុម្ពទស្សនាវដ្តីឆ្នាំទី១ លេខ១ នៅខែ ធ្នូ ឆ្នាំ២០២២។

«ទស្សនាវដ្តីនេះ ទទួលបោះពុម្ពអត្ថបទថ្មីៗដែលមិនទាន់បានបោះពុម្ពនៅកន្លែងផ្សេងទោះជាក្នុងភាសាណាក៏ដោយ  រួមមានអត្ថបទស្រាវជ្រាវ (Original articles) វិវេចនាអត្ថបទ (Review articles) សង្ខេបគោលនយោបាយ (Policy brief) និងអត្ថបទទំនាក់ទំនងខ្លីៗ (Short communications)។ ទស្សនាវដ្តីនេះដែរ និងបោះពុម្ពផ្សាយតាមរយ:ប្រព័ន្ធអនឡាញ តាមបែបបើកចំហ(Open Access)ទទួលអត្ថបទពេញមួយឆ្នាំ ដើម្បីពិនិត្យមុនបោះពុម្ព និងធ្វើការបោះពុម្ព២លេខ នៅខែមីនា និងកញ្ញា ជារៀងរាល់ឆ្នាំ»។  នេះបើតាមក្រសួងអប់រំ៕

Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com