កីឡាអន្តរជាតិ
អន្តរជាតិ
AFF នឹងចាប់ឆ្នោតការប្រកួត AFF Mitsubishi Electric Cup 2022 នៅចុងខែសីហា
15, Aug 2022 , 8:59 am        
រូបភាព
ពាន Mitsubishi Electric Cup 2022។ រូបពី AFF Mitsubishi Electric Cup
ពាន Mitsubishi Electric Cup 2022។ រូបពី AFF Mitsubishi Electric Cup
សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (Asean Football Federation ឬ AFF) នឹងចាប់ឆ្នោតនៃការប្រកួត AFF Mitsubishi Electric Cup 2022 នាថ្ងៃទី៣០ ខែសីហានេះ វេលាម៉ោង៣:០០រសៀល នៅប្រទេសថៃ។


 
ជាមួយម្ចាស់ឧបត្ថម្ភថ្មី ព្រឹត្តិការណ៍នេះ មានប្រទេសចូលរួមចំនួន១០។ ការប្រកួតនេះ ក៏ត្រូវរាប់បញ្ចូលថា ជារដូវកាលទី១៤ផងដែរ នៃព្រឹត្តិការណ៍បាល់ទាត់ក្នុងតំបន់អាស៊ាន ដែលធ្វើរៀងរាល់២ឆ្នាំម្ដង ដោយគិតតាំងពីឆ្នាំ១៩៩៦មក។ ប៉ុន្ដែ ចាប់ពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២០ ព្រឹត្តិការណ៍នេះ មានឈ្មោះថា AFF Suzuki Cup ព្រោះក្រុមហ៊ុន Suzuki ជាម្ចាស់ឧបត្ថម្ភ។ AFF បានប្រកាសព័ត៌មាននេះ មកAFF Mitsubishi Electric Cup  ជាផ្លូវការ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
 
ការចាប់ឆ្នោតនៃការប្រកួតជាផ្លូវការ នឹងធ្វើនៅទីក្រុងបាងកក ប្រទេសថៃ ដោយនឹងចែកចេញជា២ពូល ក្នុងមួយពូលមាន៥ក្រុម។ ក្រុមនីមួយៗ ត្រូវប្រកួតក្នុងដី ២លើក និងក្រៅដី២លើក សម្រាប់វគ្គជម្រុះក្នុងពូល។ លេខ ១ និង លេខ២ប្រចាំពូល នឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
 
៩ប្រទេស ត្រូវចាប់ឆ្នោតរួមមាន កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និង វៀតណាម។ ដោយឡែក ព្រុយណេ និង ទីម័រខាងកើត ត្រូវប្រកួតក្នុងវគ្គជម្រុះដំបូង (Primary Stage)ដើម្បីបានកៅអីក្នុងពូល ជាគម្រប់១០ប្រទេសប្រកួត។
 
លោក ខៀវ សាមេត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បាននិយាយថា ៖«យើង ជឿជាក់ថា អ្នកគាំទ្រ ហើយក្រុមជម្រើសជាតិទាំងអស់ នឹងចែករំលែកនូវការចាប់អារម្មណ៍របស់ពួកយើង។ ការចាប់ឆ្នោត នឹងចាប់ផ្តើមការកសាងឡើងទៅកាន់ការប្រកួតបាល់ទាត់ដ៏ធំបំផុត ក្នុងតំបន់ដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ។»។
 
គួរបញ្ជាក់ផងដែរថា ការប្រកួត AFF Mitsubishi Electric Cup 2022 នឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ ចំពោះព័ត៌មានលម្អិតពីការប្រកួតយ៉ាងណានោះ ខាងសហព័ន្ធកីឡាបាល់ទាត់អាស៊ានមិនទាន់បានបញ្ជាក់នៅឡើយទេ៕
 

Tag:
 បាល់ទាត់
  AFF
  AFF Mitsubishi Electric Cup)
© រក្សាសិទ្ធិដោយ thmeythmey.com